ក្រុមហ៊ុន​ហ្វេសប៊ុក​ប្រាកដជាមិន​អាច​វ៉ា​ដាច់បច្ចេកវិទ្យា​ចិន​បានទេ ប្រសិន​បើ​ក្រុម​ហ៊ុន​ហ្វេសប៊ុក​បំបែកខ្លួន​

កាល​ពីពេលថ្មីៗនេះ ក្រោយពីមានការ​ប្រកាស​ពីធ្វើកំណែរទម្រង់​ស៊ីជម្រៅទៅលើ Facebook ​របស់ នាយកប្រតិបត្តិវ័យក្មេង​ Mark Zuckerberg និង​មាន​បញ្ហាកើត​ឡើង​ឥតស្រាកស្រានមក ស្រាប់តែសហស្ថាបនិកដំបូង​របស់ក្រុមហ៊ុន Facebook លោក Chris Hugh បាន​ធ្វើការ​លើកឡើង​ថា​ចង់ឱ្យមានការ​បំបែក​ក្រុមហ៊ុន Facebook ដោយឱ្យ Instagram, Whatsapp ជាដើមនៅឯករាជ្យដូចកាលពីមុន។

ប៉ុន្តែចំពោះការលើកឡើង​នេះត្រូវបាន ប្រធាន​ខាង​ផ្នែក​ប្រតិបត្តិការ​អ្នកស្រី Shreyl Sandberg បាន​ធ្វើការ​លើកឡើង​ថា​ការ​ធ្វើដូច្នោះ​ប្រៀបដូចជា​ការ​បើកដៃឱ្យ​បណ្ដាញសង្គម​របស់ចិនវ៉ាដាច់អាមេរិក និង​វាយលុកទីផ្សារ​ខាង​ផ្នែកបណ្ដាញសង្គមដូច្នោះឯង ខណៈដែលបណ្ដាញសង្គមនៅឯប្រទេសចិននោះគ្មានគម្រោង​ណាដែលថា​គេនឹង​បំបែកនោះឡើយ។

សម្រាប់ឥឡូវ​នេះ Facebook បានវ៉ាដាច់ប្រទេស​ចិន ទៅលើបណ្ដាញសង្គម ប៉ុន្តែបណ្ដាញសង្គមនៅចិន​វិញក៏កំពុង​តែរីកសាយភាយ​ចេញមកដែរ ហើយមាន​អ្នកប្រើប្រាស់ខ្ទង់​រយៗលាននាក់ទៀត​ផង ហើយបើមាន​ការ​បែកខ្ញែក​អ្នកប្រើប្រាស់​ទៅតាមផ្លេត​ហ្វមផ្សេងៗគ្នារបស់ Facebook ដូចជា Instagram ផ្សេងទៅ WhatsApp ផ្សេងទៅនោះអាច​នឹង​ឱ្យបណ្ដាញសង្គមចិនវ៉ាដាច់​ជាក់ជាមិនខាន។

ឯការលើកឡើង​របស់ សហស្ថាបនិករបស់ Facebook លោក Chris វិញគាត់ចង់ឱ្យផ្លេត​ហ្វម Facebook រួមត្រូវ​បែក​ខ្ញែកគ្នាដូចកាលពីមុនក៏ព្រោះតែ Facebook សព្វថ្ងៃនេះ​មានអំណាច​ខ្លាំង​ទៅលើបណ្ដាញសង្គម ហើយអំណាច​នោះត្រូវ​បាន​ Mark Zuckerberg គ្រប់គ្រង​ភាគច្រើន ក៏ព្រោះតែភាគហ៊ុនរបស់សេដ្ឋីវ័យក្មេង​នោះមានច្រើន​នៅក្នុង Facebook។ ហេតុនេះហើយការចង់បំបែក Facebook នេះមិនងាយ​នឹង​កើតឡើង​ឡើយ ហើយបើកើត​ឡើង​មែនទាល់តែ​ស្ថានការ​ណ៍របស់ Facebook អាក្រក់មែនទែនដែលចាំបាច់​រហូតដល់សភា​អាមេរិក​កោះហៅ ឬបញ្ជាផ្ទាល់តែម្ដង។

គូសបញ្ជាក់ថាសម្រាប់ Facebook ក្នុង​រយៈកាលចុងក្រោយនេះមានរឿង​ច្រើនឥតល្ហែររហូតដល់ Mark ត្រៀមលុយ​រហូតដល់ទៅ៥ពាន់លានដុល្លារចាំបង់​ឱ្យតុលាការ​ទៀត ហើយរឿង​រ៉ាវ​ដែលកើត​ឡើង​ភាគច្រើនពាក់ព័ន្ធ​ទៅនឹង​​ភាពឯកជនរបស់អ្នកប្រើប្រាស់ និង​បញ្ហាទិន្នន័យ អ៊ីម៉ែលជាដើម៕