អ្នក​វិនិយោគគិន​ចិន​នឹងចូលមក​ខេត្ត​ព្រះសីហនុ​កាន់តែច្រើនឡើង​ថែម​ទៀត ក្រោយ​កិច្ច​ប្រជុំជាមួយអភិបាលខេត្ត​

មន្ត្រី​នៃ​សហ​ព័ន្ឋឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ចិន​បាន​សន្យា​នឹង​ជំរុញ​អ្នក​វិនិយោគ​ចិន​កាន់តែ​ច្រើន​ មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ និង​សន្យា​ជជួយ​ផ្សព្វផ្សាយ​ ណែនាំ​ឱ្យ​ក្រុមហ៊ុន​ចិន​ មកកាន់​ខេត្ត​ព្រះសីហនុ​ឲ្យបាន​កាន់​ច្រើន​ថែមទៀត​។

លោក​ XU​ ​LEJIANG​ អនុប្រធាន​សហ​ពន្ធ័​ឧស្សាហកម្ម​ និង​ពា​ណិ​ជ្ជ​កម្ម​ប្រទេស​ចិន​ បាន​ថ្លែង​នៅក្នុង​ពិធី​អាហារ​សាមគ្គី​កាលពី​ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​២០១៩ម្សិលមិញ​នេះ​ថា​ ការ​មកដល់​ខេត្ត​ព្រះសីហនុ​ លោក​មាន​អារម្មណ៍​ថា​ ខេត្ត​ព្រះសីហនុ​ ដូច​ប្រទេស​ចិន​ក្នុងអំឡុងឆ្នាំ១៩៩០​។ លោក​បន្ត​ថា​ ដោយ​មើលឃើញ​ពី​សក្តា​នុ​ពល​ឆ្នេរ​ស្អាត​ តំបន់​​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ទឹកជ្រៅ​រយៈពេល៥ទៅ១០ឆ្នាំខាងមុខ​ ខេត្ត​ព្រះសីហនុ​ នឹង​ក្លាយ​ជា​ខេត្ត​មានការ​អភិវឌ្ឍ​​ដ៏​រុងរឿង​ជឿនលឿន​នៅពេល​ខាងមុខ​។

លោក​បន្ថែម​ថា​ “សហព័ន្ធ​ឧស្សាហកម្ម​ចិន​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​បម្រើ​ឲ្យ​ក្រុមហ៊ុន​ឯកជន​របស់​ចិន​ ក្នុង​ការ​អភិវឌ្ឍ​សេ​ដ្ឋ​មកិ​ច្ច​ប្រទេស​ ដែល​មាន​ក្រុមហ៊ុន​ចិន៥០ភាគរយ​ ផ្តល់​ប្រាក់ចំណូល​ពន្ធ៦០ភាគរយ​ ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ចិន៨០ភាគរយ​ ក្នុង​នោះ​វិស័យ​ឯកជន​បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ៩០ភាគរយ​”។

អភិបាលខេត្ត​ព្រះសីហនុ​លោក​យន្ត​ មីន​បាន​ឲ្យដឹង​ថា​ ខេត្ត​ព្រះសីហនុ​មាន​សក្តា​នុ​ពល​ក្នុង​វិស័យ​កសិកម្ម​ ឧស្សាហកម្ម​ និង​ទេសចរណ៍​ ជាគោល​ដៅ​អភិវឌ្ឍន៍​ខឿន​សេដ្ឋកិច្ច​ជាតិ​។ ខេត្ត​ព្រះសីហនុ​មាន​កំពង់ផែ​ទឹកជ្រៅ​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ព្រលា​នយន្តហោះ​អន្តរជាតិ​ ឆ្នេរ​ និង​កោះ​ដែល​ជាម​រត​កធម្មជាតិ​ដ៏​មានតម្លៃ​។

លោក​អភិបាលខេត្ត​បន្ត​ថា​ “រដ្ឋាភិបាល​ចាត់ទុក​នឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ២០១៥​ -២០២៥​”។

តាម​រយ:កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​រវាង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំងពីរ​ (កម្ពុជា​-ចិន​) បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ វិនិយោគ​ដោយក្រុម​ហ៊ុន​ “ហូ​ដូ​គ្រុប​” បាន​ដាក់ឲ្យ​ដំណើរការ​នៅ​ឆ្នាំ២០០៨​ ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រា​ ជា​ណា​ចក្រ​កម្ពុជា​។

លោក​អភិបាលខេត្ត​រូប​នេះ​បន្ថែម​ថា​ ទាំងនេះ​បាន​ផ្ដល់​ប្រយោជន៍​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ផ្តល់​ការងារ​ធ្វើ​ប្រចាំថ្ងៃ​ កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​បាន​ដើរតួ​នាទី​ ជា​អ្នក​បើក​ច្រក​ពាណិជ្ជកម្ម​ និង​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​ពាណិជ្ជ​ កម្ម​អន្តរជាតិ​រវាង​ប្រទេស​ទាំងពីរ​ (កម្ពុជា​-ចិន​)៕