ប្រឡាយលូទឹកស្អុយនៅកម្ពុជា​ក៏អាច​ធ្វើ​បែបនេះបានដែរ បន្ទាប់ពីប្រទេស​បាន​កែច្នៃ​និង​រក​ចំណូល​បាន​រាប់ពាន់ដុល្លារ​

នៅក្នុង​ប្រទេសកម្ពុជា​ មាន​ទីតាំង​មួយចំនួន​ដែលអាច​រកចំណូល​បាន​យ៉ាងច្រើនក្រាស់ក្រែល ប៉ុន្តែ​មនុស្សភាគច្រើន​យើង​មិន​ព្រមកែច្នៃ​ បែជាទៅបំផ្លាញ​ចោលទៅវិញ បើយើងក្រឡេកមើលប្រទេសថៃវិញ គេបានអភិវឌ្ឍប្រទេសរបស់​គេបានយ៉ាង​ល្អឥតខ្ចោះ ហើយ​បានកែច្នៃ​ប្រឡាយ​លូទឹកស្អុយ​ ដែលអាច​រកចំណូលបាន​រាប់ពាន់$​ប្រចាំថ្ងៃផងដែរ។

ប្រឡាយខ្លងសែនសេប ជាព្រលាយទឹកស្អុយមួយដែលហូរកាត់កណ្ដាលក្រុងបាងកក មានប្រវែងសរុបប្រមាណ ៧៤គីឡូម៉ែត និងជំរៅប្រមាណ៦ម៉ែត្រ ។ ភាពអំណោយផលនៃទីតាំងដែលនៅកណ្ដាលក្រុងមួយនេះ ធ្វើអោយប្រជាជនថៃនឹកឃើញថា បើសិនដាក់ទូកដឹកអ្នកដំណើរ ប្រហែលជាល្អប្រសើរ ព្រោះម្យ៉ាងការធ្វើដំណើរនៅទីក្រុងបាងកកត្បិតតែមានភាពខ្វាត់ខ្វែងសំបូរបែបពិតមែន ប៉ុន្តែនៅមានភាពស្ទះចរារចរណ៍ហើយតំលៃថ្លៃ។

ហើយម្យ៉ាងប្រឡាយទឹកស្អុយនេះ ឆ្លងកាត់ចំណុចសំខាន់ៗជាច្រើន ដែលជាប្រជុំជននៅទីក្រុងបាងកក ដូចជា កាត់ម្តុំសាយ៉ាម ប្រាទូណាម សុខុមវិត រ៉ាមកំហែង បាងកាពិ ឬមីនបុរ៉ីជាដើម។ ហើយអ្វីដែលពិសេសជាងនេះទៅទៀត ស្ថានីយ៍រថភ្លើងភាគច្រើន បានជ្រើសរើសធ្វើជាប់នៅស្ថានីយ៍រង់ចាំជិះទូកប្រឡាយខ្លងសេបនេះតែម្តង ដែលធ្វើអោយងាយស្រួលថែមទៀតក្នុងការធ្វើដំណើរទៅកន្លែងផ្សេងៗនៅទីក្រុងបាងកក។

ហើយដូចដែលបានប៉ាន់ស្មានទុក ការបង្កើតផ្លូវរកស៊ីមួយនេះ ពិតជាជោគជ័យយ៉ាងខ្លាំងពិតប្រាកដមែន។ ជារៀងរាល់ថ្ងៃតាំងពីម៉ោង៦ព្រឹក ដល់ ម៉ោង៧.៤៥នាទីយប់ តែងតែមានមនុស្សណែនណាន់តាន់តាប់មកជិះទូក ពិសេសពេលម៉ោងចូល និងចេញធ្វើការ ដែលទូកមួយៗផ្ទុកអ្នកដំណើរមិនតិចជាង២០០នាក់ទេក្នុងមួយជើងៗ។ តំលៃសំបុត្រគឺទៅតាមចំងាយផ្លូវឆ្ងាយឬជិត ដោយចាប់ផ្ដើមពី១០បាត ដល់២០បាត ដោយមានស្ថានីយ៍២៧ អោយចុះចត ។ ដូច្នេះលើកក្រោយពេលទៅក្រុងបាងកក កុំភ្លេចសាកជិះទូកនេះលេងផង ពិតជាភ្លែកភ្នែកម្យ៉ាងដែរ៕