ស្អាតខប់ខប់ ! គ្រាន់​តែរូបរៀង​​ Galaxy Note10 ចេញមកហើយ​ស្អាត​ខប់​ អ្នក​នៅស្រុក​ខ្មែរ​រងចាំ​ស្ទើរគ្រប់ពេល

គ្រាន់តែធ្លាយ​រូបរាង​តែបន្តិច​តែប៉ុណ្ណោះ មិននឹកស្មាន​ថា មាន​អ្នក​ទន្ទឹម​រងចាំ​ Samsung Galaxy Note10 ដូចជាទន្ទឹង​រងចាំម្តាយ​មកពីផ្សារអ៊ីចឹង​​។

Galaxy Note ឆ្នាំនេះ មានទំហំពីរផ្សេងគ្នារួមមាន អេក្រង់៦.៧៥អ៊ីញ ចំពោះម៉ូឌែល Note 10 pro និង ៦.៣អ៊ីញសម្រាប់ម៉ូឌែល Note10។ ឆ្នាំនេះ Samsung អាចនឹងរចនាអេក្រង់ពេញជាមួយប្រភេទ Edge Screen សងខាង កាត់បន្ថយផ្ទៃគែមលើក្រោមអេក្រង់ឲ្យសល់តូចបំផុត បង្កប់កាមេរ៉ាមុខមួយគ្រាប់នៅចំកណ្តាលអេក្រង់ នេះបើតាមការចុះផ្សាយរបស់ The Verge។

ផ្នែកខាងក្រោយរបស់វាត្រូវបានរចនាឡើងស្រដៀងគ្នានឹង Galaxy S10ដែរ ដោយបំពាក់កាមេរ៉ាចំនួន៣គ្រាប់ ភ្ជាប់មកជាមួយសេនស័រប្រភេទ 3D time-of-flight ដែលមានមុខងារបម្លែងរូបភាពធម្មតាឲ្យទៅជារូបភាពបែប3D។ បើតាមទស្សនាវដ្តី Forbes បានចុះផ្សាយថា វាអាចមានតម្លៃចន្លោះ១,១០០ ទៅ១,២០០ដុល្លារ សម្រាប់ម៉ូឌែលដែលបំពាក់4G ហើយវាក៏មានម៉ូឌែលដែលបំពាក់បច្ចេកវិទ្យា5Gផងដែរ ប៉ុន្តែមិនទាន់ដឹងថាវាមានតម្លៃប៉ុន្មាន។

Note 10 រំពឹងថានឹងផ្លាស់ប្តូរលើ៤-៥ចំណុចធំៗរួមមាន ការរចនាថ្មី អេក្រង់ធំជាងមុន រ៉េមនិងកន្លែងផ្ទុកទិន្នន័យជំនាន់ថ្មី មានគេមតូច កាមេរ៉ាក្រោយច្រើន និងមុខងារសាកថ្មលឿន ដែលខ្សែស្រឡាយ Galaxy S មិនមាន​។

ចំណុចដែលគួរឲ្យចាប់អារម្មណ៍ចុងក្រោយនោះគឺ Samsung អាចនឹងដករន្ធដោតកាសចេញពីគូទរបស់វា ដូចនេះមានន័យថា កន្លែងសាកថ្មរបស់វាអាចនឹងក្លាយជាកន្លែងដោតកាស ដែលស្រដៀងគ្នានឹង iPhone 7 Plus ដែរ៕