ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ បច្ចុប្បន្ននេះ Bitcoin មានទិន្នន័យក្លែងក្លាយជាច្រើននៅក្នុង Internet ហើយទិន្នន័យបោក
មានមនុស្សជាច្រើនកំពុងតែចូលហ៊ុនជាមួយ Bitcoin ហើយក៏មិនបានដឹងច្បាស់ថា ទិន្នន័យមួយចំនួនដែលបានបង្ហោះលើបណ្តាញអ៊ិនធើណេតនោះ ជាបណ្តាញផ្សព្វផ្សាយបែបបោកប្រាស់ទាល់តែសោះ ហើយមានអ្នកខាតបង់ប្រាក់កាសយ៉ាងច្រើនបំផុត។
បើតាមរបាយការណ៍មួយរបស់ខាងអាជ្ញាធរ ដែលទទួលបន្ទុកលើបទល្មើសសេដ្ឋកិច្ចរបស់អាមេរិក បានរកឃើញថា បរិមាណនៃការជួញដូរ Bitcoin រហូតដល់ទៅ៩៥%ត្រូវបានគេក្លែងបន្លំពីសំណាក់ពួកអ្នកជួញដូរ។
បន្ថែមពីនោះមានការស៊ើបអង្កេតពីសំណាក់ក្រុមហ៊ុន Bitwise ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យប្រភេទឌីជីធល រកឃើញថាក្នុងចំណោមវេបសាយជួញដូរ Bitcoin ៨១វេបសាយ មាន៧១វេបសាយ ហើយដែលក្លែងបន្លំបរិមាណនៃការជួញដូរនោះ។ ប៉ុន្តែក៏មានដែរផ្សារឬវេបសាយជួញដូរត្រឹមត្រូវ ដោយបើតាមប្រធានក្រុមហ៊ុន Bitwise ដដែលនោះបានលើកឡើងថា ផ្សារជួញដូរពិតប្រាកដនៅតែមានបើទោះជាមានការបោកប្រាស់ច្រើនយ៉ាងណាក្ដី។
មូលហេតុដែលធ្វើឱ្យវេបសាយជួញដូរ Bitcoin ភាគច្រើនបំប៉ោងតួរលេខនៃការជួញដូរនោះដោយហេតុតែ ដើម្បីឱ្យមានអ្នកចាប់អារម្មណ៍ចូលទៅជួញដូរច្រើនជាមួយនឹងផ្លេតហ្វមរបស់ខ្លួន និងទាក់ទាញក្រុមហ៊ុនថ្មីៗក្នុងដំណើរការបោះផ្សាយកាក់ជាសាធារណ (ICO)។
ហេតុនេះហើយសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍វិនិយោគទៅលើ Bitcoin គួរតែសិក្សារឱ្យច្បាស់លាស់សិនមុននឹងដាក់លុយទៅ ដោយហេតុតែលុយប្រភេទថ្មីនេះទាមទារឱ្យយើងធ្វើការស្រាវជ្រាវច្រើន បើមិនដូច្នោះទេហានិភ័យក្នុងការវិនិយោគមានទំហំធំ។ ជាមួយគ្នានេះដែរ Bitcoin មិនត្រូវបានទទួលស្គាល់ជាផ្លូវការដោយធនាគារជាតិនៃកម្ពុជាយើងនោះទេ ហើយរដ្ឋាភិបាលប្រទេសផ្សេងៗទៀត នៅលើពិភពលោកក៏មានការហាមប្រាមមិនទទួលស្គាល់លុយនេះផងដែរ។
គូសបញ្ជាក់ថាសម្រាប់ឥឡូវនេះក្នុងមួយ Bitcoin មានតម្លៃប្រមាណជាមួយម៉ឺនដុល្លារជាង ដោយមានការឡើងក្រឺតចាប់តាំងពីដើមខែមិថុនានេះមក៕