មុន​នឹង​ចេញ​រក​ស៊ី លោក វេង សុធារ៉ា​ ប្រាប់​ថាមិនគួរ​បោះ​បង់​អាជីវកម្មនោះចោលទេ​ ទោះបីខាត​ឬចំណេញ​

លោក វេន សុធារ៉ា ជាស្ថាបនិក Topik Cafe និងមីហឹរចាំប៉ុង ដែលជាកន្លែងផ្តល់ជូនកាហ្វេដ៏ឈ្ងុយឆ្ងាញ់ផង និងប្រមូលផ្តុំដោយ​ព័ត៌មាន​ទាក់ទងនឹងការប្រលងទៅធ្វើការនៅកូរ៉េ ក៏ដូចជាការធ្វើតេស្តសមត្ថភាពតាមប្រព័ន្ធកុំព្យូរទ័រផង។ សហគ្រិនរូបនេះ បង្ហើបថា ចេញរកស៊ីអ្វីក៏ដោយត្រូវចាំថា រកស៊ីដើម្បីដោះស្រាយបញ្ហាអ្នកដទៃ ទោះចំណេញឬខាតយ៉ាង គ្មានផ្លូវអ្នកបោះបង់អាជីវកម្មចោលទៅរួចដែរ។

អតីតអ្នកធ្លាប់​ធ្វើការ​នៅកូរ៉េរូបនេះ បានបង្ហើបថា គោលដៅចម្បងនៃអាជីវកម្មរបស់លោកគឺជួយអ្នកចង់ទៅធ្វើការនៅប្រទេស បង្កើនប្រាក់ចំណូល និងស្វែងរកបទពិសោធន៍ការងារនៅប្រទេសរីកចម្រើន ដោយហាងមួយនេះក៏មានសេវាកម្មជួយផ្តល់ប្រឹក្សា និងធ្វើតេស្តសាកល្បងសម្រាប់​យុវជនខ្មែរ ដែលមាន​បំណង​ប្រលងទៅធ្វើការនៅកូរ៉េផងដែរ។

លោក សុធារ៉ា បន្ថែមថា រកស៊ីអ្វីក៏ដោយ មិនមែនមានន័យសុទ្ធតែត្រូវទាំងអស់នោះដែរ តែអ្នកមានទឹកចិត្តរកស៊ីពិតប្រាកដទោះរបរនោះខាត គាត់សុខចិត្តដូររបៀបរកស៊ី តែមិនដូរមុខរបរ ឬគោលដៅជាដាច់ខាត ហើយនឹងរកនឹកវិធីសាស្រ្តយ៉ាងម៉េចជួយអ្នកដទៃឲ្យបានច្រើនទៅតាមលទ្ធភាព ទៅតាមការស្វែងរកចំណូល ប៉ុន្តែមិនមែនដើម្បីតែចំណេញមួយមុខនោះទេ។

ស្ថាបនិករូបនេះសង្កត់ធ្ងន់ថា បើរកស៊ីដើម្បីតែចំណេញ អ្នកនឹងបោះបង់របរនោះចោលពេលអស់ចំណេញ ហេតុនេះហើយ បំណងនៃការរកស៊ីត្រូវតែផ្តោតលើអ្វីផ្សេងដែលធំជាងលុយ មានតម្លៃជាងលុយ និងមានផលប្រយោជន៍ច្រើនដល់អ្នកដទៃ ទើបថ្មីៗនេះ ម្ចាស់ហាងរូបនេះចាប់ផ្តើមបើកមីហឹរចាំប៉ុង ដើម្បីចែករំលែកសិទ្ធអាជីវកម្មក្នុងតម្លៃសមរម្យបំផុត៕