មូលហេតុបែបនេះសោះ! ទើប Liu Yi Fei សាកសមនឹងគ្រងតំណែងជា MuLan តួអង្គល្បីរបស់ Disney

ប្រិយមិត្តដែលគាំទ្រវិស័យសិល្បះចិន ប្រហែលជាបានស្គាល់តារាសម្ដែងស្រីដែលមានទេពកោសល្យ Liu Yi Fei ឬ Crystal Liu តាមរយៈខ្សែភាពយន្ដល្បីៗ​ ជាច្រើន ព្រោះរូបនាងកម្រនឹងលេចមុខក្នុងរឿងភាគរបស់ប្រទេសចិនណាស់។

យ៉ាងណាមិញ តារាស្រីរូបនេះក៏ត្រូវបានគេចាត់ទុកថា ជារាជនីខ្សែភាពយន្ដផងដែរ ពីព្រោះខ្សែភាពយន្ដដែលរូបនាងបានចូលរួមសម្ដែងសុទ្ធតែរកបាននូវប្រាក់ចំណូលយ៉ាងច្រើនក្រាស់ក្រែល។ ជាងនេះទៅទៀត អ្វីដែលកាន់តែអស្ចារ្យនោះ តារាស្រីរូបនេះ ត្រូវបានក្រុមហ៊ុនផលិតតុក្កតាដ៏ល្បី Disney ជ្រើសនាងឲ្យសម្ដែងជាតួអង្គឯកស្រីក្នុងរឿង “Mulan” ថែមទៀតផង ដែលវាជាឱកាសដ៏កម្រនឹងរកបានមួយ។

ជាក់ស្ដែង កាលពីថ្មីៗ នេះ ផងដែរ អ្នកដឹកនាំសម្ដែងរឿង “Mulan” លោក Niki Caro បានបង្ហើបប្រាប់ និងសរសើរពីតារាស្រីជនជាតិចិនរូបនេះថា “កំឡុងពេលដែលតារាស្រីរូបនេះ បានមកសមសម្ដែងជាតួអង្គ Mulan លោកពិតជាភ្ងាក់ផ្អើលចំពោះអត្តចរិករបស់នាងជាខ្លាំង។ នាងពិតជាមានទឹកចិត្តមោះមុត តស៊ូ មិនខ្លាចនឿយហត់នោះទេ។ បើទោះជានាងចំណាយពេលច្រើនជាង ១៤ ម៉ោងក្នុងការហោះហើរមកដល់កន្លែងសម តែនាងមិនបានត្អូញត្អែរ ឬសុំពេលសម្រាកសិននោះឡើយ ថែមទាំងចំណាយពេលច្រើនម៉ោងបន្ថែមទៀត ក្នុងការសមទៀតផង។​ ត្រង់នេះ វាបង្ហាញឲ្យលោកឃើញថា នាងពិតជាសាកសមទៅនឹងតួអង្គនារីចម្បាំង Mulan ជាខ្លាំង មានភាពរឹងមាំ តស៊ូ មោះមុត។

លោកក៏បានបន្ថែមទៀតថា “ Crystal Liu ជាតារាសម្ដែងស្រីចិនម្នាក់ដែលសាកសមនឹងតួអង្គនេះបំផុត មិនមែនព្រោះតែនាងពូកែសម្ដែងតែម្យ៉ាង ប៉ុន្ដែនាងភាពឆ្លាតវៀងវៃ ចេះបត់បែនតាមកាលៈទេសៈ និងមើលទៅទន់ភ្លន់ តែមិនទន់ជ្រាយ”៕

ប្រភព៖ Topick

អត្ថបទដោយ៖ ស្រីពេជ្រ