ក្រោយត្រូវគេសង្ស័យថាមានស្នេហាថ្មី! Kenneth Ma ប្រាប់ថា មិនមែនជាសង្សារ តែជា..

អ្នកដែលនិយមតាមដានរឿងភាគហុងកុង ជឿជាក់ថាធ្លាប់ស្គាល់នូវតារាប្រុសហុងកុងរូបសង្ហារ Kenneth Ma ហើយ ព្រោះលោកជាតារាសម្ដែងជើងចាស់លេចធ្លោមួយរូបរបស់ហុងកុង។ ថ្វីបើហាក់ដូចជាជោគជ័យក្នុងវិស័យសិល្បះ ក៏ប៉ុន្ដែតារាប្រុសរូបនេះហាក់ដូចជាអភ័ព្វរឿងស្នេហា ហើយធ្ងន់ធ្ងរបំផុតនោះទំនាក់ទំនងស្នេហាចុងក្រោយរបស់លោកថែមទាំងត្រូវមិត្តស្រីក្បត់ចិត្តទៀត។ បែបនេះហើយទើបអ្នកគាំទ្ររបស់លោក ចង់ឃើញរូបលោកជួបនឹងមនុស្សស្រីល្អម្នាក់ និងបង្កើតគ្រួសារដ៏រីករាយមួយ។

កាលពីថ្មីៗ កន្លងទៅនេះ តារាសម្ដែងប្រុសវ័យ ៤៦ ឆ្នាំរូបនេះ ត្រូវបានគេសង្កេតឃើញថា មានទំនាក់ទំនងស្អិតរមួតជាមួយនឹងតារាសម្ដែងស្រី Natalie Tong ខុសពីធម្មតា។ ជាការពិតទៅ តារាស្រីប្រុសទាំងពីរនេះ មិនមែនទើបតែស្គាល់គ្នាឡើយ ពោលពួកគេស្គាល់គ្នាចាប់តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ហើយក៏មានអ្នកគាំទ្រជាច្រើនចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិតដែរ។ តែអ្នកទាំងពីរតែងតែបញ្ជាក់ប្រាប់ថា ពួកគេទំនាក់ទំនងល្អដូចជាបងប្អូននឹងគ្នា ហើយក្រោយមកពីពួកគេក៏មានគូស្នេហ៍រៀងៗ ខ្លួន ជាច្រើនលើក ច្រើនសារ។

ក្រោយពីមានសំនួរចាក់ដោតច្រើនទាក់ទងនឹងទំនាក់ទំនងរបស់លោក និងតារាស្រី Natalie Tong លោកក៏បានផ្ដល់បទសម្ភាសថា “ពួកយើងតែងតែមានទំនាក់ទំនងស្អិតរមួតបែបនេះ គ្រាន់តែមួយរយៈចុងក្រោយនេះ ពួកយើងមានពេលទំនេរច្រើនដូចគ្នា បែបនេះហើយទើបឧស្សាហ៍ចេញទៅញ៉ាំអាហារជាមួយគ្នា ទៅណាមកណាជាមួយគ្នា និងហាត់ប្រាណជាមួយគ្នាជាដើម បន្ទាប់មកក៏ជូននាងទៅផ្ទះ ដូច្នេះហើយកុំគិតច្រើនពេក”។

បើទោះជាមានការបកស្រាយបែបនេះក្ដី ក៏អ្នកគាំទ្ររបស់តារាប្រុស Kenneth Ma នៅតែសង្ឃឹមថាពួកគេទាំងពីរអាចក្លាយជាគូស្នេហ៍ពិត ដោយហេតុថា អ្នកពីរមានភាពចុះសម្រុងគ្នាល្អ ថែមទាំង​តារាស្រី Natalie Tong ពិតជាគួរឲ្យស្រលាញ់ហើយសាកសមនឹងលោកទៀតផង៕

អត្ថបទដោយ៖ ស្រីពេជ្រ