តួឯកប្រុសរឿង “រាជបុត្រកង្កែប” សម្រក់ទឹកភ្នែក ព្រោះអាជីពមិនកាក់កបដូចមុន

ប្រិយមិត្តប្រហែលជាបានជ្រាបរួចមកហើយថា កាលពីកំឡុងឆ្នាំ ២០០៥​ រឿងភាគតៃវ៉ាន់ “រាជបុត្រកង្កែប” ពិតជាមានការគាំទ្រខ្លាំងសម្បើម មិនថាទាំងក្នុងស្រុក និងក្រៅស្រុក។ ស្របពេលនោះដែរ តួឯកប្រុសនៅក្នុងរឿងភាគមួយនេះ លោក MingDao ក៏មានភាពល្បីល្បាញខ្លាំងមិនស្ទើរ និងទទួលបានរឿងភាគថតឥតដាច់។ តែកន្លងផុតទៅអស់ជាច្រើនឆ្នាំ តារាសម្ដែងថ្មីៗ ជាច្រើន បានលេចមុខជាបន្ដបន្ទាប់ដែលធ្វើឲ្យភាពល្បីល្បាញរបស់លោកធ្លាក់ចុះបន្ដិចម្ដងៗ រហូតដល់ពេលបច្ចុប្បន្ន ស្ទើរតែគ្មានរឿងភាគសម្ដែង។

កាលពីចុងឆ្នាំ ២០១៩ លោកមានឱកាសបានចូលរួមក្នុងកម្មវិធី “Everybody Stand By” ដែលជាកម្មវីធីតម្រូវឲ្យតារាសម្ដែងដែលចូលរួមបង្ហាញស្នាដៃសម្ដែងក្នុងរឿងភាគខ្លី។ ក្នុងពេលនោះផងដែរ លោកក៏បានប្រាប់ថា រយៈពេលយូរហើយដែលលោកខានបានសម្ដែងក្នុងរឿងភាគ ហើយនេះជាទី ១ ដែលលោកបានសម្ដែងក្នុងឆ្នាំនេះ។

មិនតែប៉ុណ្ណោះ លោកក៏បាននិយាយទាំងទឹកភ្នែកថា “ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមិនទទួលបានជោគជ័យសោះ សូម្បីតែខ្លួនលោកក៏មើលងាយខ្លួនឯងដែរ”។ លោកក៏បានសុំទោសដល់អ្នកគាំទ្រ ដែលបង្ហាញឲ្យឃើញនូវស្ថានភាពយ៉ាប់ៗ របស់ខ្លួនបែបនេះ។ ក្រោយពីបានឃើញបែបនេះហើយ ក៏មានអ្នកគាំទ្រជាច្រើនបានចូលបញ្ចេញមតិលើកទឹកចិត្តដល់រូបលោក និងកុំឲ្យលោកអស់សង្ឃឹមឲ្យសោះ៕

អត្ថបទដោយ៖ ស្រីពេជ្រ