ចិត្តល្អណាស់ Idol អ្នកណា? គ្រាន់តែមួយរយៈ Covid-19 នេះ Lay ជួយបរិច្ចាគមិនតិចទេ

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ក្រោយវីរុស Covid-19 បានផ្ទុះឡើង សិល្បះករជាច្រើនក្នុងប្រទេសចិន បានជួយគ្នាបរិច្ចាគ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងសង្គ្រោះប្រទេសជាតិរបស់ខ្លួនឲ្យរួចផុតពីគ្រោះដ៏កាចសហាវមួយនេះ។

ក្នុងនោះផងដែរ គេក៏សង្កេតឃើញថា តារាប្រុសរូបសង្ហារ Zhang YiXing ដែលប្រិយមិត្តភាគច្រើនស្គាល់ថាជា Lay សមាជិកក្រុមចម្រៀង Exo ក៏បានចូលរួមជួយបរិច្ចាគឥតដាច់ និងបានចំណាយទឹកចិត្តជាច្រើនផងដែរ។ កំឡុងខែ មករា លោកបានចូលរួមបរិច្ចាគទឹកប្រាក់ ១៤,១៨៩ ដុល្លារ រួមជាមួយម៉ាស់ជាង ៦ ម៉ឺន ទៅកាន់មន្ទីរពេទ្យ វូហាន។ ក្រោយមក តារាប្រុសរូបនេះ ក៏បានបរិច្ចាគ ម៉ាសការពារ  KF94 ចំនួន ៨ កេសធំៗ ទៅកាន់ មន្ទីរពេទ្យក្នុងស្រុកមួយកន្លែង ហើយក៏បានបរិច្ចាគ ម៉ាស់ មួយចំនួនទៀត ទៅកាន់មន្ទីរពេទ្យ នៅឯ ChangSha ផងដែរ។

បន្ថែមពីនេះ អ្នកប្រើប្រាស់កម្មវិធី Douban ក៏បានប្រកាសថា តារាប្រុសរូបនេះ បានបរិច្ចាគម៉ាស់ ចំនួន ១៣ ម៉ឺន ទៅកាន់ទីស្នាក់ការ ប៉ូលីស នៅទីក្រុង វូហាន ខណៈបរិច្ចាគ ម៉ាស់ចំនួន ១២,៥០០ ដល់មន្ទីរពេទ្យ Changde និង ម៉ាស់ចំនួន ២ ពាន់ ដល់មន្ទីរពេទ្យ ហ័ងកាង នៅខេត្ត ហ៊ូប៉ី។ ថែមទាំង បរិច្ចាគម៉ាស់ចំនួន ៥ ម៉ឺន បន្ថែម ជូនដល់សហគមន៍លំនៅដ្ឋានផ្សេងៗ ក្នុងខេត្ត ហូណាន ទៀតផង។

កាលពីខែ កុម្ភៈ តារាប្រុសរូបនេះ ក៏បាននិពន្ធបទចម្រៀងមួយដែលមានចំណងជើងថា ‘It will get better’ ដើម្បីទុកជាការលើកទឹកចិត្តដល់អ្នកជំងឺទាំងឡាយដែលបានឆ្លងនូវ Covid-19 ឲ្យប្រឹងប្រែងតស៊ូ។ មិនតែប៉ុណ្ណោះ លោកក៏បានបរិច្ចាគជួយដល់ប្រទេស កូរ៉េខាងត្បូង នូវទឹកប្រាក់ប្រមាណជាង ១៥,០០០ ដុល្លារ កំឡុងពេល វីរុសនេះ រាតត្បាតខ្លាំងនៅឯ កូរ៉េខាងត្បូង។

ក្រោយមកលោក និងមិត្តភក្ដិក៏បានបរិច្ចាគបន្ថែមនូវទឹកប្រាក់ជាង ៦ ម៉ឺន ដុល្លារដល់អង្គការសប្បុរសរបស់ប្រទេសចិន ដើម្បីសង្គ្រោះដល់ជនរងគ្រោះដែលបានស្លាប់ដោយសារជម្ងឺ Covid-19។ បន្ថែមពីនេះ លោកក៏បានសហការជាមួយបុស្ដិ៍ទូរទស្សន៍ជាតិរបស់ប្រទេសចិន Hunan Tv បញ្ចេញនូវចម្រៀងលើកទឹកចិត្តមួយបទទៀតសម្រាប់ប្រជាជនចិន ដែលមានចំណងជើងថា ‘The most beautiful scenery’ ដែលធ្វើឲ្យមហាជនជាច្រើនរំជួលចិត្ត ព្រោះតែទង្វើដល់ល្អរបស់លោក។

គួររំលឹកផងដែរ Lay គឺជាតារាចម្រៀងម្នាក់ដែលមានទឹកចិត្តល្អប្រពៃ ព្រោះលោកធ្លាប់បានបរិច្ចាគប្រាក់ និងសម្ភារៈជាច្រើនដល់អង្គការសប្បុរស មន្ទីរពេទ្យ ថែមទាំងធ្លាប់ផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រថែមទៀតផង ដែលនេះជាទង្វើដ៏គួរឲ្យគោរពសរសើរមួយ៕

ប្រភព៖ allkpop

អត្ថបទដោយ៖ ស្រីពេជ្រ