ហេតុផលទាំងអស់នេះសោះ! ទើប Angelababy ព្រមរៀបការជាមួយស្វាមីរបស់ខ្លួន

ថ្វីបើតារាស្រីលំដាប់ A របស់ប្រទេសចិន Angelababy និងស្វាមីលោក Huang XiaoMing តែងតែមានពាក្យចចាមអារ៉ាមមិនឈប់ឈរពីការបែកប្រេះឆានៃចំណងស្នេហារបស់អ្នកពីរយ៉ាងណាក្ដីតែ ប្ដី ប្រពន្ធមួយគូនេះ នៅតែបង្ហាញពីភាពស្អិតរមួតជាមួយគ្នានៅលើបណ្ដាញសង្គម Weibo ដែលជាហេតុធ្វើឲ្យមហាជនជ្រះនូវមន្ទិលសង្ស័យពីការលះលែងគ្នារបស់អ្នកទាំងពីរ។

យ៉ាងណាមិញ កាលពីពេលកន្លងទៅនេះ លោក Huang XiaoMing បានលួចបង្ហើបប្រាប់ពីមូលហេតុដែលតារាស្រីរូបស្រស់ Angelababy ព្រមរៀបការជាមួយលោក។ លោកបានលើកឡើងថា ភរិយារបស់ខ្លួនធ្លាប់បានចោទសួរលោកថា “មានដឹងអត់ហេតុអ្វី បានជានាងព្រមរៀបការជាមួយលោក?”

មែនទែនទៅ ចម្លើយរបស់តារាស្រីរូបនេះពិតជាធ្វើឲ្យ លោកភ្ងាក់ផ្អើលព្រោះ Angelababy បានប្រាប់ថា​ “នាងសម្រេចចិត្តជ្រើសយក លោកជាដៃគូជីវិតដោយសារ នាងស្រលាញ់នូវអត្តចរិករបស់លោក មិនមែនដោយសារតែទ្រព្យសម្បត្ត ឬកេរ្ដិ៍ឈ្មោះអ្វីនោះទេ។ ម៉្យាងទៀត នាងមើលឃើញថា លោកមានចរិកកាត់ទៅរកឳពុករបស់ខ្លួន ពោលជាមនុស្សចេះយកចិត្តទុកដាក់ កក់ក្ដៅ និងមើលថែទាំងមនុស្សនៅជុំវិញខ្លួនបានយ៉ាងល្អ”។

គួររំលឹកផងដែរថា ប្ដី ប្រពន្ធមួយគូនេះ បានរៀបការក្នុងឆ្នាំ ២០១៥ ហើយពេលនេះពួកគេមានចំណងដៃកូនប្រុសមួយ៕

ប្រភព៖ 8days.sg

អត្ថបទដោយ៖ ស្រីពេជ្រ