ចិត្តល្អពេកហើយ! Tao បែរជាសុខចិត្តរៀនភាសាកាយវិការយ៉ាងលំបាកដោយសារតែហេតុផលមួយនេះ

នាពេលថ្មីៗ នេះ តារាចម្រៀងប្រុសរូបសង្ហារកំពុងមានឈ្មោះល្បីក្នុងប្រទេសចិន Huang Zitao ដែលភាគច្រើនយើងស្គាល់ថាជាអតីតសមាជិកក្រុមចម្រៀង Exo បានចូលរួមធ្វើជាគ្រូបង្វឹកក្នុងកម្មវិធីប្រលងមួយក្នុងប្រទេសចិន  “Produce Camp 2020”។ អ្វីដែលធ្វើឲ្យមហាជន និងគ្រូបង្វឹកផ្សេងទៀតមានការភ្ងាក់ផ្អើលនោះ នៅពេលដែលលេង ហ្គេម ទាយកាយវិកា Tao បានបង្ហាញនូវភាពប៉ិនប្រសប់របស់ខ្លួនក្នុងការទាយ និងធ្វើកាយវិការដែលធ្វើឲ្យការលេងហ្គេមនេះដើរទៅដោយរលូន។

ក្រោយមកក៏ស្រាប់តែលេចលឺថា តាមពិតទៅ តារាប្រុសវ័យ ២៧ ឆ្នាំ រូបនេះ ធ្លាប់បានរៀនភាសាកាយវិការ សម្រាប់ទំនាក់ទំនងជាមួយមនុស្ស គ និងថ្លង់។ មែនទែនទៅ ដើមហេតុដែលធ្វើឲ្យ Tao សម្រេចចិត្តរៀនភាសាមួយនេះយ៉ាងលំបាកក៏ព្រោះតែ កាលពីនៅវ័យក្មេង លោកមានមិត្តភក្ដិម្នាក់ដែលថ្លង់ មិនអាចស្ដាប់លឺ ដូច្នេះដើម្បីអាចប្រាស្រ័យទាក់ទងនឹងគេបាន មានតែវិធីមួយគត់គឺត្រូវរៀនភាសាកាយវិការ។ បន្ថែមពីនេះ Tao ក៏ធ្លាប់បានលើកឡើងថា មិត្តភក្ដិរបស់លោកម្នាក់នេះ មិនមានភាពខុសគ្នាជាមួយមនុស្សទូទៅឡើយ ហើយគេក៏ជាមនុស្សម្នាក់ដែលតែងតែជួយលើកទឹកចិត្តដល់រូបលោក។

ក្រោយពីបានដឹងរឿងរ៉ាវដ៏រំជួលចិត្តនេះ ក៏មានមហាជនជាច្រើនបានបញ្ចេញមតិសរសើរដល់តារាចម្រៀងប្រុសរូបនេះ ថារូបគេពិតជាក្មេងប្រុសដ៏ល្អម្នាក់កាលពីពេលនៅតូច និងចេះគិតច្រើនដល់មនុស្សនៅក្បែរខ្លួន៕

អត្ថបទដោយ៖ ស្រីពេជ្រ