តួឯកប្រុសវ័យក្មេងដែលសម្ដែងជាមួយ Dilraba បែរជាត្រូវគេរិះគន់ព្រោះតែរឿងបែបនេះ

ជឿជាក់ប្រិយមិត្តដែលនិយមតាមដានរឿងភាគបុរាណចិន ច្បាស់ជាស្គាល់នូវតារាសម្ដែងស្រីមានទេពកោសល្យ Dilraba រួចមកហើយ ព្រោះថានាងបានបង្ហាញខ្លួននៅក្នុងរឿងភាគច្រើន។ ជាពិសេសគឺមហាជនស្គាល់រូបនាង តាមរយៈរឿងភាគដ៏ល្បីគឺ «និស្ស័យស្នេហ៍ទេវតាបីជាតិ» តែម្ដង។

កាលពីថ្មីៗ នេះផងដែរ តារាសម្ដែងស្រីវ័យ ២៩ ឆ្នាំ រូបនេះ បានចាប់ដៃគូសម្ដែងជាមួយតារាសម្ដែងប្រុសវ័យក្មេង Wu Lei ក្នុងរឿងភាគដែលមានចំណងជើងថា «Princess Chang Ge»។ មែនទែនទៅ គ្រាន់តែមហាជនបានដឹងនូវរឿងនេះភ្លាម ក៏មានមតិមួយចំនួនរិះគន់បាត់ទៅហើយ ដោយហេតុថាតួស្រីមានអាយុច្រើនជាងតួប្រុស មើលទៅមិនសមគ្នាជាដើម។

ស្រាប់តែកាលពីប៉ុន្មានថ្ងៃមុន តួឯកប្រុសវ័យ ២១ ឆ្នាំ ក្នុងរឿងនេះក៏ត្រូវបានគេរិះគន់ម្ដងទៀត បន្ទាប់ពីលោកបានចែករំលែកនូវវីដេអូថតរឿងរបស់លោក និង Dilraba ដែលបានបែកធ្លាយអមជាមួយពាក្យពេចន៍ថា​ “ខ្ញុំគាំទ្រពេញចិត្តគូនេះ” តែបន្ទាប់មកក៏ត្រូវបានលុបចេញវិញភ្លាមៗ។

ក្នុងថ្ងៃដដែល តារាប្រុសរូបនេះក៏បានក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គម Weibo ហើយមតិភាគច្រើនបានលើកឡើងថា តារាប្រុសរូបនេះងប់ងុលជ្រុលនឹងរឿងដែលខ្លួនសម្ដែង រហូតដល់ថ្នាក់ផុសគាំទ្រខ្លួនឯងជាមួយនឹងតួឯកស្រី។ មហាជនជាច្រើនបានជឿជាក់ថា លោកមានចេតនាបង្ហោះគាំទ្រគូខ្លួនឯង ប៉ុន្ដែច្រលំបង្ហោះក្នុង គណី Weibo ផ្លូវការរបស់ខ្លួន រហូតដល់ធ្វើឲ្យមានរឿងខ្មាស់គេបែបនេះ។

តែទោះជាយ៉ាងណា ខាងផលិតកម្មដែលជាទ្រនំរបស់តារាសម្ដែងប្រុសរូបនេះ បានអះអាងថាមួយរយៈចុងក្រោយនេះ គណី Weibo របស់លោកមានបញ្ហាព្រោះមានគេព្យាយាម Hack ចូល។ បើទោះជាមានការបកស្រាយ ក៏មហាជនជាច្រើនបានបញ្ចេញមតិថា ធ្វើបែបនេះគ្រាន់តែដោះសារកុំឲ្យបាក់មុខតែប៉ុណ្ណោះ៕

 

អត្ថបទដោយ៖ ស្រីពេជ្រ​