មានរឿងអីតារាចម្រៀងស្រីជើងចាស់ល្បីឈ្មោះ ម៉េង កែវពេជ្ជតា ត្រូវស្ត្រីម្នាក់ប្តឹងឡើងតុលាការ

ទាំងលើបណ្តាញសង្គមនិងស្ទើរគ្រប់សារព័ត៌មានក្នុងស្រុកចុះផ្សាយនូវការភ្ញាក់ផ្អើលដែលតារាចំរៀងដ៏ល្បីគឺអ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានស្ត្រីម្នាក់ដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ហើយចម្លែកនោះគឺជាប្រពន្ធចុងរបស់ប្តីនាងតែម្តង។

ពិតជាគួរឲ្យភ្ញាក់ផ្អើលមែនសម្រាប់មហាជនពេលដែលតារាចម្រៀងស្រីជើងចាស់ល្បីឈ្មោះ ម៉េង កែវពេជ្ជតា ត្រូវបានស្ត្រីម្នាក់ ឈ្មោះ រស់ សោភ័ណ្ឌ ដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងសម្លុតកុំឲ្យដាក់ពាក្យបណ្តឹង តាមបណ្តាញសង្គមហ្វេសប៊ុក។

ទាក់ទិនទៅនឹងបណ្ដឹងនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានប្រតិកម្មភ្លាមៗក្រោយៗផ្ទុះព័ត៌មានតែម្តង។ នាងបានសរសេររៀបរាប់យ៉ាងច្រើនប្រតិកម្មតបតទៅនឹងពាក្យបណ្តឹងមួយនេះ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០។

អ្នកនាង ម៉េង កែវពេជ្ជតា បានបកស្រាយថា “ក្រោយពីខ្ញុំបានបកស្រាយអំពីការពិតនៅពីក្រោយនៃសម្លេងជេររបស់ខ្ញុំក្នុងខ្សែរអាត់ និងពាក្យមួលបង្កាច់មួយចំនួនដែលជនថោកទាបបានធ្វើដើម្បីអោយគេស្អប់ខ្ញុំ ពេលនេះខ្ញុំ និងកូនបានទទួលយុត្តិធម៌អំពីមហាជនរាប់លាននាក់ហើយ គឺលែងមានការយល់ច្រលំ និងបានទទួលនូវការអាណិត ការផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅ ។ ម្តាយកូនយើងខ្ញុំសូមគោរពអរគុណលោកទាំងអស់ខ្លាំងណាស់។ ប៉ុន្តែអតីត ស្វាមីបោះត្រារបស់ខ្ញុំ ដែលពាក់ផ្កាយលើស្មាដោយសារខ្ញុំ បានដឹកដៃប្រពន្ធចុងក្មេងជាង៣០ឆ្នាំមកប្តឹងខ្ញុំអោយឡើងតុលាការទៅវិញ ! ផ្កាយលើស្មានេះបានធ្វើបាបខ្ញុំ និងកូនកាលពី១០ឆ្នាំមុនម្តងហើយ។ ពិតជាសក្តិសមនិងកិត្តិយសឯកឧត្តមផ្កាយបីនៃក្រសួងមហាផ្ទៃមែន ក្លាហានណាស់ ក្លាហានបានតែជាមួយមនុស្សស្រី និងកូនក្មេង ។ ដើម្បីផ្គាប់ចិត្តស្រីចុង ហ៊ានលើកដៃធ្វើបាបកូនខ្លួនឯង !”។

តារាចម្រៀងស្រីរូបនេះបានសរសេរថា បងប្អូនណាអាចឆ្លើយនឹងខ្ញុំបាន? ក្នុងលោកនេះ តើមានស្ត្រីប៉ុន្មាននាក់ដែលត្រូវប្តីថោកទាបផិតក្បត់ដេញប្រពន្ធកូនចេញពីផ្ទះ ហើយដឹកដៃប្រពន្ធចុងមកប្តឹងប្រពន្ធដើម? ក្នុងលោកនេះ តើមានកូនប៉ុន្មាននាក់ដែលត្រូវរងភាពកំព្រាឪ ព្រោះតែឪស្រីស្រាល្បែង? ក្នុងលោកនេះ តើមានកូនប៉ុន្មាននាក់ដែលត្រូវឪពុកចិត្តតិរិច្ឆាន។ តាមយាយីសូម្បីសល់ម្តាយតែមួយហើយនៅមកតាមបំផ្លាញដោយមិនខ្វល់ដល់ការរស់នៅរៀនសូត្រ និងអារម្មណ៍កូន ឥតល្ហែរបែបនេះ ? តើឯណាទៅកត្តិយសជានាយនគរបាលជាតិ ? ឯណាទៅកិត្តិយសជាមនុស្ស ? ឯណាទៅកិត្តិយសជាឪពុក ?

អ្នកនាង ម៉េង កែវពេជ្ជតា បានថា “គិតទៅ គ្រាន់តែខ្ញុំចង់រកយុត្តិធម៌និងកិត្តិយសដែលបាត់បង់អស់រយៈ១០ឆ្នាំដោយសារពួកគេសោះ ក៏ពួកគេមិនព្រមដែរ ពួកគេចង់អោយខ្ញុំរស់ក្នុងឈ្មោះថោកទាប និងយល់ច្រលំជារៀងរហូត ទើបពួកគេសុខចិត្តពួកគេពិតជាមិនចង់អោយខ្ញុំទទួលបានយុត្តិធម៌ទេ ។ ពេលនេះជុំវិញខ្ញុំសុតតែបីសាច និងខ្មោចព្រាយចូលមករារាំងប៉ុន្តែខ្ញុំមិនខ្លាចឡើយ ! យុត្តិធម៌ត្រូវតែមានសម្រាប់ខ្ញុំ ! ទោះជាពិបាកយ៉ាងណា ក៏ខ្ញុំមិនព្រមសូមទោសអាមនុស្សក្បត់ប្រពន្ធកូន ក្បត់ប្រពៃណីយទាំងពីរនាក់ឯងជាដាច់ខាត ! ! !”។

សូមបញ្ជាក់ថា បើតាមក្នុងពាក្យបណ្តឹង ដាក់ចូលតុលាការកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ស្ត្រី ដែលទំនងជាប្រពន្ធក្រោយរបស់លោកឧត្តមសេនីយ៍ មួង ឃីម ជាអតីតប្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានប្តឹងទាមទារសំណងជំងឺចិត្ត ១០០រៀល និងសុំឲ្យចោទប្រកាន់ ផ្តន្ទាទោសតាមច្បាប់ និងសុំឲ្យប្រកាសសុំទោសលើបណ្តាញសង្គមហ្វេសបុកជាសាធារណៈ៕