សឹងមិនជឿឃើញសប្បាយៗ! តែ Guli Nazha បែរជាធ្លាប់រងការរិះគន់រហូតបាក់ទឹកចិត្តដល់ជ្រុះសក់

ជីវិតជាតារាពិតជាមិនស្រួលដូចការគិតឡើយ ថ្វីបើស្លៀកពាក់ហំហាន មើលទៅថ្លៃថ្នូររស់ក្នុងជីវិតស៊ីវិល័យ តែក៏មិនប្រាកដថាសុខភាពផ្លូវចិត្តពិតជាល្អប្រសើរដូចរូបរាងខាងក្រៅនោះដែរ។ ខ្វះអីតារាសម្ដែង និងតារាចម្រៀងដែលមានវិបត្តិផ្លូវចិត្តធ្លាក់ខ្លួនឈឺដុនដាបដោយសារការរិះគន់តិះដៀលដោយពាក្យអាក្រក់ ពីមហាជន និងតាមប្រព័ន្ធអនឡាញ។

កាលពីថ្មីៗ នេះ តារាសម្ដែងស្រីចិនល្បីឈ្មោះរូបស្រស់ វ័យ ២៨ ឆ្នាំ Guli Nazha បានចូលរួមក្នងកម្មវិធី Hi! Relax <亲爱的请放松>។ អ្វីដែលនឹកស្មានមិនដល់នៅពីក្រោយជីវិតស៊ីវិល័យរបស់នាងបែរជាមានរឿងមិនគួរឲ្យជឿបែបនេះសោះ នាងបានបង្ហើបប្រាប់៖ “នាងធ្លាប់ទទួលរងសម្ពាធខ្លាំង និងបាក់ទឹកចិត្តរហូតដល់ជ្រុះសក់ ដោយសារតែទទួលការរិះគន់តាមប្រព័ន្ធអនឡាញ និងសារ ដែលប្រើពាក្យមិនសមរម្យយ៉ាងខ្លាំង។ នាងពិតជាភ័យខ្លាចរហូតដល់គ្មានភាពជឿជាក់ មានអារម្មណ៍ថាមនុស្សគ្រប់គ្នាស្អប់នាងយ៉ាងខ្លាំង”។

ដល់ចំណុចនេះ រូបនាងទ្រាំមិនបានក៏ចាប់ផ្ដើមសម្រក់ទឹកភ្នែក និងបន្ដទៀតថា៖ “នាងតែធ្លាប់គិតថាអ្វីៗ គឺល្អក្នុងជីវិតនាង តែវាបែរជាប្រែទៅជាអាក្រក់បន្ទាប់ពីឳពុករបស់នាងបានស្លាប់។ មនុស្សក្នុងប្រព័ន្ធអនឡាញមួយចំនួន បែរជាចោទនាងថា នាងដាក់បណ្ដាសារឲ្យឳពុករបស់នាងស្លាប់ ហើយម្ដាយរបស់នាងនឹងស្លាប់ឆាប់ៗ ដូចគ្នា វាពិតជាឃោរឃៅ”។

នាងក៏បានបញ្ជាក់ប្រាប់ថា ពេលនោះហើយដែលនាងចាប់ផ្ដើមជ្រុះសក់ ហើយគ្រប់កន្លែងក្នុងផ្ទះរបស់នាងគឺឃើញសុទ្ធតែសក់ដែលបានជ្រុះចេញពីក្បាលរបស់នាង៕

អត្ថបទដោយ៖ ស្រីពេជ្រ​