ទ្រាំលែងបាន! Dilraba ព្រមានពួកអ្នកគាំទ្ររោគចិត្តកុំឲ្យតាមរញ៉េរញ៉ៃម្ដាយឳពុកនាងទៀត

ជីវិតជាអ្នកសិល្បះដើរក្នុងវិថីតារាពិតជាមិនស្រួលឡើយ ព្រោះតែងតែមានការតាមរំខានពីសំណាកអ្នកគាំទ្រ និងអ្នកកាសែតជាដើម ហើយប្រសិនបើមានពពួកអ្នកគាំទ្ររោគចិត្តទៀតនោះជីវិតកាន់តែយ៉ាប់យឺនតែម្ដង ព្រោះថារស់នៅមិនបានសុខឡើយ។

នាពេលថ្មីៗ នេះ តារាស្រីចិនវ័យ ២៨ ឆ្នាំ Dilraba ដែលប្រិយមិត្តភាគច្រើនស្គាល់តាមរយៈរឿងភាគល្បី «និស្ស័យទេវតាបីជាតិ» បាននិយាយក្នុងបទសម្ភាសមួយថា៖ «ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាឈប់តាមរំខានម្ដាយឳពុករបស់ខ្ញុំទៀត បើមិនដូច្នេះនាងនឹងប្រើធម៌ក្ដៅដាក់ជាមិនខាន គួរតែចំណាយពេលវេលាទៅលើអ្នកផ្ទះរបស់ខ្លួន នាងមិនត្រូវការអ្នកទាំងអស់នោះមករញ៉េរញ៉ៃគ្រួសារនាងឡើយ រឿងគ្រួសាររបស់នាងគួរតែកុំបាច់មកចេះដឹងនោះទេ» ។

មែនទែនទៅ មូលហេតុដែលធ្វើឲ្យតារាសម្ដែងស្រីរូបនេះ ដាច់ចិត្តនិយាយពាក្យពេចន៍ក្នុងចិត្តទាំងនេះក៏ព្រោះតែ ពួកអ្នកគាំទ្ររោគចិត្តទាំងនោះ បានសើបដឹងពី account Wechat របស់ម្ដាយឳពុករបស់នាង ហើយពួកគេតែងតែផ្ងើរសារទៅរញ៉េរញ៉ៃ និងនិយាយបំផ្លើសពីស្ថានភាពរបស់នាងទៅកាន់ឳពុកម្ដាយរបស់នាង ដូចជាកុហកថានាងឈឺ មានបញ្ហានានាពេលធ្វើការជាដើម ដែលធ្វើឲ្យម្ដាយឳពុករបស់នាងផ្ទាល់មានការព្រួយបារម្ភខ្លាំង ណាមួយបើទោះជានាងឈឺពិតមែនក៏នាងមិនចង់ឲ្យគ្រួសារនាងបារម្ភនោះដែរ។ បែបនេះហើយទើបរូបនាង ព្រមានឲ្យឈប់តាមរំខានគ្រួសាររបស់នាងទៀតទៅ៕

អត្ថបទដោយ៖​ ស្រីពេជ្រ