ក្ដៅក្រហាយរញ៉េរញ៉ៃអត់ឈប់! Lixian អត់ខ្វល់ស្រែកថាឲ្យអ្នកកាសែតចំៗ គ្មានទុកមុខឲ្យសូម្បីបន្ដិច

ប្រិយមិត្តជាច្រើនប្រហែលជាបានស្គាល់នូវតារាប្រុសចិនរូបសង្ហារ វ័យ ២៨ ឆ្នាំ Lixian រួចមកហើយ ដោយហេតុថាលោកបានសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួនតាមរយៈរឿងភាគល្បី Go Go Squid! កាលពីចុងឆ្នាំមុន ហើយបានក្លាយជានិមិត្តរូបរបស់អ្នកគាំទ្រជាច្រើនមិនថាតែក្នុងប្រទេស និងក្រៅប្រទេស។

តែភាពល្បីល្បាញរបស់តារាប្រុសរូបនេះ បែរជាធ្វើឲ្យជីវិតឯកជនរបស់ខ្លួន មានភាពហ្វឹកហ្វរដោយសារតែមានការតាមរំខានយាយីពីសំណាកអ្នកគាំទ្រងប់ងល់ និងពួកអ្នកកាសែតតាមប្រមាញ់រូប។ នាពេលថ្មីៗ នេះ តារាសម្ដែងប្រុសរូបនេះ ក៏បានក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គម Weibo ជាមួយ​ hashtag #Givemesomefreedom,ok? ព្រោះតែរូបលោកទ្រាំមិនបាន​ ហើយស្រែកថាឲ្យចំៗ ទៅកាន់អ្នកតាមប្រមាញ់រូប ក៏ដូចជាហ្វេនរបស់លោកផ្ទាល់ ឲ្យទុកសេរីភាពឲរូបលោកខ្លះ ព្រោះលោកហាក់ដូចជាហត់នឿយនឹងរូបភាពដដែលៗ ដែលកើតឡើងក្នុងជីវិតរបស់លោក ដោយត្រូវគេតាមរំខានអត់ឈប់។

មែនទែនទៅនេះ មិនមែនជាលើកទី ១ នោះទេ ដែលតារាសម្ដែងប្រុសរូបសង្ហារ Lixian ត្រូវបានអ្នកគាំទ្រងប់ងល់របស់ខ្លួន និងអ្នកកាសែតតាមរញ៉េរញ៉ៃ បែបនេះហើយទើបធ្វើឲ្យលោកមានភាពធុញទ្រាន់ជាខ្លាំង ព្រោះរកខ្យល់ដកដង្ហើមស្ទើរមិនរួច និងសម្ពាធខ្លាំង។ មិនតែប៉ុណ្ណោះ សូម្បីតែ account Instagram របស់លោកក៏ធ្លាប់មានគេប៉ុនប៉ងចង់ hack ចូលផងដែរ កាលពីប៉ុន្មានខែមុន រហូតដល់តារាប្រុសរូបនេះចេញសេចក្ដីព្រមានទៀតផង៕

អត្ថបទដោយ៖ ស្រីពេជ្រ