ហេតុតែស្រឡាញ់! ស្វាមី Angelababy ប្រាប់ថាចង់ធ្វើរឿងមួយនេះដើម្បីភរិយាខ្លួន

បើទោះជាមានពាក្យចចាមអារ៉ាមរាប់មិនអស់ទាក់ទិននឹងរឿងចំណងអាពាហ៍ពិពាហ៍បែកបាក់ប្រេះឆាយ៉ាងណាក្ដី តែកំពូលតារាសម្ដែងស្រីលំដាប់ A ប្រទេសចិន Angelababy និងស្វាមី Huang XiaoMing គឹមិនដែលខ្វល់ និងចេញមុខបកស្រាយឡើយ។ ប៉ុន្ដែជំនួសមកវិញនូវការបង្ហាញសកម្មភាពនានា តាមរយៈបណ្ដាញសង្គមដែលបញ្ជាក់ថាទំនាក់ទំនងអ្នកទាំងពីរនៅតែមានភាពល្អប្រសើរ គ្មានបែកបាក់ដូចមហាជនបានលើកឡើងនោះទេ។

នាពេលថ្មីៗ នេះ តារាសម្ដែងប្រុសលោក Huang XiaoMing ក៏បានចូលរួមក្នុងកម្មវិធីមួយក្នុងប្រទេសចិន ហើយនាពេលនោះផងដែរ រូបលោកផ្ទាល់ក៏បង្ហាញចំណាប់អារម្មណ៍ថា លោកពិតជាចង់រៀនធ្វើម្ហូបយ៉ាងខ្លាំង។ លោកក៏បានប្រាប់ទៀតថា ភរិយារបស់លោក Angelababy នេះហើយដែលជាមូលហេតុធ្វើឲ្យលោកចង់រៀន ព្រោះថាធ្លាប់មានពេលដែលភរិយារបស់ខ្លួន សរសើរថា លោកធ្វើម្ហូបឆ្ងាញ់ ដូច្នេះលោកពិតជាចង់រៀនបន្ថែមទាក់ទងនឹងការធ្វើម្ហូបដើម្បីប្រពន្ធរបស់ខ្លួន៕

អត្ថបទដោយ៖ ស្រីពេជ្រ