តារាសម្ដែងស្រីជើងចាស់ ហុងកុង Charmaine Sheh សម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ក្រោយតារាសម្ដែងប្រុសម្នាក់ហ៊ានធ្វើបែបនេះដាក់នាង

នាពេលថ្មីៗ នេះ តារាសម្ដែងស្រីជើងចាស់ Charmaine Sheh ដែលប្រិយមិត្តភាគច្រើនបានស្គាល់រួចមកហើយតាមរយៈរឿងភាគល្បីៗ ជាច្រើនរបស់ ហុងកុង បានចូលរួមក្នុងកម្មវិធីមួយរបស់ប្រទេសចិន Not a Loner <看我的生活>។ ក្នុងពេលនោះដែរ កម្មវិធីក៏តម្រូវឲ្យតារាសម្ដែងស្រីរូបនេះ​ ចាប់គូជាមួយនឹងតារាសម្ដែងប្រុស Darren Wang ទៅដើរលេងនៅសួនកម្សាន្ដ។

ខណៈពេលដែលទន្ទឹងរង់ចាំទិញតែទឹកដោះគោ នៅសួនកម្សាន្ដ តារាសម្ដែងស្រីវ័យ ៤៥ ឆ្នាំ បាន លើកឡើងថា ភាគច្រើនមនុស្សប្រុសគឺហ៊ានលេង និងជិះឧបករណ៍កម្សាន្ដខ្ពស់ៗ។ ស្របពេលនោះតារាសម្ដែងប្រុសរូបនេះបែរជាស្រាប់តែនិយាយថា មនុស្សចាស់មិនហ៊ានជិះរបស់បែបនេះទេ ព្រោះពួកគេខ្លាចស្លាប់ ដែលជាដើមហេតុធ្វើឲ្យ Charmaine មានការទើសទាស់ និងមិនពេញជាខ្លាំង។

ក្រោយមកតារាសម្ដែងស្រីរូបនេះ ក៏បានចោទសួរថា តើឯងនិយាយពីអាយុខ្ញុំមែនទេ? បន្ទាប់រូបនាងក៏និយាយបន្ដដោយឥតលាក់លៀមថា ខ្ញុំពិតជាស្អប់ នៅពេលដែលគេរំលឹកពីអាយុរបស់ខ្ញុំបែបនេះ។ ដោយឃើញស្ថានភាពមិនស្រួល ហើយហាក់ដូចជាដឹងខ្លួនថា លេងសើចលើសលស់ តារាសម្ដែងប្រុសវ័យ ២៩ ឆ្នាំ រូបនេះ ក៏បានតបទៅវិញទាំងប្រញាប់ប្រញាល់ថា ថ្ងៃកំណើតយើងខុសគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដូច្នេះបង មានអាយុចាស់ជាងខ្ញុំតែប៉ុន្មានថ្ងៃទេ ដើម្បីជាការលួងលោមតារារាមច្បង កុំឲ្យមានការខឹង និងអាកអន់ស្រពោនចិត្តចំពោះខ្លួន៕

អត្ថបទដោយ៖ ស្រីពេជ្រ