មាស សុខសោភា ទម្លាយអារម្មណ៍​ពិត​ ក្រោយ​មិន​បាន​ចូលរួម​ក្នុង​ពិធី​រៀប​មង្គលការ​តារាចម្រៀង​ ឳក សុគន្ធកញ្ញា​

219

​សិល្បករ-សិល្បការិនីល្បីៗជាច្រើន បានបង្ហាញវត្តមានបន្តបន្ទាប់​ ក្នុងពិធីមង្គលការរបស់កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា ប្រកបដោយស្នាមញញឹម ភាពសប្បាយរីករាយនោះ។ ស្រាប់តែតារាចម្រៀងរួមអាជីព គឺអ្នកនាង មាស សុខសោភា បានសម្តែងនូវការសោកស្តាយ និងប្រកាសជាសាធារណៈថា ខ្លួនមិនបានចូលរួម ថ្ងៃពិសេសរបស់ ឱក សុគន្ធកញ្ញា នោះទេ។

តែទោះជាយ៉ាងណា ភ្ជាប់ជាមួយនឹងសារសោកស្តាយ ដែលមិនបានចូលរួមថ្ងៃពិសេសរបស់ ​ឱក សុគន្ធកញ្ញា, មាស សុខសោភា បានរៀបរាប់នូវរឿងរ៉ាវជូរចត់ជាច្រើន ​បានឆ្លងកាត់កន្លងមកជាមួយ ឱក សុគន្ធកញ្ញា តាំងពីនាងចូលដល់ទឹកដីក្រុងភ្នមពេញ ជាលើកដំបូង។

បើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ មាស សុខសោភា បានសរសេរសារយ៉ាងដូច្នេះថា «ក្នុងនាមជាមិត្តរួមការងារម្នាក់ នាងខ្ញុំពិតជាមានអារម្មណ៍ថា សោកស្តាយដែលមិនបានចូលរួម ក្នុងថ្ងៃពិសេសមួយនេះ ​ហើយវាលើសពីសោកស្តាយ​ប្រសិនបើនាងខ្ញុំយកអារម្មណ៍ ​ក្នុងនាមជាបងស្រីម្នាក់​ដែលមិនបាននិយាយពាក្យជូនពរ ដោយផ្ទាល់ដល់ប្អូនស្រី​ក្នុងថ្ងៃ​មង្គល ដែលមានតែម្តងក្នុងជីវិត។ បើសិនជាមានវេទមន្ត​​​ នាងខ្ញុំនិងធ្វើវាភ្លាម ដើម្បីសម្រេចបំណងប្រាថ្នាចង់ចូលរួម កម្មវិធីអាពាហ៍ពិពាហ៍នេះ»

Loading...

អ្នកនាង មាស សុខសោភា បានសរសេរលើសរសើរ មិត្តរួមអាជីពម្នាក់នេះថា «កញ្ញា​ គឺមិនត្រឹមតែជាមិត្តរួមការងារម្នាក់នោះទេ​ ថែមទាំងជាប្អូនស្រីដ៏ល្អម្នាក់របស់ខ្ញុំ។ យើងបានចែករំលែកអាថ៌កំបាំងជាច្រើន​ និងឆ្លងកាត់នូវអនុស្សាវរីយ៍ សប្បាយរីករាយរួមគ្នារាប់មិនអស់។ អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះ ​អំពីមេរៀនជីវិត ជាអ្នកចម្រៀងនាពេលរាត្រី​ កំឡុងពេល​ដែលនាងខ្ញុំមកដល់រាជធានីភ្នំពេញដំបូង​ អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះ ឲ្យយល់​ និងស្គាល់​អំពីអ្វីទៅដែលជា​ភាពសប្បាយរីករាយ​ និងការកំសាន្តជាមួយក្រុមការងារ។ អនុស្សាវរីយ៍ ដ៏​ជូរចត់មិនអាចបំភ្លេចបាននោះ គឺពេលវេលាដែលកញ្ញា ​ជួយខ្ញុំផ្លាស់ប្តូរសំបកកង់របស់ខ្ញុំ​ទាំងកណ្តាលយប់នៅលើស្ពានជ្រោយចង្វារ នៅពេលដែលយើងចេញពីច្រៀងជាមួយគ្នា»

«សម្លាញ់ម្នាក់នេះ​ បងស្រីម្នាក់នេះ​ ពិតជារំភើប​​​​ ​ត្រេកអរ​ជាខ្លាំងដែលសម្លាញ់ ក៏ដូចជា​ប្អូនស្រីបានរកឃើញ ដៃគូជីវិត។ សូមអបអរសាទរ និងជូនពរពីចង្ងាយដល់ប្អូនស្រីកញ្ញា ​និងស្វាមីក្នុងថ្ងៃជ័យមង្គល​ទទួលបាននៅសុខ​ សុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត»។ មាស សុខសោភា បញ្ជាក់បន្ថែម។

គួរជម្រាបថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះគឺជាថ្ងៃមង្គលការ របស់កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងលោក អ៊ឹង សុខលី ដែលជាប្អូនប្រុសថៅកែហង្សមាស។ ក្រៅពីការផ្តល់កិត្តិយសយ៉ាងធំធេង ពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសហើយនោះ ​គូស្វាមីភរិយាថ្មីថ្មោងទាំងពីរ ក៏ទទួលបាននូវពរជ័យ ក៏ដូចជាការសារទរជាច្រើន ពីសំណាក់សាច់ញាតិបងប្អូនទាំងសងខាង និងអ្នករួមជាជីពជាមួយគ្នាផងដែរ៕

Loading...
TodaySharing News

FREE
VIEW