អីយ៉ា! Ploy សង្សារចាស់ Dome សរសេរសារបែបនេះនៅលើរូបភាពភ្ជាប់ពាក្យរបស់លោកទៀត!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថាកាលពីថ្ងៃទី ១០ ខែកក្កដាកន្លងទៅនេះ តារាសម្ដែងថៃប្រុសសំបូរប្រជាប្រិយភាពលោក Dome Pakornlam និងនាង Metal Sukkhao បានរៀបចំកម្មវិធីភ្ជាប់ពាក្យរបស់ខ្លួនយ៉ាងអធិកអធម សឹងតែផ្អើលអស់សិល្បៈថៃថែមទៀតផង។

ក្នុងនោះផងដែរ ក្រោយពេលកម្មវិធីភ្ជាប់ពាក្យកន្លងផុតទៅប៉ុន្មានថ្ងៃ ស្រាប់តែលោក Dome បានបង្ហោះរូបភាពមួយសន្លឹកជាមួយនិងគូដណ្ដឹងលោក ក្នុងឈុតប្រពៃណីយ៉ាងស្រស់ស្អាត និងបានភ្ជាប់សារមួយឃ្លាថា «អរគុណសម្រាប់ពាក្យជូនពររបស់អ្នកទាំងអស់គ្នា អរគុណសម្រាប់ការជូនពរដល់ពួកយើង»។

 

ពិតណាស់តាមរយៈរូបភាពនេះផងដែរ អ្វីដែលធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងនោះគឺ គ្រាន់តែលោក Deme បង្ហោះរូបមិនបានប៉ុន្មានផងដែរ តារាសម្ដែងស្រីល្បីឈ្មោះនាង Ploy Chermarn ដែលជាអតីតមិត្តស្រីរបស់លោក បានចូលទៅបញ្ចេញសារមួយឃ្លាថា៖

«អបអរសាទរបង Dome និងអូន Metal។ មួយគូនេះពិតជាគួរឲ្យស្រលាញ់ខ្លាំងបំផុត។ ខ្ញុំស្រលាញ់អ្នកទាំងពីរ»។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរពីទំនាក់ទំនងរវាង Ploy និង Dome ទោះបីជាធ្លាប់មានទំនាក់ទំនងស្នេហា និងបែកបាក់គ្នាក៏ដោយ តែមិត្តភាពអ្នកទាំងពីរនៅតែមិនប្រួលប្រែនោះទេ៕

អត្ថបទដោយ៖សុីវលី