អ្នកគាំទ្ររឿង «The Untamed» ត្រៀមខ្លួន! ខ្សែភាគយន្ដ «The Living Dead» ចាក់បញ្ចាំងនៅថ្ងៃស្អែកនេះហើយ

ជាការពិតណាស់រឿងភាគបុរាណចិនដែលមានចំណងជើងថា​ «The Untamed» គឺជារឿងភាគដ៏ល្បីល្បាញខ្លាំងក្លាមួយក្នុងឆ្នាំ ២០១៩ នេះ ពីព្រោះតែរឿងភាគនេះ ប្រជុំទៅដោយតារាសម្ដែងវ័យក្មេងជាច្រើនដែលមានសមត្ថភាពប៉ិនប្រសប់ក្នុងការសម្ដែង។

មិនតែប៉ុណ្ណោះរឿងភាគមួយនេះ ក៏បានស្រូបយកក្ដីស្រលាញ់ពីមហាជនជាច្រើននៅជុំវិញពិភពលោក សូម្បីតែនៅប្រទេសកម្ពុជាយើងផ្ទាល់ក៏មានអ្នកគាំទ្រយ៉ាងសន្ធឹករបស់រឿងភាគមួយនេះផងដែរ។ បន្ទាប់ពីការចាក់បញ្ចាំងរឿងភាគមួយនេះត្រូវបានបញ្ចប់ អ្នកគាំទ្រជាច្រើននៅតែមិនទាន់អស់អាល័យដោយហេតុថារឿងភាគមួយនេះពិតជាល្អទស្សនា។

យ៉ាងណាមិញ វាអាចជាដំណឹងដ៏ល្អសម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្ររឿង «The Untamed» ពីព្រោះថារឿងភាគមួយនេះនឹងចេញខ្សែភាពយន្ដបន្ដដែលនឹងនិយាយរៀបរាប់ពីដំណើរផ្សងព្រេងបន្ដរបស់តួអង្គសំខាន់ពីរគឺ WenNing ដែលសម្ដែងដោយ តារាប្រុស YuBin និង Lan ShiZhui ដែលសម្ដែងដោយ Zheng FangXin។

ចំពោះខ្សែភាគយន្ដដែលមានចំណងជើងថា «The Living Dead» ដែលជាខ្សែស្រឡាយរបស់រឿងភាគ «The Untamed» ផ្ដោតសំខាន់លើតួអង្គ ២ គឺ WenNing និង Lan ShiZhui នេះ នឹងចាក់បញ្ចាំងជាផ្លូវការនូវថ្ងៃស្អែកទី ៧ ខែ វិចិ្ឆកា ឆ្នាំ ២០១៩ នេះហើយ នៅលើវេបសាយ iQIYI របស់ប្រទេសចិន។

ចំពោះប្រិយមិត្តដែលជាអ្នកគាំទ្ររឿងភាគមួយនេះកុំភ្លេចរង់ចាំទស្សនាណា៕

ប្រភព៖ Dramapanda

អត្ថបទដោយ៖ ស្រីពេជ្រ