អ្នកគាំទ្ររឿង Go Go Squid! សប្បាយចិត្តទៅ! Li Xian និង Yang Zi ត្រៀមសម្ដែងរឿងភាគរួមគ្នាសារជាថ្មីម្ដងទៀតហើយ

កាលពីថ្មីៗ កន្លងទៅនេះ​ Kris Wu ដែលជាបុរសរូបសង្ហារអតីតសមាជិកក្រុម Exo និងជាតារាចម្រៀងចិនដ៏ល្បីនឹងត្រៀមខ្លួនបញ្ចេញថ្វីដៃសម្ដែងក្នុងរឿង A Story of Hairpin ដែលជាប្រភេទរឿងបុរាណដ៏ល្បីដែលមានប្រភពចេញពីប្រលោមលោក។

យ៉ាងណាមិញ បើតាមប្រភពពត៌មាន jaynestars បានបញ្ជាក់ប្រាប់ឲ្យដឹងថា រឿងចាប់ផ្ដើមថតទៅហើយក៏ប៉ុន្ដែបែរជាគ្មានលេចលឺដំណឹងពីតួឯកប្រុសលោក Kris Wu ទាល់តែសោះ ក្រោយមានហេតុការណ៍បែបនេះកើតឡើងក៏មានការបញ្ជាក់ប្រាប់ថា តួឯកប្រុសបានផ្លាស់ប្ដួរទៅហើយ។ ហើយតួឯកប្រុសដែលមកទទួលតំណែងជំនួស Kris នោះគឺតារាប្រុសរូបសង្ហារកំពុងឡើងកូត Li Xian ដែលជាតួឯកប្រុសក្នុងរឿងភាគដ៏ល្បី Go Go Squid! ។

គួររំលឹកផងដែរថា តួឯកស្រីនៅក្នុងរឿង A Story of Hairpin គឺជាតារាស្រីដែលកំពុងលេចធ្លោនៅក្នុងប្រទេសចិន Yang Zi ហើយរូបនាងក៏ជាតួឯកស្រីក្នុងរឿង Go Go Squid! ផងដែរ។ នេះពិតជាដំណឹងដ៏គួរឲ្យរីករាយសម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្រនូវរឿងភាគ Go Go Squid! ពីព្រោះថា Li Xian និង Yang Zi មានឱកាសបានចាប់ដៃគូសម្ដែងរួមគ្នាសារជាថ្មីក្នុងរឿងភាគបុរាណ៕

ប្រភពដោយ៖ jaynestars

អត្ថបទដោយ៖ ស្រីពេជ្រ