ស្ងាត់ៗ! បុរសសង្ហារ Chen សមាជិកក្រុម​ Exo ប្រកាសថានឹងរៀបការក្នុងពេលឆាប់ៗ​ នេះ

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា Exo គឺជាក្រុមចម្រៀងកូរ៉េបុរសដែលមានប្រជាប្រិយភាពដ៏សម្បើមមួយ។​ មិនតែប៉ុណ្ណោះ សូម្បីតែសមាជិកនីមួយៗ ក៏មានទេពកោសល្យ និងភាពល្បីល្បាញមិនធម្មតា។ យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះគឹ សមាជិកម្នាក់របស់ក្រុមចម្រៀងបុរសមួយនេះ Chen បានប្រកាសដំណឹងមួយដល់អ្នកគាំទ្ររបស់ខ្លួនថានឹងជិតរៀបមង្គលការក្នុងពេលឆាប់ៗ នេះហើយ។

ផលិតកម្ម SM Entertainment ដែលជាទ្រនំរបស់តារាចម្រៀងប្រុសរូបនេះក៏បានបញ្ជាក់ជាផ្លូវការផងដែរថា Chen នឹងរៀបមង្គលការក្នុងពេលឆាប់ៗ នេះ ដោយអមជាមួយសំបុត្រដែលតារាប្រុសរូបនេះសរសេរជូនទៅកាន់អ្នកគាំទ្ររបស់ខ្លួនដែលទើបនឹងចេញក្ដៅៗ មុននេះ មានអត្ថន័យដូចខាងក្រោម៖

“សួស្ដី! ខ្ញុំគឺ Chen ។ ខ្ញុំសរសេរសំបុត្រនេះ ពីព្រោះថាខ្ញុំមានរឿងចង់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នា ។ ខ្ញុំពិតជាមិនដឹងថាគួរចាប់ផ្ដើមនិយាយពីកន្លែងណាទៅនោះទេ ពីព្រោះថាខ្ញុំពិតជាមានអារម្មណ៍ថា ភ័យខ្លាច ក្នុងការប្រាប់រឿងនេះដល់អ្នកទាំងអស់គ្នា ប៉ុន្ដែខ្ញុំចង់ធ្វើជាមនុស្សដំបូងដែលប្រាប់នូវរឿងរ៉ាវទាំងអស់នេះទៅកាន់អ្នកដែលគាំទ្ររបស់ខ្ញុំ ដែលតែងតែគាំទ្រដល់រូបខ្ញុំ។

ខ្ញុំមានមិត្តស្រីម្នាក់ដែលខ្ញុំចង់ចំណាយពេលពេញមួយជីវិតនៅជាមួយនាង។ ពីដំបូងខ្ញុំពិតជាភ័យខ្លាច ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តពិភាក្សាជាមួយនឹងផលិតកម្ម និងសមាជិកក្រុម ដើម្បីរកវិធីដែលល្អក្នុងការប្រាប់នូវដំណឹងមួយនេះ។

ខ្ញុំពិតជាមានក្ដីរីករាយនៅពេលដែលសមាជិករបស់ខ្ញុំបានចូលរួមអបអរដល់រូបខ្ញុំ ហើយក៏អរគុណដល់អ្នកគ្រប់គ្នាដែលតែងតែគាំទ្រ និងផ្ដល់ក្ដីស្រលាញ់។ ខ្ញុំនឹងដឹងគុណ ហើយចងចាំនូវក្ដីស្រលាញ់ទាំងអស់នេះ ជាពិេសសនឹងខិតខំប្រឹងប្រែងបន្ដសកម្មភាពក្នុងក្រុមដូចកាលពីមុន៕

ដោយក្ដីគោរព អរគុណ!”

គួររំលឹកផងដែរថា មិត្ដស្រីរបស់តារាប្រុសរូបនេះគឺជានារីសាមញ្ញម្នាក់ ហើយមង្គលការរបស់ពួកគេទាំងពីរនឹងប្រារព្ធបែបលក្ខណះឯកជនដែលមានតែការចូលរួមពីសាច់ញាតិ និងអ្នកជិតដិតប៉ុណ្ណោះ៕

ប្រភព៖ Allkpop

អត្ថបទដោយ៖ ស្រីពេជ្រ