នៅ Single យូរពេកឡើងម៉ាក់ធុញ! Eddie Peng ត្រូវម្ដាយដេញឲ្យទៅរកមិត្តស្រី

លោក Eddie Peng គឺជាតារាសម្ដែងជើងចាស់រូបសង្ហារដ៏មានប្រជាប្រិយភាពមួយរូបរបស់ប្រទេសចិន។ ថ្វីបើជីវិតសិល្បៈហាក់ដូចជាមានភាពជោគជ័យ ប៉ុន្ដែជីវិតឯកជនរបស់លោកហាក់ដូចជាមិនសូវស្រស់បំព្រងប៉ុន្មានទេ ពីព្រោះថាគ្មានមិត្តស្រីនៅមើលថែទាំបេះដូងដូចតារាប្រុសឯទៀតដែលមានវ័យប្រហាក់ប្រហែលលោក។

ជាការពិតទៅ តារាប្រុសរូបនេះក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា លោកបានរៀបការរួចទៅហើយជាមួយនឹងមនុស្សស្រីសាមញ្ញម្នាក់ ប៉ុន្ដែក្នុងឱកាសដែលលោកបានចូលរួមក្នុងកម្មវិធី “Date with Lu Yu” លោកក៏បាននិយាយថា “មិនមានរឿងបែបនេះនោះទេ បើលោកមានសង្សារ អ្នកគ្រប់គ្នានឹងបានដឹងជាមិនខាន ប៉ុន្ដែអ្វីដែលសំខាន់លោកមិនមានស្នេហាអស់រយៈពេល ៥ ឆ្នាំ មកហើយ”។

តារាប្រុសរូបនេះក៏បានបន្ដទៀតថា “លោកតែងតែនាំម្ដាយរបស់លោកទៅដើរលេងជាមួយគ្នា រហូតដល់ម្ដាយរបស់លោកប្រាប់ថាឲ្យរកមនុស្សម្នាក់ទៅជាមួយទៅហើយឈប់នាំរូបគាត់ទៅទៀត ប៉ុន្ដែលោកពិតជាគ្មានអ្នកដែលត្រូវទៅជាមួយ ម្យ៉ាងទៀតលោកក៏មិនចង់បានសង្សារតាមរយៈកាលជ្រើសរើសគូស្រករឡើយ ពីព្រោះដូចជាមិនទំនង”។

គួររំលឹកផងដែរថា ឆ្នាំនេះតារាប្រុសរូបសង្ហារនេះមានវ័យ ៣៧ ឆ្នាំហើយ ប៉ុន្ដែមិនទាន់រកឃើញនូវមនុស្សជាទីស្រលាញ់របស់ខ្លួននៅឡើយទេ៕

ប្រភព៖ Jiejie38

អត្ថបទដោយ៖ ស្រីពេជ្រ

Loading...