ពូកែត្រូវគេចោទថាមានសង្សារពេក! Karry Wang ត្រៀមប្ដឹងអ្នកចែកចាយពត៌មានមិនពិត

ជាតារាវ័យក្មេងដែលកំពុងមានប្រជាប្រិយភាពខ្លាំងសម្បើមនៅប្រទេសចិន Karry Wang ដែលជាតារាសម្ដែង និងជាសមាជិកក្រុមចម្រៀង TFboys តែងតែត្រូវក្រុមអ្នកកាសែតចោទប្រកាន់ថាមានទំនាក់ទំនងស្នេហាឥតឈប់ឈរ ម្ដងថាមានទំនាក់ទំនងស្នេហាជាមួយនឹងក្រុមការងាររបស់ខ្លួន ម្ដងទៀតក៏ថាមានស្នេហាជាមួយមិត្តរួមសាលា។

ប៉ុន្ដែអ្វីដែលធ្វើឲ្យតារាសម្ដែងប្រុសវ័យ ២០ ឆ្នាំ រូបនេះកាន់តែឈឺក្បាលគឺត្រូវបានគេចោទប្រកាន់ថាមានទំនាក់ទំនងស្នេហាជាមួយតារាស្រីរៀមច្បមដែលកំពុងមានកេរ្ដិ៍ឈ្មោះល្បី YangZi ក្រោយប្រទះឃើញអ្នកទាំងពីរចូល Karaoke ជាមួយគ្នា។ តារាប្រុស-ស្រី មួយគូនេះ ជួបគ្នានូវកំឡុងពេលដែលថតកម្មវិធី “Chinese Resturant 3” ហើយចាប់តាំងពីពេលនោះមកក៏មានរឿងអាស្រូវជាហូរហែរថាមានទំនាក់ទំនងស្នេហានឹងគ្នា ប៉ុន្ដែអ្នកទាំងពីរបានចេញមុខបកស្រាយរួចម្ដងទៅហើយថាគ្មានទំនាក់ទំនងពិសេសអ្វីនោះទេ ក្រៅពីមិត្តរួមអាជីព។

បើទោះបីជាមានការបកស្រាយយ៉ាងណា តែហាក់ដូចជាគ្មានប្រសិទ្ធភាពឡើយ ពោលគឺតារាប្រុសវ័យក្មេងរូបនេះនៅតែមានការរំខានពីអ្នកកាសែត ក៏ដូចជាមតិមហាជន ដែលធ្វើឲ្យតារាប្រុសរូបនេះសម្រេចចិត្ដលេងធម៌ក្ដៅដាក់ពាក្យបណ្ដឹងដល់ជនណាដែលបន្ដចែកចាយពត៌មានមិនពិត និងសង្ឃឹមថាគ្មានការរំខានជីវិតឯកជនរបស់លោកទៀតឡើយ៕

 

 

អត្ថបទដោយ៖ ស្រីពេជ្រ