អ្នកមានជំងឺប៉ុន្មាន​ប្រភេទនេះ ងាយគ្រោះថ្នាក់ដល់ជីវិត​​ដោយ​វីរុស COVID-19

ការ​ប្រយុទ្ធ​ទល់​នឹង​ជំងឺបង្ក​ដោយ​វីរុស COVID-19 បើ​និយាយ​ចំពោះ​គ្រូពេទ្យ​គឺ​ប្រៀប​ដូច​ជា​ការ​ប្រយុទ្ធ​ដែល​មិន​ដឹង​ទាល់​តែ​សោះ​ពី​គូ​សត្រូវ។ តើ​គ្នា​យើង​ដែល​មាន​ចម្ងល់​ទេ ថា​តើ​វីរុស​នេះ វាយ​ប្រហារ​ទៅ​លើ​រាង​កាយ​អ្នក​ជំងឺ​បាន​​យ៉ាង​ដូច​ម្ដេច? តើ​រោគ​សញ្ញា​ពេញ​លេញ​មាន​អ្វី​ខ្លះ? តើ​មនុស្ស​ប្រភេទ​ណា​ខ្លះ​ដែល​ងាយ​នឹង​ឈឺ​ធ្ងន់ ឬ​អាច​នឹង​ស្លាប់? តើ​ត្រូវ​ព្យាបាល​វា​យ៉ាង​ដូច​ម្ដេច? ខាង​ក្រោម​នេះ​គឺ​ជា​ការ​សិក្សារ​ដែល​គ្រូពេទ្យ​ជួរ​មុខ​នៅ​តំបន់​អ៊ូហាន​ប្រទេស​ចិន ចាប់​ផ្ដើម​ផ្ដល់​ចម្លើយ​ចំពោះ​សំនួរ​ទាំង​នេះ។

តាម​របាយ​ការណ៍​របស់​អាជ្ញារ​ធរ​គ្រប់​គ្រង​ជំងឺ​របស់​ប្រទេស​ចិន ដោយ​ផ្ដោត​លើ​ករណី​ជំងឺ ចំនួន ៤៤០០០ករណី​បាន​បង្ហាញ​​ថា​ភាគ​​ច្រើន​​នៃ​អ្នក​ផ្ទុកវីរុសជា​ករណី​ស្រាល៖
– ៨១% នៃ​អ្នក​ឆ្លងមាន​​រោគ​សញ្ញា ស្រាល
– ១៤% នៃអ្នកឆ្លងមាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ
– ៥% នៃអ្នកឆ្លងមានរោគសញ្ញា​​ធ្ងន់​ធ្ងរ​ខ្លាំង

អត្រា​ឆ្លង​ទាំង​ប្រុស​និង​ស្រី គឺ​ស្មើរ​គ្នា ដែល​ផ្ទុយ​ពី​របាយ​ការណ៍​មុន​​ថា​វីរុស​នេះ ងាយ​ឆ្លង​ចំពោះ​មនុស្ស​ប្រុស។

គ្រុន​ក្ដៅ និង​ការ​រលាក​សួត

ពពួក​វីរុសកូរ៉ូណា​ ធ្វើ​ឲ្យ​ប៉ះពាល់​ជាលិកា និង​ផ្លូវ​ដង្ហើម​ខាង​ក្នុង​ជ្រៅ​របស់​សួត ជាជាង​នៅ​ត្រឹម​តែ​នៅ​ច្រមុះ។ គ្រុន​ក្ដៅ អស់​កម្លាំង ​​និង​ក្អក​ស្ងួត គឺ​ជា​រោគ​សញ្ញា​ដែល​កើត​មាន​ទូទៅ ចំពោះ​អ្នក​ជំងឺ​ដែល​ចូល​សម្រាក​ពេទ្យ។ ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​មាន​រោគ​សញ្ញា​នេះ​ទេ នេះបើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​គ្រូពេទ្យ​នៅ​ទី​ក្រុង​អ៊ូហាន។
រោគ​សញ្ញា​ផ្សេងទៀត​រួម​មាន៖
– ៣១% ពិបាក​ដក​ដង្ហើម មាន​ដង្ហើម​ខ្លីៗ
– ១១% ឈឺ​សាច់​ដុំ
– ៩% វង្វេងវង្វាន់
– ៨% ឈឺ​ក្បាល
– ៥% ឈឺ​ក

ជំងឺបង្កដោយវីរុស COVID-19 អាច​វិវត្ត​ទៅ​ជា​រលាក​សួត (Pneumonia) គឺ​រលាក​សាច់​សួត និង​រលាក​ថង់​សួត​តូច​ៗ ដែល​ជា​កន្លែង​​អុកស៊ីហ្សែន ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ហើយ​សរីរាង្គ​ក្នុង​ខ្លួន​គឺ​ខ្សោយ​ខ្លាំង។ ប៉ុន្តែ​ការ​សិក្សារ​ទាំង​នេះ គឺ​យោង​ទៅ​តាម​ករណី​អ្នក​ជំងឺ​ដែល​ឈឺ​ធ្ងន់​ធ្ងរ​បំផុត​ប៉ុណ្ណោះ ដែល​គេ​តម្រូវ​ឲ្យ​សម្រាក​ពេទ្យ ហើយ​ករណី​ដែល​ស្រាល គឺ​មិន​មាន​ឃើញ​រោគ​សញ្ញា​ទាំង​នេះឡើយ។

ករណី​ស្លាប់​ដំបូង

បើ​យោង​តាម​របាយការណ៍​លម្អិត របស់ Lancet Medical Journal ស្ដី​ពី​ករណី​ស្លាប់​ដំបូង​ចំពោះ​អ្នក​ជំងឺ​ពីរ​នាក់​នៅ​ទីក្រុង​អ៊ូហាន គឺ​អ្នក​ជំងឺ​ហាក់​មើល​ទៅ​មាន​សុខភាព​ល្អ ទោះបី​អ្នកទាំងនោះ​​ជា​អ្នក​ជក់​បារី​រយៈពេល​យូ​មក​ហើយ​ក៏​ដោយ ដែល​នេះជា​ហេតុ​ធ្វើ​ឲ្យ​សួត​របស់​អ្នកទាំងពីរ​ខ្សោយ។

ករណី​ទី មួយ​គឺ​បុរស​វ័យ​៦១​ឆ្នាំ​ បាន​​មក​ដល់​មន្ទី​ពេទ្យ​ដោយមាន​អាការៈ​រលាក​សួត​ធ្ងន់ធ្ងរ។ បុរសរូបនោះ​​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ ហើយ​សួត​របស់​លោក​​មិន​អាច​ផ្ដល់​អុកហ្ស៊ីហ្ស៊ែន​ឲ្យ​បាន​​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​រាង​កាយ​អាច​ទ្រទ្រង់​ជីវិត​បាន។ ក្រោយ​ពី​ដាក់​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម (Ventilator) សួត​របស់​លោក​នៅតែ​ខ្សោយ​ ហើយ​បេះដូង​របស់​លោក​​ក៏​ឈប់​លោត ហើយក៏​ស្លាប់​បន្ទាប់ពី​​១១​ថ្ងៃ​ ក្រោយ​​បាន​ចូល​ព្យាបាល​​មន្ទីរ​ពេទ្យ។

ចំពោះ​អ្នក​ជំងឺ​ទី​ពីរ មាន​អាយុ ៦៩​ឆ្នាំ ​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ​ដូច​គ្នា។ អ្នកជំងឺរូបនេះ​បាន​ប្រើ​​ម៉ាស៊ីន​ជំនួយ​សួត (artificial Lung ឬ ECMO) ប៉ុន្តែ​ម៉ាស៊ីន​នោះ គឺ​មិន​អាច​ជួយ​គាត់​គ្រប់​គ្រាន់​ឡើយ។ អ្នកជំងឺស្លាប់​ដោយ​សារ​បញ្ហា​រលាក​សួត​ធ្ងន់ធ្ងរ និង Septic Shock (ស្ថាន​ភាព​ជំងឺ​ដែល​នាំ​ឲ្យ​ស្ទះស្លាប់​​ដោយ​សា​តែ​មេរោគ​មាន​នៅ​ក្នុង​ឈាម)។

មនុស្ស​កាន់​តែ​ចាស់​កាន់​តែ​ប្រឈម​នឹង​ស្លាប់​ដោយ​សារ​ជំងឺ​នេះ

តាម​របាយ​ការណ៍​ពី​អាជ្ញាធរ​គ្រប់​គ្រង​ជំងឺ​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ជំងឺ​អាយុ​ក្រោម ៥០​ឆ្នាំ ត្រឹម​តែ ០,៥%​ប៉ុណ្ណោះ​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​នេះ។ ទោះយ៉ាងណា​ តួលេខនេះមិន​ទាន់​អាច​រាប់ថាពិត​ប្រាកដ​ទាំងស្រុងបាន​ទេ ក៏​ព្រោះ​ថា​មាន​អ្នក​ជំងឺ​ខ្លះ​ក្នុង​អាយុនេះ​កំពុង​តែ​ព្យាបាល ហើយ​មិន​ទាន់​ស្លាប់ និង​អ្នក​ខ្លះ​ទៀត​គឺ​មាន​ករណី​ស្រាល​ប៉ុណ្ណោះ​។

មនុស្ស​ដែល​មាន​ជំងឺប្រចាំកាយ

អត្រា​ការ​ស្លាប់​ចំពោះ​មនុស្សដែល​មាន​បញ្ហា​សុខភាព​រួច​ហើយ​នោះ​គឺ​មាន ០,៩% តែ​ទោះ​ជា​យ៉ាង​នេះ ក្ដី​វា​អាច​កើន​ឡើង​ចំពោះ​អ្នក​ជំងឺ៖
– ៦% ចំពោះ​អ្នក​ជំងឺ​លើស​ឈាម
– ៦% ចំពោះ​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​សួត​រ៉ាំ​រ៉ៃ ដូច​ជា​អ្នក​ជក់​បារី​រយៈពេល​យូរ​ជា​ដើម
– ៦% ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម
– ៦% ចំពោះ​អ្នក​ជំងឺ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​អត្ថបទផ្ដល់សិទ្ធិដោយ