មកដឹងពីប្រវត្តិធ្វើដំណើររបស់អ្នកផ្ទុក COVID-19 ទាំង ១២ នាក់នៅកម្ពុជា

គិតមក​ដល់​ព្រឹក​នេះ អ្នក​ផ្ទុក COVID-19 នៅ​ប្រទេស​កម្ពុជា​សរុប​មាន​ចំនួន ១២ នាក់​ហើយ ដោយ​មាន​ទាំង​ជន​បរទេស និង​ពលរដ្ឋ​ក្នុង​ស្រុក​ផង​ដែរ។ ក្នុង​នោះ​មាន​ជន​បរទេស ៨ នាក់ និង​ខ្មែរ ៤ នាក់ ដែល​អ្នក​ខ្លះ​បាន​ទៅ​តំបន់​ផ្ទុះ COVID-19 នេះ ហើយ​អ្នក​ខ្លះ​ជា​អ្នក​ប៉ះពាល់​ផ្ទាល់ជាមួយ​អ្នក​ជំងឺ។ ខាងក្រោម​នេះ​ជា​ប្រវត្តិ​អ្នក​ជំងឺ​ទាំង ១២ នាក់ ដែល​​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​/ប៉ះពាល់នរណាខ្លះ មុន​មកដល់​ប្រទេស​កម្ពុជា៖

១- អ្នក​ជំងឺ​ដំបូង​មាន​ឈ្មោះ JIA JIANHUA ជា​ជនជាតិ​ចិន ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រុង​វ៉ូហាន មុន​ពេល​​រដ្ឋាភិបាល​ប្រទេស​នេះ ប្រកាស​ផ្អាក​ការ​ធ្វើ​ដំណើរ​ខេត្ត ក្រុង សរុប ១៦ជុំវិញ​វូហាន។ លោក JIA JIANHUA មក​ដល់​កម្ពុជា កាល​ពី​ថ្ងៃ​ទី ២៣ មករា ២០២០ និង​បាន​ទៅ​ស្នាក់​នៅ​សណ្ឋាគារ ឯករាជ្យ បន្ទាប់មក​ផ្លាស់​ទៅសណ្ឋាគារ ឃ្វីន​កូ ហើយ​ពេល​មក​ដល់ JIA JIANHUA ចូល​លេង​ទឹក ២ ម៉ោង ​ហើយ​ក្រោក​ឡើង​មាន​អាការៈ​ក្ដៅ​ខ្លួន​តែ​ម្ដង។ រហូត​ដល់​ថ្ងៃ ទី ២៥ មករា ទើប​ជនរងគ្រោះ ចេញ​អាការៈ ក្ដៅខ្លួន ហៀរ​សម្បោរ ហើយ​ចុង​ក្រោយ​ឈាន​ដល់​ថ្ងៃ​ទី ២៧ មករា ទើប​ខាង​ក្រសួង វិនិច្ឆ័យ​ថា មាន​មេរោគកាច​សាហាវ COVID-19 តែ​ម្ដង។ បុរស​ជន​ជាតិ​ចិន​រូប​នេះ បាន​ព្យាបាល​ជា​សះ​ស្បើយ និង​ត្រលប់​ទៅប្រទេស​កំណើត​វិញ​ហើយ។

២- បុរស​ជនជាតិ​ខ្មែរ វ័យ ៣៨ ឆ្នាំ រស់នៅ​ខេត្ត​សៀមរាប ជា​អ្នក​បកប្រែ​ឲ្យ​ជនជាតិ​ជប៉ុន​ដែល​មាន​ផ្ទុក COVID-19។ ជនជាតិ​ជប៉ុន​រូប​នោះ​ដែល​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​សៀមរាប ទៅ​ទីក្រុង​ហូជីមិញ រួច​បន្ត​ទៅ​ជប៉ុន ដែល​ជា​កន្លែង​រក​ឃើញ។ បច្ចុប្បន្ន​បុរស​ជន​ជាតិ​ខ្មែរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ត​សៀមរាប។

៣- ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ ៦៥ ឆ្នាំ ជា​អ្នក​ដំណើរ​របស់​នាវា Viking Cruise Journey ដែល​ចូល​ចត​នៅ​ខេត្ត​កំពង់​ចាម។ ស្ត្រី​រូប​នេះ​បាន​ធ្វើដំណើរ​តាម​នាវា​ពី​ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម មក​កាន់​ភ្នំពេញ និង​បន្ត​ទៅ​កាន់​ខេត្ត​កំពង់ចាម។ សំណាក​ស្ត្រី​អង់គ្លេស​ត្រូវ​មក​ពិនិត្យ​កាលពីថ្ងៃទី៩ ខែ​មីនា ឆ្នាំ​២០២០ និង​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមីនា នេះ រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស COVID-19។ បច្ចុប្បន្ន​​ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ ៦៥ ឆ្នាំរូបនេះ កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

៤- បុរស​ជនជាតិ​អង់គ្លេស វ័យ ៧៣ ឆ្នាំ ជា​អ្នកដំណើរ​របស់​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម។ បច្ចុប្បន្ន​​លោក​កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

៥- ស្ត្រីជនជាតិ​អង់គ្លេស​វ័យ ៦៩ ឆ្នាំ ជា​អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម។ បច្ចុប្បន្ន​អ្នកស្រី​​កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

៦- បុរស​ជនជាតិ​កាណាដា អាយុ ៤៩ ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ដែល​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​សាលារៀន CIS សាខា​កោះ​ពេជ្រ ហើយ​ដឹង​លទ្ធផល​កាលពីថ្ងៃ ១៣ ខែ​មីនា ២០២០ ក្រោយ​ត្រលប់​ពី​ប្រទេស​ថៃ​បាន​ប៉ុន្មាន​ថ្ងៃ។ បុរស​ជន​ជាតិ​កាណាដា​រូបនេះ កំពុង​​សម្រាកព្យាបាល​នៅ​គេហដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ។

៧- បុរស​ជនជាតិ​ប៊ែលហ្សិក អាយុ ៣៣ ឆ្នាំ នៅរាជធានីភ្នំពេញ។

៨- បុរស​ជនជាតិ​បារាំង អាយុ ៣៥ ឆ្នាំ នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​បុរស​នោះ និង​ភរិយា ព្រម​ទាំង​កូន​បាន​ចាកចេញ​ពី​សិង្ហបុរី​មក​កាន់​ភ្នំពេញ។

៩-កូន​ជន​ជាតិ​បារាំង​អាយុ ០៤ខែ ដែល​ជា​កូន​ជនជាតិ​បារាំង​អាយុ ៣៥ ឆ្នាំ​នៅ​ភ្នំពេញ។ ទារក​រូប​នេះ​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារជាតិ។

១០- បុរស​​ជន​ជាតិ​​ខ្មែរ​​ដែល​វិល​មក​ពី​ប្រទេស​បារាំង តម្រូវឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

១១- ខ្មែរ​អ៊ីស្លាម​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី ​នៅ​ខេត្ត​ព្រះ​វិហារ​អាយុ ៣៥។

១២- ខ្មែរ​អ៊ីស្លាម​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី​ អាយុ ៣៩ នៅខេត្តព្រះវិហារ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​អត្ថបទផ្ដល់សិទ្ធិដោយ