គ្រូពេទ្យចិនថា កុំប្រហែស ចូលឆ្នាំខ្មែរជាដំណាក់កាលសំខាន់ដើម្បីទប់ទល់នឹង COVID-19

វេជ្ជបណ្ឌិត​ជំនាញ​ចិន​ម្នាក់ ក្នុង​ចំណោម​៧នាក់ ដែល​បាន​មក​ប្រទេស​កម្ពុជា​ចូលរួម​ទប់​ស្កាត់ COVID-19  បាន​ផ្តល់​យោបល់​ថា ខែ​មេសា​នេះ គឺជា​ដំណាក់​កាល​សំខាន់​សម្រាប់​ទប់ទល់​នឹ​ងវីរុស COVID-19  ព្រោះ​ជា​ពេល​ដែល​កម្ពុជា​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

ដក​ស្រង់​សម្តី​​អ្នក​ឆ្លើយ​ឆ្លង​របស់​ក្រុម​អ្នក​សារព័ត៌មាន​ចិន អ្នក​នាង Sarai Zhang ដែល​បាន​ជួប​សម្ភាស​ជាមួយ​វេជ្ជបណ្ឌិត​ជន​ជាតិ​ចិន កាល​ពេល​ថ្មីៗ​នេះ វេជ្ជបណ្ឌិតចិន Ai Xiang ថា ត្បិត​ប្រទេស​កម្ពុជា​មាន​អ្នក​ឆ្លង COVID-19 មិន​ច្រើន ប៉ុន្តែ​បើ​យើង​ធ្វេស​ប្រហែស ដោយ​នៅ​ផ្ទះ​យូរ​អផ្សុក ចង់​ឆ្លៀត​ឱកាស​ចូល​ឆ្នាំថ្មី​ជួប​ជាមួយបងប្អូន ក្រុម​គ្រួសារ មិត្តភក្តិ​នោះ​នឹង​មាន​ហានិភ័យ​ធំ​ណាស់​ក្នុង​ការ​ឆ្លង​រាល​ដាល COVID-19 ជា​លក្ខណៈ​សហគមន៍។

លោក​ថា ការ​ឆ្លង​លក្ខណៈ​សហគមន៍​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ទប់​ទល់​នឹង COVID-19។ បើ​មាន​ការ​ឆ្លង​មេរោគ​ជា​លក្ខណៈ​សមាគម នោះ​ចំនួន​មនុស្ស​ឆ្លង​នឹង​ផ្ទុះ​យ៉ាង​លឿន ហេតុ​ដូច្នេះលោក​សង្ឃឹម​ថា ប្រជាជន​ខ្មែរ​គ្រប់​គ្នា​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ និង​ប្រុង​ប្រយ័ត្ន​ជាង​គេ​ចំពោះ​ការណ៍​នេះ។

វេជ្ជបណ្ឌិត​ចិន​ខាង​លើ​បាន​លើក​យក​ប្រទេស​ចិន​ជា​ឧទាហរណ៍ ពេល COVID-19 ផ្ទុះ​ឡើង គឺ​ចំ​នឹង​បុណ្យ​ចូល​ឆ្នាំ​ចិន ហើយប្រទេស​ចិន​មាន​ប្រជាជន​ច្រើន​ខ្លាំង​ណាស់ តែ​រដ្ឋាភិបាល​ចិន​ប្រកាស​បិទ​ទីក្រុង​ទាំងអស់ កុំ​ចេញ​មក​ក្រៅ បើ​អត់​មាន​ចាំបាច់ ប្រជាជន​ចិន​ទ្រាំ​រហូត​ដល់​បច្ចុប្បន្ន​នេះ​ជាង​២​ខែ​ផុត​ទៅ​ហើយ ប្រទេស​ចិន​បច្ចុប្បន្ន​បាន​ទទួល​ជោគ​ជ័យ​ជា​ជំហាន​ដំបូង គឺ​អត់​មាន​អ្នក​ឆ្លង​ថ្មី (មាន​អ្នកឆ្លងថ្មី​សុទ្ធ​តែ​អ្នក​ត្រលប់​មក​ពី​ក្រៅ​ប្រទេស)។

ងាក​មក​ប្រជាជន​ខ្មែរ​វិញ លោក​វេជ្ជបណ្ឌិត​ថា មាន​ចំនួន​តិច​ជាង​ចិន​ខ្លាំង​ណាស់ សង្ឃឹម​ថា​ប្រជាជន​ខ្មែរ​ក៏​អាច​ទ្រាំ​នៅ​ផ្ទះ​ក្នុង​បុណ្យ​ចូល​ឆ្នាំថ្មី​នេះ។ “យើង​នៅ​ផ្ទះ​អត់​ជួប​ជុំ​គ្នា​តែ​លើក​នេះ ការពារ​អាយុ​ជីវិត​យើង ចាំ​ផុត​ពី​គ្រា​ពិបាក​នេះ យើង​ពិត​ជា​នឹង​មាន​ឱកាស​ច្រើន​សប្បាយ​រីករាយ។ យើង​អត់​ជួបជុំ​គ្នា​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខ​នេះ ដើម្បី​ការពារ​ខ្លួន​ផង ការពារ​ក្រុម​គ្រួសារ​ផង ការពា​អ្នក​ផ្សេង​ផង រហូត​ដល់​ការពារ​ប្រជាជន​ខ្មែរ​ទាំង​អស់​តែ​ម្តង”

វេជ្ជបណ្ឌិត​ចិន Ai Xiang បាន​បន្ត​ថា កម្ពុជា​ពេល​នេះ​គ្រប់​គ្រង​បាន​នូវ​សភាពការណ៍ ដោយសារ​យល់​ដឹង​ច្បាស់​ប្រភព​វីរុស​មក​ពីណា ភាគ​ច្រើន​គឺ​មក​ពី​ខាង​ក្រៅ ដូចជា​ជនជាតិ​បរទេស​នាំ​ចូល ខ្មែរ​ទៅ​ចូលរួម​កម្មវិធីសាសនានៅ​ម៉ាឡេស៊ី…លោក​អត់​ចង់​ឃើញ កម្ពុជា​ឈាន​ចូល​ករណី​COVID-19 លក្ខណៈ​សហគមន៍​ទេ។

ងាក​មក​ការ​វាយ​តម្លៃ​ពី​ស្ថានភាពCOVID-19 របស់​ក្រសួង​សុខាភិបាល​វិញ ត្បិត​រយៈពេល​២-៣​ថ្ងៃ​ជាប់​គ្នា​មក​នេះ កម្ពុជា​មិន​មាន​ករណី​ឆ្លង COVID-19 ថ្មី​នោះ​ទេ មាន​តែ​ករណី​ជា​សះស្បើយ​ប៉ុណ្ណោះ តែ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន បញ្ជាក់​ថា ស្ថានភាព​នៅ​ផុយ​ស្រួយ​ណាស់។  “យើង​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​នៅ​ឡើយ​ទេ ព្រោះ​ទើប​តែ​២ថ្ងៃ​មិន​ទាន់​មាន​ករណី​ឆ្លង COVID-19 ថ្មី តាម​បច្ចេកទេស​គ្រាន់​តែ​ជា​ការ​បង្ហាញ​នូវ​ប្រសិទ្ធភាព​អន្តរាគមន៍​របស់​យើង​ជា​បណ្តើរៗ​ប៉ុណ្ណោះ”

លោក​ជំទាវ​បាន​បន្ត​ថា យើង​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច ពិសេស​ការ​ចូលរួម​ទប់ស្កាត់​នូវ​ការ​ចម្លង​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ​នៅ​តែ​ជា​ចំណុច​សំខាន់​ចាំបាច់​ជា​ទី​បំផុត។រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូប​នេះ​ទទូច​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​ការពារ​ខ្លួន​ជា​រៀងរាល់​ថ្ងៃ មិន​មែន​យើង​រក​មិន​ឃើញ​ក្នុង​រយៈពេល​២-៣ថ្ងៃ​នេះ​ហើយ យើង​គិត​ថា យើង​មិន​មាន​ការ​ចម្លង អ៊ីចឹង​យើង​បន្ធូរ​ដៃ អ៊ីចឹង​​បែរ​ទៅ​ជា​ឱកាស​មួយ​ធ្វើ​ឲ្យ​វីរុស COVID-19 អាច នឹង​វាយ​បក​មក​យើង​វិញ​ជា​យថាហេតុ។

​​​អត្ថបទផ្ដល់សិទ្ធិដោយ