តារាសម្តេង​ស្រី​​ AUM វ័យជ្រេបន្តិច​ បាន​ប្រកាស​បើកបេះដូងទទួលយក​បុរសណាម្នាក់ដែលចេះថ្នាក់ថ្នម​ពិតប្រាកដ

តារាសម្តែងស្រីសាច់ចាំ Aum Patcharapa ជាតារាជួរមុខដែលទទួលបានការគាំទ្រយ៉ាងខ្លាំង តាំងពីចូលប្រឡូកនៅក្នុងវិស័យសិល្បៈដំបូង រហូតមកដល់សព្វថ្ងៃនេះ។

បើទោះបីជា ជោគជ័យក្នុងរឿងការងារ ហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាតក៏ពិតមែន ប៉ុន្តែតារាស្រីវ័យ៤០ឆ្នាំរូបនេះ ហាក់ដូចជាអភ័ព្វរឿងស្នេហាណាស់។ ជារឿយៗនាងមានទំនាក់ទំនងជាមួយកំលោះៗទាំងក្នុង និងក្រៅសិល្បៈ ស្រលាញ់គ្នាផ្អែមល្ហែមល្អូកល្អិន ប៉ុន្តែចុងក្រោយនៅតែបែកគ្នាដដែល។

ជាក់ស្តែង ឃើញថាវ័យកាន់តែជ្រេ តែនាងនៅមិនទាន់មានម្ចាស់ចិត្តពិតប្រាកដនៅឡើយ។ ដូច្នេះរាល់ពេលទៅណាមកណា តែងតែមានគេសួរនាំពីរឿងនេះជានិច្ច។ដោយថ្មីៗនេះ Aum បានឆ្លើយតបទៅនឹងសំណួរនេះយ៉ាងដូច្នេះថា «ខ្ញុំមិនដែលស្រមៃដល់រឿងរៀបការទេ តាមពិតទៅខ្ញុំចង់មានគ្រួសារប៉ុន្តែខ្ញុំមិនចង់រៀបការ»។

ចម្លើយរបស់នាងបានធ្វើឲ្យអ្នកគាំទ្រមួយចំនួន មានចម្ងល់នៅក្នុងចិត្ត ព្រោះរឿងរៀបការជារឿងដែលសំខាន់សម្រាប់មនុស្សស្រីក៏អាចថាបាន ប៉ុន្តែហេតុអ្វីបានជា Aum គិតផ្ទុយស្រឡះបែបនេះទៅវិញ៕