ស្ថាបនិកមីហិលស៊ូវុន ៖ មីហិល​កូរ៉េ​ពេញ​និយម​ក្នុង​ស្រុកខ្មែរ​ដោយ​សារ​កត្តាទាំង​៣នេះ​

លោក វ៉េន សុធារ៉ា ស្ថាបនិកមីហិលស៊ូវ៉ុន(SUWON) ដែលបានដំណើរការចាប់ពីចុងឆ្នាំ២០១៨មក នៅពេលនេះយីហោក្នុងស្រុកមួយនេះបានដំណើរការ៣សាខាមកហើយ។ អតីតពលករកូរ៉េរូបនេះ បានបង្ហើបហេតុផល៣ដែលជម្រុញទឹកចិត្តខ្លួនឲ្យបង្កើតអាជីវកម្មនេះឡើង និងមានគម្រោងពង្រីកជាបន្តបន្ទាប់ ស្របពេលដែលអាជីវកម្មផ្នែកអាហារកំពុងតែពេញនិយមខ្លាំង និងលក់ដាច់ស្ទើរគ្រប់ទីកន្លែងផងដែរ។

​ម្ចាស់ហាងរូបនេះ បន្តថា ចាប់ផ្តើមរបរនេះដោយសារតែលោកមើលឃើញពីសក្តានុពលអាជីវកម្មផ្នែកអាហារ ដែលកំពុងតែរីកចម្រើនលូតលាស់គ្រប់ផ្នែក ហើយអាជីវកម្មដែលមានយីហោប្រកួតប្រជែងតិចគឺមីហិលនេះហើយ ដែលទើបនឹងចាប់ផ្តើមផ្ទុះខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

ចំណុចមួយទៀតដែលម្ចាស់ហាង Topik café ស្រមៃចង់បាននោះគឹបង្កើតហ្រ្វេនឆាយជាអាជីវកម្មដែលអាចផ្តល់ឱកាសឲ្យអ្នករកស៊ីផ្សេងទៀតមានឱកាសលក់រសជាតិដែលគាត់បានបង្កើតថ្មី និងបង្កើនប្រាក់ចំណេញ​ជាមួយអាជីវកម្មមួយនេះ ជាមួយការរៀបចំស្តង់ដារ និងទុនតិចបំផុត សម្រាប់អ្នកមានក្រោមមួយម៉ឺនដុល្លារអាចវិនិយោគបាន ដែលម្ចាស់យីហោរូបនេះនឹងប្រកាសលក់សិទ្ធឆាប់ៗខាងមុខនេះ។

ដោយឡែកចំណុចចុងក្រោយ ដែលអតីតអ្នកធ្វើការនៅកូរ៉េរូបនេះ ចង់បង្កើតនោះគឺរសជាតិថ្មីដែលជារបស់ខ្មែរផ្សារភ្ជាប់ នឹងទឹកដីកូរ៉េ ដូចជាឈ្មោះស៊ូវ៉ុននេះជាដើម ដែលគាត់បង្ហើបប្រាប់ Business Cambodia ថា ជាទឹកដីដែលមានប្រជាជនខ្មែរស្គាល់ច្រើនជាងគេពិសេសអ្នកធ្លាប់ធ្វើការនៅកូរ៉េតែម្តង។

អត្ថបទក្រោយៗទៀតពីស្ថាបនិករូបនេះ ទំនងជាតម្លៃអាជីវកម្មដែលគាត់ប្រកាសលក់សិទ្ធអាជីវកម្មហើយមើលទៅ ដែល​ក្រុមហ្រ្វេនឆាយរបស់យើង នឹងបន្តនាំយកយីហោក្នុងស្រុកមកបង្ហាញលោកអ្នកជាបន្តបន្ទាប់ទៀត ដែលលោក​អ្នកអាចទាក់ទងមកក្រុមការងារផ្នែកហ្វ្រេនឆាយតាមលេខទូរស័ព្ទ 096 6004 886៕