ដើម្បី​ឲ្យអាជីវកម្ម​អ្នក​អាច​ចូលក្នុង​ទីផ្សារ​ប្រទេស​ចិន​បានលឿន​ត្រូវ​ចេះ​យុទ្ធសាស្ត្រ​៥យ៉ាង​

ប្រទេសចិន គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់លេខ១ក្នុងពិភពលោក ហើយចិនក៏ជាប្រទេសមួយដែលមានទីផ្សារធំសម្រាប់ក្រុមហ៊ុនគ្រប់ប្រភេទទៅវិនិយោគនៅទីនោះផងដែរ នាពេលបច្ចុប្បន្នមានក្រុមហ៊ុនធំៗជាច្រើនបានបោះទីតាំងរបស់ខ្លួនក្នុងប្រទេសយក្សមួយនេះ។

យុទ្ធសាស្រ្ត៥យ៉ាង ដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចលោតចូលក្នុងទីផ្សារប្រទេសចិនបានលឿន

១.យុទ្ធសាស្រ្ដផ្សព្វផ្សាយ

បើចង់ធ្វើពាណិជ្ជកម្មតាមរយៈបណ្ដាណសង្គម Social Media នៅក្នុងប្រទេសចិនអ្នកគួរសិក្សាស្វែងយល់ឲ្យច្បាស់បន្ដិច ព្រោះប្រទេសនេះមិនអនុញ្ញាតឲ្យមានFacebook និង Twitter ក្នុងប្រទេសពួកគេឡើយ។ ប្រជាជនក្នុងប្រទេសនេះប្រើប្រាស់កម្មវិធីដែលប្រទេសពួកគេបង្កើតខ្លួនគេតែប៉ុណ្ណោះ។ ដូចនេះពេលដែលអ្នកចង់ចាប់ផ្ដើមអាជីវកម្មនៅក្នុងប្រទេសចិន អ្នកគួរតែពិភាក្សាជាមួយអ្នកជំនាញផ្នែកនេះនៅទីនោះឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការធ្វើយុទ្ធសាស្ដ្រទីផ្សាររបស់អ្នកឲ្យត្រូវគោលដៅ។

២.ការធ្វើយុទ្ធសាស្រ្ដផ្សព្វផ្សាយម៉ាកយីហោរ

គ្រប់អាជីវកម្មទាំងអស់ការធ្វើទីផ្សារម៉ាកយីហោពិតជាសំខាន់ណាស់។ អ្នកត្រូវមានគំនិតច្នៃប្រឌិតក្នុងការបង្កើតផ្លាកយីហោដែលអាចទាក់ទាញអតិថិជនអ្នកបាន។ ចំពោះអាជីវកម្មបែបអេឡិចត្រូនិចឬបែបទំនើប (E-Commerc) ផ្លាកយីហោគឺដើរតួរនាទីយ៉ាងសំខាន់ ព្រោះមនុស្សសព្វថ្ងៃមុននឹងសម្រេចចិត្តទិញទំនិញ ឬសេវាកម្មអ្វីមួយពួកគេតែងសម្លឹងមើលទៅលើផ្លាកយីហោជាមុនសិន។

៣.ភាសា

ចូលទៅក្នុងទីផ្សារនៃប្រទេសចិនបាន អ្នកត្រូវរៀនពីភាសារបស់ពួកគេហើយពេលខ្លះអ្នកនៅតែត្រូវការអ្នកបកប្រែតាមខ្លួនអ្នកម្ដងម្កាលដែរ ព្រោះពេលខ្លះភាសាតំបន់របស់ពួកគេអាចធ្វើឲ្យអ្នកមិនយល់ពីអ្វីដែលពួកនិយាយក៏អាចថាបាន។ មួយវិញទៀតអ្នកក៏ត្រូវការមនុស្សមកពន្យល់អ្នកអំពីវប្បធម៌និងប្រពៃណីនៅក្នុងប្រទេសចិនដូចគ្នា។ ក្នុងប្រទេសចិនពួកគេមានបង្កើតក្រុមហ៊ុនសេវាកម្មបកប្រែ ពួកគេនឹងចាំជួយអ្នកគ្រប់យ៉ាងដែលពាក់ព័ន្ធទៅនឹងភាសារបស់ជនជាតិចិន។

៤.ជ្រើសរើសតួសម្រាប់ធ្វើពាណិជ្ជកម្ម

ការធ្វើទីផ្សារនៅក្នុងប្រទេសចិនអ្នកគួរតែមានគំនិតច្នៃប្រឌិតខ្ពស់បន្ដិច ដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចដើរដល់ចំណុចដែលអ្នកកំណត់។ បើអ្នកចូលទៅក្នុងទីផ្សារចិនលក់គ្រឿងសំអាង គ្រឿងអលង្ការ ឬផលិតផលអ្វីផ្សេងនោះទេ អ្នកគួរតែសិក្សាស្រាវជ្រាវទៅលើតារាល្បីនៅលើ​ប្រព័ន្ធសង្គមក្នុងប្រទេសចិនឲ្យបានច្រើន ព្រោះពួកគេទាំងនោះជាអ្នកលេងបណ្ដាញសង្គមដែលមានឥទិ្ធពលខ្លាំងទៅលើអ្នកគាំទ្រ ហើយទទួលបានការគាំទ្រច្រើន មួយវិញទៀតបើអ្នកជួលពួកគេអោយធ្វើអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអោយផលិតផល ឬ សេវាកម្មអ្នក វាជាផ្នែកមួយដែលអាចជួយផលិតផល ឬ សេវាកម្មរបស់អ្នកឆាប់មានអ្នកស្គាល់ច្រើន និងលក់ចេញបានឆា​ប់រហ័ស។

៥.ក្រុមហ៊ុនផ្ដល់សេវាកម្មផ្ទុកទិន្នន័យ

ស្វែងរកក្រុមហ៊ុនដែលអ្នកទុកចិត្តក្នុងការរៀបចំទម្រង់ប្រព័ន្ធ និងគ្រប់គ្រងទិន្នន័យរបស់អាជីវកម្មរបស់អ្នកឲ្យបានត្រឹមត្រូវ។ មុនពេលសម្រេចចិត្តជ្រើសរើសក្រុមហ៊ុន Cloud Service ណាមួយសម្រាប់ក្រុមហ៊ុនរបស់អ្នក​ ត្រូវប្រាកដចិត្ដថា ក្រុមហ៊ុននោះរក្សានូវព័ត៌មានរបស់អាជីវកម្មអ្នកបានយ៉ាងល្អមិនបែកធ្លាយចេញទៅក្រៅ។ ក្រុមហ៊ុនទាំងនោះ នឹងផ្តល់ជូនអ្នកនូវកញ្ចប់សេវាកម្មជាមួយនឹងលក្ខណៈពិសេសទាំងអស់ ដែលតម្រូវតាមលក្ខណៈជំនួញរបស់អ្នកនិងតម្រូវការរបស់ក្រុមហ៊ុនទាំងអស់ដែលស្របទៅតាមទីផ្សាររបស់ប្រទេសចិន៕