មាន​តិចនិក​៣​យ៉ាង ជួយ​អ្នក​ឲ្យ​អាន​សៀវភៅ​ឆាប់​យល់​​នឹក​ស្មាន​មិន​ដល់

តើ​អ្នក​មាន​ដែល​សួរ​ខ្លួន​ឯង​ទេ​ថា ​តើ​​ពេល​អាន​សៀវភៅ​ចប់​ ​អ្នក​ទទួល​បាន​ចំណេះដឹង​​ពី​វា​ប៉ុន្មាន​​ភាគរយ​ដែរ? អ្នក​ខ្លះ​អាន​បាន​លឿន​ជាង​គេ​មែន​ តែ​ទទួល​យក​អត្ថន័យ​ពី​សៀវភៅ​នោះ​មិន​បាន​ច្រើន​​ឡើយ។ តែ​នៅ​មាន​តិចនិក​ខ្លះ​ដែល​គ្រាន់​តែ​ចំណាយ​ពេល​អាន​លឿន​ដូច​គ្នា តែ​ទទួល​អត្ថន័យ​​​ពី​វា​​បាន​ច្រើន​​នឹក​ស្មាន​មិន​ដល់​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

១.គូស​ប៊ិច​ពី​ក្រោម​ន័យ​សំខាន់ ​៖ ក្នុង​អត្ថបទ​នីមួយៗ​តែង​មាន​ន័យ​បង្កប់​​របស់​វា​ ដូច្នេះ​​បើ​អ្នក​អាច​រក​ឃើញ អ្នក​អាច​គូស​បន្ទាត់​សម្គាល់​ពី​លើ​វា រួច​អាន​​តែ​ពាក្យ​តិចតួច​ដែល​ជា​មេ នៃ​អត្ថន័យ។ នោះ​អ្នក​នឹង​អាច​កាត់ ​ម៉ោង​ខ្លះ​ៗ​ក្នុង​ការ​អាន​ឃ្លា​ដែល​គ្មាន​ប្រយោជន៍ ចេញ​។​

២.ចេះ​ស្រមើស្រមៃ ៖ ការអាន​សៀវភៅ ​ក៏​ទាមទារ​ភ្ជាប់​ទៅ​នឹង​ការ​ស្រមើស្រមៃ​ផង​​ដែរ ព្រោះ​ថា​ពេល​​អ្នក​ស្រមើ​ស្រមៃ​ អ្នក​កំពុង​តែ​ប្ដូរ​ពី​អក្សរ​ឲ្យ​ទៅ​ជា​រូបភាព។ ហើយ​​រូបភាព​ទាំង​អស់​នោះ ​គឺ​ងាយ​នឹង​​ដក់​​ជាប់​នៅ​ខួរក្បាល​អ្នក​បាន​យូរ​ជាង​​​អក្សរ​ទៅ​ទៀត​។​

៣.សរសេរ​អត្ថន័យ​សង្ខេប ៖ វា​មិន​ទាន់​បញ្ចប់​ត្រឹម​នឹង​ការ​អាន​នោះ​ឡើយ បើ​សិន​ជា​អ្នក​ចង់​ក្លាយ​ជា​អ្នក​អាន​សៀវភៅ​ដ៏​ខ្លាំង​ម្នាក់​។ បន្ទាប់​ពី​អាន​ចប់​សព្វគ្រប់ ​​ អ្នក​គួរ​សរសេរ​ជា​អត្ថបទ​សង្ខេប ឬ​មួយ​ក៏​រៀន​ឆ្លើយ​​ជា​សំណួរ​ដែល​គេ​បាន​ចោទ​សួរ​​​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។​ ដោយ​ធ្វើ​បែប​នេះ វា​ប្រៀប​ដូច​ជា​អ្នក​បាន​កោះ​ហៅ​ចំណេះ​ដឹង​ដែល​អ្នក​បាន​អាន​កន្លង​មក​​ឲ្យ​​មក​វិញ​អ៊ីចឹង​ដែរ​៕