យានសាវ ៖ កុំយកចិត្តស្មោកគ្រោករបស់អ្នក ទៅវាយតម្លៃសុភាពបុរសឲ្យសោះ

គ្រប់ល្បិចកលត្រូវបានលាក់ជិត គឺដោយសារតែអ្នកនោះពូកែលាក់ និងម្នាក់ទៀតឆោតល្ងង់។ ចំណែកឯ លាវប៉ី អាច​លាក់បាំងល្បិចកលបានមិន​មែន​មកពី លាវប៉ីឆ្លាតទេតែមកពី យានសាវខ្លួនឯងល្ងង់ខ្លៅតែប៉ុណ្ណោះ ទោះបី​មានទីប្រឹក្សា​និយាយប្រាប់យ៉ាងណាក៏មិនស្ដាប់ដែរ នេះពិត​ជា​គួរឲ្យអាណិតណាស់។

ក្រោយពីចាញ់សង្គ្រាមមួយ លាវប៉ី បានជ្រោកកោនក្រុមអំណាចរបស់ យានសាវ តែគួរឲ្យតក់ស្លុតបំផុត​ដោយសារតែ​ប្អូនប្រុសទី២ (គួនអ៊ី) បានសម្លាប់មេទ័ពធំរបស់គេ២នាក់ ពេលគួនអ៊ីនៅក្រោមការគ្រប់គ្រងរបស់ឆាវឆាវ។ ហេតុនេះ ទើប​គេមានបំណងចង់ឲ្យ លាវប៉ីដែលជា​បង​​ហៅប្អូនប្រុសទី២របស់គេ (គួនអ៊ី) ដែលមានសមត្ថភាពអស្ចារ្យនោះ​ជំនួស​មេទ័ពដែលបានបាត់បង់ទៅ។

លាវប៉ី ក៏បានសរសេរសំបុត្រឲ្យអ្នកនាំសារយកទៅដល់ដៃគួនអ៊ី។ ចំណែក គួនអ៊ីពេលដឹងថាបង​នៅមានជីវិ​តក៏មាន​សេចក្ដី​​ត្រអរ តែក៏ភ័យក្នុងចិត្តដែរ ដោយសារតែខ្លួនទើបនឹងបានសម្លាប់មេទ័ពរបស់យានសាវ ដែលជាអ្នកគ្រប់គ្រង​បង​ប្រុស​របស់គេ ប៉ុន្តែគមិនដែលខ្លាចស្លាប់ទេ ក៏សុំអនុញ្ញាតឆាវឆាវ រួចាកចេញទៅភ្លាម។

ពេលទៅដល់ជិតក្រុងរបស់យានសាវ គួនអ៊ីស្ទាក់ស្ទើរចិត្ត ក៏សម្រាកនៅទីនោះរង់ចាំដំណឹងពីបងប្រុសរសប់គេ។ យាន​សាវ ពេលដឹង​ថា​គួនអ៊ី មកជិតដល់ក្រុងរបស់ខ្លួន ក៏បញ្ជាឲ្យលាវប៉ីចេញទៅទទួល ដើម្បីកុំឲ្យមាន​ចិត្តសង្ស័យ​លើ​គេ​ទៀត។ ប៉ុន្តែនេះគឺជាកំហុសធំរបស់​យានសាវ ដោយសារតែគេដោះលែងខ្លាឲ្យចូលព្រៃជួបជុំបងប្អូនគេវិញ នឹងលែង​វិល​វិញរៀងរហូត។

លាវប៉ី បានឱកាសល្អនោះ មិនរង់ចាំយូរទេ​ ក៏ប្រញាប់ចេញសេះយ៉ាងលឿនទៅរកបងប្អូនគេភ្លាម។ តែមុនពេលលាវប៉ី ចេញ​ទៅ ទីប្រឹក្សារបស់​យានសាវម្នាក់បានពោលហាមម្ចាស់ថាកុំឲ្យធ្វើបែបនេះ ព្រោះមិនខុសពីលែងខ្លាចូលព្រៃវិញទេ តែ​ម្ចាស់​គេ​មិនព្រមស្ដាប់ថែមទាំង​វា​យ​បកវិញថា «កុំយកចិត្តស្មោកគ្រោកទៅវាយតម្លៃសុភាពបុរសឲ្យសោះ» ។ មាន​ន័យ​ថា លាវប៉ី គឺជាសុភាពបុរស ដែលទីប្រឹក្សាគឺជាជនសំអុយប៉ុណ្ណោះ។

ក៏ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលសម្តីទីប្រឹក្សានោះនិយាយត្រូវ គឺលាវប៉ី មិនវិលវិញទៀតទេ។ ដូច្នេះ ម្ចាស់ដ៏ល្ងង់មានការ​សោក​ស្ដាយជាខ្លាំងដែលមិនព្រមស្ដាប់ទីប្រឹក្សារបស់ខ្លួន ដែលដោះលែងខ្លាឲ្យចូលព្រវៃវិញបាត់៕