មាន​កត្តា​៣យ៉ាង​ដែលធ្វើ​ឲ្យម្ចាស់អាជីវកម្ម​ជាច្រើន​ត្រូវ​ទទួលការ​បរាជ័យ​និង​ខាត​បង់អស់ប្រាក់ជាច្រើន​

ជោគជ័យប្រៀបបានដូចជា ផ្ទាំងទឹកកកអណ្ដែតនៅលើផ្ទៃទឹកសមុទ្រ ដែលគ្រប់គ្នាបានមើលឃើញវាយ៉ាងជាក់ស្ដែង ប៉ុន្តែអ្នកមិនដឹងថា នៅពីក្រោមផ្ទាំងទឹកកកដែលតំណាងឲ្យភាពជោគជ័យរបស់បុគ្គលម្នាក់ មានអ្វីខ្លះជាធាតុផ្សំដែលផ្គុំបង្កើតបានជាសមិទ្ធផលដ៏អស្ចារ្យនៅក្នុងជីវិតនោះឡើយ។

ខាងក្រោមនេះ គឺជាមូលហេតុ៣យ៉ាងដែលជាដើមចមនៃការបរាជ័យទាំងនោះ៖

១.អ្នកផ្ដើមធ្វើជំនួញជាមួយមូលហេតុដែលមិនត្រឹមត្រូវ ៖ បើមូលហេតុដែលជំរុញអ្នកឲ្យចាប់ផ្ដើមធ្វើជំនួញ ក៏ព្រោះតែអ្នកចង់បានប្រាក់កម្រៃច្រើន នោះវានឹងមិន៖ធ្វើឲ្យអ្នកជោគជ័យនោះឡើយ ព្រោះការចង់បានប្រាក់តែម្យ៉ាង នឹងមិនធ្វើឲ្យអ្នកអាចទប់ជ្រែងបានជាមួយស្ថានការណ៍លំបាកបានយូរអង្វែងនោះឡើយ។ ផ្ទុយទៅវិញ អ្នកគួរចាប់ផ្ដើមនូវអាជីវកម្មដោយមានមូលហេតុដែលសមរម្យ តាមរយៈការបានធ្វើការសិក្សាស្រាវជ្រាវពីទីផ្សារ ថាតើផលិតផលរបស់អ្នកសមស្របទៅតាមតម្រូវការអតិថិជនឬអត់ និងការមានឆន្ទៈពុះពោរក្នុងការរៀនសូត្រពីរាល់កំហុសឆ្គងរបស់ខ្លួនដែលនាំទៅរកភាពបរាជ័យ ហើយក៏ត្រូវតែជាមូលហេតុ តែម្យ៉ាងដែលផ្ដល់កម្លាំងចិត្តឲ្យអ្នកតស៊ូយកឈ្នះការលំបាកបានរហូតតទៅដែរ។

២.កម្សោយនៃការគ្រប់គ្រង ៖ កម្សោយនៃការគ្រប់គ្រង គឺជាមូលហេតុដ៏ចម្បងបំផុត ដែលនាំអាជីវកម្មជាច្រើនធ្លាក់ទៅក្នុងសភាពងើបមិនរួចពីការដួលរលំ។ អ្នកត្រូវមានភាពឆ្លាតវៃក្នុងការជួលអ្នកជំនាញឲ្យមកជួយអ្នកមើលការខុសត្រូវទៅលើផ្នែកផ្សេងៗ ដែលជាធាតុសំខាន់ក្នុងការទ្រទ្រង់អាជីវកម្មរបស់អ្នកឲ្យដើរទៅមុខដូចជា ហិរញ្ញវត្ថុ ផ្នែកទិញនិងលក់ផលិតផល ការជួលបុគ្គលិក និងការគ្រប់គ្រងពួកគេជាដើម។ មិនតែប៉ុណ្ណោះ អ្នកក៏ត្រូវមានការរៀបចំខ្លួនឲ្យបានល្អទុកជាមុនជានិច្ច តាមរយៈការស្រាវជ្រាវទៅលើទីផ្សារ និងទិន្នន័យអតិថិជនជាប់ជាប្រចាំផងដែរ។ អ្នកគ្រប់គ្រងដ៏ល្អម្នាក់ ក៏ត្រូវចេះជ្រើសរើសអ្នកមានជំនាញ និងសមត្ថភាពមកសម្រេចកិច្ចការឲ្យទៅដល់គោលដៅបានដោយជោគជ័យ ហើយអ្នកគ្រប់គ្រងនោះក៏ត្រូវមានជំនាញការគិតបែបយុទ្ធសាស្ត្រ មានចក្ខុវិស័យវែងឆ្ងាយ និងដាក់ផែនការយ៉ាងណាឲ្យសម្រេចបានជោគជ័យផងដែរ។

៣.កង្វះខាតនូវហិរញ្ញវត្ថុ ៖ មូលហេតុដ៏ចម្បងមួយទៀត ដែលនាំឲ្យអាជីវកម្មជាច្រើនប្រឈមនឹងការក្ស័យធន គឺជាកង្វះខាតនូវហិរញ្ញវត្ថុ ដែលមានរឹសគល់មកពីកង្វះខាតនូវចំណេះដឹងពីហិរញ្ញវត្ថុ ថាតើពួកគេត្រូវការដើមទុនប៉ុន្មានសម្រាប់ដំណើរការណ៍អាជីវកម្មរបស់ពួកគេ ម្យ៉ាងទៀតប្រាក់សម្រាប់បើកអាជីវកម្មមិនមែនជា កត្តាសំខាន់តែម្យ៉ាងដែលអ្នកត្រូវយកចិត្តទុកដាក់នោះទេ ប្រាក់សម្រាប់ទ្រទ្រង់អាជីវកម្មរបស់អ្នកឲ្យមានជីវិតរស់រានទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ក៏ជាចំណុចសំខាន់ដែលអ្នកមិនត្រូវមើលរំលងដែរ ទម្រាំតែអ្នកអាចទទួលបានចំណូលពីការលក់របស់អ្នកនោះ៕