ជួយអីក៏ជួយម្ល៉េះ! ថៅកែស្រី NNP មិនភ្លេចធ្វើបុណ្យជួយអ្នកអត់ឡើយទោះមានដល់ណាក៏ដោយ

អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន បាន​លាន់​មាត់​សរសើរ​ចំពោះ​ទឹក​ចិត្ត​សប្បុរសធម៌​របស់​​នារី​រូប​ស្រស់​ម្នាក់ ដែល​មាន​ឈ្មោះ​លើ​បណ្ដាញ​សង្គម Facebook ថា ទ្រី ដាណា។ តាម​ពិត នាង​​គឺ​ជា​កូន​កំព្រា មាន​ប្រវត្តិ​តស៊ូ​តាំង​ពី​លក់​ខោ​អាវ​ជជុះ ជម្នះ​នឹង​ពាក្យ​គេ​មើល​ងាយ​គ្រប់​បែប​យ៉ាង រហូត​ក្លាយ​ជា​ម្ចាស់​ហាង​ពេជ្រ និង​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ទៀត​ផង។

មនុស្ស​ជា​ច្រើន ស្គាល់​អ្នក​ស្រី ទ្រី ដាណា តាម​រយៈ​សកម្មភាព​សប្បុរស​ធម៌​នានា ហើយ​នៅ​ពេល​ដែល​អ្នក​ស្រី បើក Facebook មក ឃើញ​អ្នក​ជួប​ការ​លំបាក អ្នក​ស្រី តែង​ឱ្យ​គេ​ជួយ​ទាក់​ទង ជួយ​ស្វែង​រក ដើម្បី​ឧបត្ថម្ភគ្រាន់​សម្រាល​ការ​លំបាក។ ទោះ​បី​រវល់​នឹង​មុខ​ជំនួញ​យ៉ាង​ណា​ក្ដី អ្នក​ស្រី ទ្រី ដាណា តែង​បង្ហោះ​ជា​រឿយៗ​នូវ​សកម្មភាព​មនុស្ស​ធម៌​ទាំង​នេះ ដើម្បី​ឱ្យ​គ្រប់​គ្នា​បាន​ឃើញ និង​មាន​គំនិត​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

អ្វី​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​ស្រលាញ់​គាំទ្រ និង​ចូល​ចិត្ត អ្នក​ស្រី ទ្រី ដាណា គឺ​ការ​ចែក​រំលែក​​ផ្ដល់​ដំបូន្មាន​លើ​អាជីវកម្ម​ដោយ​គ្មាន​ការ​លាក់​លៀម ហើយ​ផ្ដល់​គំនិត​ល្អៗ​ដល់​អ្នក​អាន​ជា​និច្ច។ ជាក់​ស្ដែង​នៅ​លើ​ទំព័រ Facebook របស់​លោក​ស្រី ទ្រី ដាណា តែង​បង្ហោះ​នូវ​ពាក្យ​អប់រំ និង​បទ​ពិសោធន៍​ដែល​អ្នក​ស្រី​បាន​ជួប​ប្រទះ​កន្លង​មក ហើយ​វា​ការ​ជា​ការ​អប់រំ​ចិត្ត​អ្នក​អាន​ឱ្យ​បាន​ស្ងប់ និង​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន​ផង​ដែរ។ ​​

ឃើញ​អ្នក​ស្រី ទ្រី ដាណា មាន​ទ្រព្យ​ជួយ​​ដល់​ជន​ក្រី​ក្រ ឬ​ធ្វើ​បុណ្យ​នានា គ្រប់​គ្នា​ប្រហែល​ជា​គិត​ថា នារី​រូប​ស្រស់​នេះ គឺ​ជា​កូន​ចៅ​អភិជន ឬ​អ្នក​មាន​ជំនួញ​ក្នុង​ដៃ​ណា​ម្នាក់ ដែល​បន្ត​មរតក​មក​ឱ្យ​នាង។ ប៉ុន្តែ​មិន​មែន​ដូច​គ្រប់​គ្នា​គិត​ឡើយ អ្វី​ដែល​មាន​ដល់​សព្វ​ថ្ងៃ គឺ​ជា​ការ​តស៊ូ​ប្រឹង​ប្រែង​របស់​នាង តាំង​ពី​លក់​ខោអាវ​ជជុះ​ជាង ១០​ឆ្នាំ​មុន​ម្ល៉េះ។ អ្នក​ដែល​លក់​ខោ​អាវ​ជជុះ​​នៅ​​ម្ដុំ​ផ្សារ​សំហាន់ នៅ​តែ​ស្គាល់​អ្នក​ស្រី ទ្រី ដាណា ហើយ​មិន​នឹក​ស្មាន​ថា ជីវិត​ផ្លាស់​ប្ដូរ ៣៨០​ដឺក្រេ​បែប​នេះ​ឡើយ។

អ្នក​ស្គាល់​ពី​ប្រវត្តិ​ជីវិត​របស់​អ្នក​ស្រី ទ្រី ដាណា បាន​រៀប​រាប់​ថា លោកស្រី ទ្រី ដាណា ជា​កូន​ទី៣ ក្នុង​ចំណោម​បង​ប្អូន៥នាក់ ដែល​មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​ផ្សារ​លិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នក​ជំនួញ​ឆ្នើម​រូប​នេះ មាន​ឪពុក​ឈ្មោះ ងួន ទ្រី និង​អ្នក​ម្ដាយ​ឈ្មោះ សៀង ជូរ ប៉ុន្តែ​លោក​ទាំង២ បាន​ទទួល​មរណៈ​ភាព​ទៅ​ហើយ ដោយ​ជំងឺ​ប្រចាំ​កាយ។

ប្រមាណ​ជាង ១០​ឆ្នាំ​មុន ក្នុង​ពេល​ដែល​អ្នក​ស្រី ទ្រី ដាណា កំពុង​លក់​ខោអាវ​ជជុះ ម្ដាយ​ឪពុក​បាន​ស្លាប់​ចោល​ទាំង​មិន​ទាន់​ចូល​ដល់​វ័យ​ជរា ព្រោះ​តែ​នាង​មិន​អាច​រក​ប្រាក​ព្យាបាល​លោក​ទាំង២ បាន។ ទោះ​បី​មាន​ការ​ឈឺ​ចាប់ នឹង​ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់ ប៉ុន្តែ​នារី​ចិត្ត​សប្បុរស​រូប​នេះ បាន​ក្រោក​ឈរ​ឡើង​វិញ តស៊ូ​ជម្នះ​វាសនា ជម្នះ​ការ​មើល​ងាយ ដើម្បី​ខិត​ខំ​រក​លុយ​ក្នុង​នាម​ជា​ក្មេង​កំព្រា។

ក្នុង​នាម​ជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ លោក​ស្រី ទ្រី ដាណា បាន​តស៊ូ​យក​ខោអាវ​ជជុះ​មក​លក់​ក្រោម​ឆត្រ មុខ​រោង​ចក្រ ដើម្បី​សន្សំ​ប្រាក់​យក​មក​ដាក់​ទុន​រកស៊ី​បន្ត​ទៀត។ បន្ទាប់​ពី​មាន​ប្រាក់​មួយ​ចំនួន​ក្នុង​ដៃ លោក​ស្រី ទ្រី ដាណា ក៏​បាន​ប្រថុយ​យក​គ្រឿង​សម្អាង​ពី​គេ​មក​លក់​តាម​ផ្សារ។ ភាព​រួស​រាយ​រាក់​ទាក់ សម្ដី​សំដៅ​ប្រកប​ដោយ​ទឹក​ដម បាន​ធ្វើ​ឱ្យ​លោក​ស្រី ទ្រី ដាណា មាន​ម៉ូយ​កាន់​តែ​ច្រើន ហើយ​ក៏​ប្រថុយ​យក​គ្រឿង​សម្អាង​​ពី​ប្រទេស​ថៃ​មក​លក់​បន្ត។

ជា​នារី​ម្នាក់​មាន​គោល​ដៅ​ធំ លោក​ស្រី ទ្រី ដាណា បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង រហូត​សម្រេច​ក្ដី​ស្រមៃ​បើក​សម្ពោធ​ក្រុមហ៊ុន​មួយ​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​ដាក់​ឈ្មោះ​ថា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី។ សព្វថ្ងៃ​ក្រុមហ៊ុន​នេះ មាន​អ្នក​តំណាង​ចែក​ចាយ​ប្រមាណ ៧ម៉ឺន​នាក់ គ្រប់​រាជធានី-ខេត្ត ទូទាំង​ប្រទេស​កម្ពុជា។

បន្ទាប់​ពី​ជោគជ័យ​លើ​មុខ​ជំនួញ​គ្រឿង​សម្អាង អ្នក​ស្រី ទ្រី ដាណា ក៏​បាន​ងាក​មក​បើក​ហាង​លក់​គ្រឿង​អលង្ការ មាស ពេជ្រ មួយ​ទៀត នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​ដាក់​ឈ្មោះ​ថា ដាណា។ សព្វ​ថ្ងៃ ជំនួញ​ថ្មី​នេះ កំពុង​ជោគជ័យ​ដើរ​ទៅ​មុខ​ដោយ​រលូន និង​មាន​អតិថិជន​គាំទ្រ​យ៉ាង​ច្រើន។ ដោយ​ហេតុ​នេះ​ហើយ ទើប​អ្នក​ស្រី​ចាប់​ផ្ដើម​សាងសង់​អគារ​ផ្ទាល់​ខ្លួន​ថ្មី​មួយ​ទៀត ដើម្បី​បើក​ហាង​ពេជ្រ​ឱ្យ​កាន់​តែ​ធំ។

មូលហេតុ​ដែល​អ្នក​ស្រី ងាក​មក​បើក​ហាង​ពេជ្រ ក៏​ព្រោះ​តែ​នៅ​នឹក​ឃើញ​ពាក្យ​គេ​មើល​ងាយ ថា​ត្រឹម​លក់​ដូរ​តូច​តាច មិន​អាច​មាន​វាសនា​ពាក់​មាស​ពេជ្រ​បាន។ ពេល​អ្នក​ស្រី ជា​ក្មេង​ម្នាក់​កំពុង​លក់​ដូរ​តាម​ផ្សារ អ្នក​ស្រី​ធ្លាប់​ទៅ​ឈរ​មើល​ទូរ​តាំង​មាស​ពេជ្រ​គេ ក៏​ត្រូវ​គេ​ដេញ ថា​គ្មាន​លុយ​ទិញ​ទេ នាំ​ទើស​ផ្លូវ។ ទោះ​គេ​មើល​ងាយ​ក្ដី ក៏​អ្នក​ស្រី​មិន​ខឹង​គេ​ដែរ តែ​បាន​យក​ភាព​ឈឺ​ចាប់ ធ្វើ​ជា​កម្លាំង​ចិត្ត ដោយ​គិត​ស្រមៃ​ថា​ថ្ងៃ​ណា​មួយ នឹង​មាន​ហាង​ពេជ្រ​មួយ​ខ្លួន​ឯង មិន​មែន​ត្រឹម​តែ​ទិញ​ពាក់​នោះ​ទេ។ សព្វ​ថ្ងៃ អ្នក​ស្រី ក៏​បាន​សម្រេច​ក្ដី​ស្រមៃ​នោះ។

ក្រៅ​ពី​មុខ​ជំនួញ អ្នក​ស្រី ទ្រី ដាណា ក៏​មាន​ចិត្ត​ស្រលាញ់​សិល្បៈ​រាំ​ច្រៀង ដោយ​បាន​យក​បទ​ចម្រៀង លោក កែវ វាសនា មក Cover ប៉ុន្មាន​បទ ធ្វើ​ឱ្យ​មាន​សន្ទុះ​អ្នក​គាំទ្រ​ខ្លាំង។ ក្រោយ​មក អ្នក​ស្រី ក៏​បាន​ចេញ​បទ Original Song ដោយ​ខ្លួន​ឯង និង Cover បទ​ពី​ដើម​របស់​លោក​តា ស៊ីន ស៊ីសាមុត ខ្លះ រហូត​មាន​អ្នក​ទស្សនា​ដល់​ទៅ​រាប់​លាន​ដង។ ប៉ុន្តែ​ម្ចាស់​ហាង​ពេជ្រ​រូប​នេះ បាន​បញ្ជាក់​ហើយ​ថា គ្រាន់​តែ​ច្រៀង​ដើម្បី​កម្សាន្ត​អារម្មណ៍​ចែក​បង​ប្អូន​សប្បាយ​ប៉ុណ្ណោះ មិន​មែន​ធ្វើ​អាជីវកម្ម​ទេ៕