Jack Ma ៖ ថ្ងៃនេះលំបាក ថ្ងៃស្អែកកាន់តែលំបាកឡើង ប៉ុន្តែ​ថ្ងៃបន្ទាប់អ្នកនឹងប្រសើរ​

លោក Jack Ma ជាស្ថាបនិករបស់ក្រុមហ៊ុន Alibaba’s Group ដែលជាមហាសេដ្ឋីកើតចេញពីកូនអ្នកជនបទក្រីក្រម្នាក់។ លោកមានការជម្នះនឹងជីវិតលំបាកនេះជាខ្លាំង ដោយលោកបានខិតខំរៀនសូត្ររហូតបានក្លាយគ្រូបង្រៀនភាសាអង់គ្លេស ក្រោយមក​ក៏បានប្រែក្លាយជា​សហគិនដ៏ជោគជ័យនៅក្នុងប្រទេសចិន និងជុំវិញពិភពលោក។

ប្រសិនបើយើងនិយាយអំពីជីវិត និងការតស៊ូរបស់លោកវិញ ទោះបីយើងសរសេរជាសៀវភៅបួនដប់ក្បាលនៅមិនទាន់អស់ផង ព្រោះវា​ជូរចត់ពេក ទាំងការគេមិនទុកចិត្ត គេមើលងាយ និងគេមិនផ្តល់ឱកាសដល់រូបលោកជាដើម។ ដូចជារឿងមួយ ដែលោកឧស្សាហ៍លើក​ឡើង​ជាខ្លាំង​នៅពេលដែលលោកថ្លែងសន្ទកថាម្ដងៗគឺ មានគេសម្ភាសការងារជាមួយលោកនៅក្នុងហាងលក់មាន់បំពងមួយនៅក្នុងប្រទេសចិន មនុស្សចំនួន ១៣នាក់ ត្រូវបានជាប់ឱ្យចូលធ្វើការងារ តែមានតែគាត់ម្នាក់គត់ដែលបានធ្លាក់។

ប៉ុន្តែអ្វីទាំងអស់នេះ ពុំអាចបញ្ឃប់ក្តីស្រមៃដ៏ធំរបស់គាត់បានទេ គឺមានន័យថាគាត់នៅតែតស៊ូដើរទៅមុខយ៉ាងលំបាក​ពីមួយថ្ងៃទៅមួយថ្ងៃ រហូតសម្រេចជោគជ័យទាល់តែបានតាមអ្វីដែលគាត់បានគិតទុក។ ដូច្នេះ នៅថ្ងៃនេះទោះបីអ្នកលំបាក ស្អែកនៅតែមិនធូរស្រាល តែវា​មិនមែនជាថ្ងៃចុងក្រោយនៃជីវិតឡើយ។ ហេតុនេះគឺត្រូវតែមានសង្ឃឹមជានិច្ច។

ជាធម្មតា ការជម្នះនឹងភាពក្រីក្រវាពិតជារឿងដែលមិនងាយស្រួលទេ រហូតលោក Jack Ma ថា “ថ្ងៃនេះលំបាក ថ្ងៃស្អែកកាន់តែលំបាកឡើង តែថ្ងៃបន្ទាប់អ្នកនឹង​រីករាយ”។ គាត់ចង់បង្ហាញប្រាប់ថា យើងអាចលំបាកនៅពេលយើងចាប់ផ្តើមដើរតាមក្ដីស្រមៃរបស់យើង តែពេលយើងធ្វើវាបាន ប្រៀបដូចយើងបានឡើងដល់កំពូលភ្នំហើយ យើងនឹងឃើញទេសភាពដ៏ស្រស់ស្អាតដែលយើងមិនធ្លាប់បានឃើញពីមុន ការឈឺចាប់ ភាពលំបាកពេលឡើងភ្នំនេះក៏រលាយបាត់អស់៕