អាស៊ីជា​មជ្ឈមណ្ឌល​ធំបំផុត​សម្រាប់​មហាសេដ្ឋី​ដែលមាន​ចំនួន​កើន​ឡើង​ជាង​១ពាន់នាក់នៅឆ្នាំ២០២៣

0 157

ក្នុង​នាម​ជា​តំបន់​ ដែល​កំពុង​មាន​សក្ដានុពល​សេដ្ឋកិច្ច​រីកចម្រើន​​យ៉ាង​ឆាប់រហ័ស តំបន់​​អាស៊ី​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​ក្លាយ​ជា​តំបន់​មួយ​​នឹង​មាន​មហាសេដ្ឋី​ចំណូល​ថ្មី​កាន់តែ​ច្រើន​ឡើង​នៅ​ពេល​អនាគត ខណៈ​នៅ​ពេល​បច្ចុប្បន្ន​ លោក Masayoshi Son លោក Mukesh Ambani លោក Jack Ma លោក​ Ma Huateng និង​បុគ្គល​​ល្បីៗ​ជា​ច្រើន​ទៀត​បាន​ក្លាយ​ជា​មហាសេដ្ឋី​ស្រាប់​រួច​ទៅ​ហើយ​ចេញ​ពី​តំបន់​នេះ​។

យោង​តាម​របាយការណ៍​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន Knight Frank  (Knight Frank’s Wealth Report) បាន​ឱ្យ​ដឹង​ថា​ អាស៊ី​គឺ​ជា​មជ្ឈមណ្ឌល​ដ៏​ធំ​បំផុត​សម្រាប់​មហាសេដ្ឋី​ដែល​​ចំនួន​នេះ​នឹង​កើនជាង​១,០០០នាក់​ នៅ​ក្នុង​ឆ្នាំ ២០២៣ខាងមុខ។ របាយការណ៍​នេះ​បាន​បញ្ជាក់​ថា​ ​​មហាសេដ្ឋី​អាស៊ី​​​បច្ចុប្បន្ន​មាន​ចំនួន​​ស្មើ​នឹង១ភាគ៣ នៃ​មហាសេដ្ឋី​សរុប​ ២,៦៩៦ នាក់​។

របាយការណ៍​នេះ​បាន​បង្ហាញ​​ទៀត​ថា ឥណ្ឌា​​​នឹង​មាន​អត្រា​កំណើន​​មហាសេដ្ឋី​ខ្ពស់​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ​ដោយ​​កំណើន​នេះ​នឹង​កើន​ឡើង​ស្មើ​នឹង ៣៩% បន្ទាប់​​មក​គឺ​​ហ្វីលីពីន ៣៨% និង​ចិន៣៥%​ ។ ក្នុង​​ចំណោម​ប្រទេស​ ៥៩ និង​តំបន់​ផ្សេងៗ​ទៀត ​ដែល​ក្រុមហ៊ុន​នេះ​បាន​ស្រាវជ្រាវ​បាន​ឲ្យដឹង​ថា ប្រទេស​ទាំង១០ ដែល​នឹង​​ជាប់​ចំណាត់ថ្នាក់​កំពូល​មាន​មហាសេដ្ឋី​ច្រើន​ជាងគេ​បំផុត​ក្នុង​លោក នឹង​មាន ៨ មក​ពី​តំបន់​អាស៊ី។

បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក Oliver Williams ដែល​ជា​ប្រធាន​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ GlobalData WealthInsight ​បាន​ឲ្យដឹង​ថា មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​មហាសេដ្ឋី និង​សេដ្ឋី​​ក្នុង​លោក​កាន់តែ​មាន​ៗ​ឡើង ​គឺ​ដោយសារតែ​ការ​ទំនាក់ទំនង​រវាង​សហគ្រិន​ភាព និង​ការ​បង្កើត​ទ្រព្យ។

លោក​បន្ត​ថា ការ​រកស៊ី​នៅ​លើ​ទីផ្សារ​ភាគហ៊ុន វិស័យ​អចលនទ្រព្យ និង​ការ​វិនិយោគ​លើ​វិស័យ​គ្រឿង​បរិក្ខារ​ទំនើបៗ​​ គឺ​ជា​មូលហេតុ​នៃ​ការ​​ជួយ​កសាង​ដល់​ទ្រព្យសម្បត្តិ​ច្រើន​មហាសាល​ដល់​មហាសេដ្ឋី​​ទាំង​នេះ៕

Loading...