ការប្រឹងប្រែងសិក្សាជារឿងពិបាក តែការ​មិនបានសិក្សាអំពីជីវិត​គឺកាន់តែជារឿងលំបាក​

ជីវិតរបស់មនុស្សយើងនឹងកាន់តែលំបាកឡើង បើយើងគ្មានចំណេះដឹង ជំនាញណាមួយឱ្យពិតប្រាកដទេ។ ហេតុនេះ អ្នកទាំងអស់គ្នាគួរតែស្វែងរកចំណេះវិជ្ជាដាក់ខ្លួនឯងឱ្យបានច្រើន ដើម្បីប្រើប្រាស់ឱ្យកើតជាប្រយោជន៍ ការជាសមទ្ធផលអ្វីមួយដល់សង្គមជាតិ។

ប្រទេសជាតិនីមួយៗ មិនអាចរីកចម្រើនបានលឿនទេ បើគ្មានអ្នកមានសមត្ថភាពដឹកនាំ​ ប្រជាជនល្ងង់ខ្លៅជាដើមលោក លីខ្វាន់យូ ធ្លាប់​បានពោលថា «ចង់ឱ្យសេដ្ឋកិច្ចប្រទេសជាតិរីកចម្រើន យើងគប្បីតែអភិវឌ្ឍលើធនធានមនុស្សជាចម្បង» មានន័យថា បើមនុស្សមានចំណេះដឹង គឺអាចបង្កើតភោគផលបានច្រើន និងគំនិតច្នៃប្រឌិតខ្ពស់។

ប្រសិនបើយើងក្រឡេកទៅមើលប្រទេសរីកចម្រើនជឿនលឿន និងប្រទេសអភិវឌ្ឍមួយចំនួន ទាំងប្រជាជនរបស់ពួកគេសុទ្ធតែជាមនុស្ស​ដែលពោរពេញដោយសសមត្ថភាព ពិសេសមានចំណេះដឹងជ្រៅជ្រះខ្លាំងណាស់។ ចំណែកឯប្រទេសយើងនៅមានកម្រិតទាំងការសិក្សាអប់រំ និងលើកទឹកចិត្តលើការសិក្សា។

ការសិក្សានេះ គឺមានសារប្រយោជន៍ច្រើនណាស់​ ដែលមនុស្សគ្រប់គ្នាសុទ្ធតែបានដឹងពីអត្ថប្រយោជន៍របស់វា តែមនុស្សដែលខិតខំប្រឹងសិក្សា​គឺមានតិចទៅវិញ មកពីការសិក្សាមានការលំបាកច្រើន ត្រូវព្យាយាមច្រើន និងការអត់ធ្មត់។ អ្នកសិក្សាដែលគ្មានការអត់ធ្មត់ទេ គឺមិនអាចសម្រេចដល់គោលដៅ ឬក៏ពុំអាចទទួលបានចំណេះដឹងពិតប្រាកដណាមួយច្បាស់ឡើយ។ ដូច្នេះបើចង់ឱ្យជីវិតរស់នៅផុតទីទុក្ខលំបាក ត្រូវតែគិតស្វែងរកចំណេះដឹងជាមុន៕