អស្ចារ្យមែន ! ខេត្ត​ក្រចេះ​នឹងទទួលបានប្រាក់មួយចំនួន​ពីJICA ដើម្បីកសាង​ស្ពាន​ចំនួន​៥

ក្រចេះ ៖ ខេត្តក្រចេះមានសក្ដានុពលជាគោលដៅបរិស្ថាន និងអេកូទេសចរណ៍ ដែលមានរមណីយដ្ឋានព្រែកកាំពីដែលមានសត្វផ្សោតទឹកសាបដ៏កម្រនៅលើពភពលោក។ បច្ចុប្បន្នខេត្តក្រចេះមានផ្លូវគមនាគមន៍តភ្ជាប់៣ខ្សែគឺផ្លូវជាតិលេខ៧A ចម្ងាយ៣៤0គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងផ្លូវកៅស៊ូកំណាត់ផ្លូវជាតិលេខ៧៣មួយខ្សែ កាត់ស្រុកតំបែខេត្តត្បូងឃ្មុំមកទល់នឹងស្រុកឆ្លូង និងមានផ្លូវតាមជួរមាត់ទនេ្លមួយខ្សែទៀតមានចម្ងាយប្រហាក់ប្រហែលនឹងផ្លូវទឹកទនេ្លមេគង្គ២២០គីឡូម៉ែត្រ។

លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​ជប៉ុនJICA បានបោះលុយមួយចំនួនធំសាងសង់ស្ពានសំខាន់ៗចំនួន៥ នៅបណ្ដោយកំណាត់ផ្លូវលេខ៧៣ពីក្រចេះ ទៅឆ្លូង។

ស្ពានដែលកំពុងសាងសង់នេះរួមមាន ស្ពានសណ្ដាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់កេះ និងព្រែកឆ្លូងដែលស្ពានទាំង៤នេះស្ថិតក្នុងស្រុកឆ្លូង និងស្ពានទី៥គឺស្ពានពាមទេ ស្ថិតក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ ដែលស្ពានទាំង៥មានប្រវែងសរុប ៤៦០ម៉ែត្រ។

លោកបានបន្ថែមថាគម្រោងនេះកំពុងសាងសង់ដោយក្រុមហ៊ុនសំណង់ HAZAMA ដែលនឹងត្រូវចំណាយពេល ២៨ខែ ក្នុងការសាងសង់ ពោលគឺនឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ៕