៤ចំណុច​ដែលអ្នកមិនគួរទិញដីជាដាច់ខាត​ហើយ​ទោះបីវិនិយោគក៏មិ​នចំណេញដែរ

​ភ្នំពេញ​ ៖​  ​លោក​ ​កាង​ ​សុធី​ ​អគ្គនាយក​នៃ​ក្រុមហ៊ុន​ ​Century21​ ​Land​ ​Station​ ​Real​ ​Estate បាន​មានប្រសាសន៍​ ​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ការ​វិនិយោគ​ដីធ្លី​អ្នកណា​ក៏​ចង់​លក់​ឆាប់​ដាច់​ ​និង​ទទួល​បានផល​ចំណេញ​លឿន​ដែរ​ ​ប៉ុន្តែ​លក្ខខ័ណ្ឌ​ទីតាំង​ ​សណ្ឋានដី​ពិតជា​កត្តា​សំខាន់​ ​ដើម្បីឲ្យ​ដី​របស់​ខ្លួន​លក់​ឆាប់​ដាច់​ ​និង​ទទួល​បានផល​ចំណេញ​ខ្ពស់​។

​១.ទីតាំងនៅ​ជុំវិញ​វត្ត​អារ៉ាម​

​លោក​កាង​ ​សុធី​បាន​ឲ្យដឹង​ថា​ ​ទោះជា​ប្រជាជន​ខ្មែរ​និយម​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​អារ៉ាម​ក្តី​ ​តែ​ទីតាំង​ដី​ដែល​នៅ​ក្បែរ​វត្ត​អារ៉ាម​ ​ទាំង​ខាងមុខ​ខាងក្រោយ​ ​និង​ជាប់​របង​វត្ត​ ​ពិតជា​ដី​មិន​ងាយ​លក់​ចេញ​នោះ​ទេ​ ​ទោះជា​ដី​នោះ​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ក៏ដោយ​។​លោក​បន្ត​ថា​ ​ដី​នៅ​តាម​ជុំវិញ​វត្ត​អារ៉ាម​ ​ពិតជា​មិន​ងាយ​ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​នោះ​ទេ​ ​និង​មិន​ងាយ​លក់​ចេញ​បាន​ឡើយ​។​​ប្រហែល​ពួកគេ​មិន​ចង់​មានសម្លេង​រំខាន​ ​នៅពេល​មានកម្ម​វិធី​បុណ្យទាន​នានា​ ​ក៏ដូចជា​បញ្ហា​ហុងស៊ុយ​ផង​ដែរ​។​ ​

​២.ដី​មាន​ផ្នូរ​ឬ​ម៉ុង​ខ្មោច​នៅ​ក្បែរ​

​ជាទូទៅ​មនុស្ស​ណា​ក៏​ស្លាប់​ដែរ​ ​តែ​ពេល​ស្លាប់​ពួកគេ​នឹង​ក្លាយជា​ខ្មោច​ ​ហេតុនេះ​ទីតាំង​ដី​ដែល​នៅ​ក្បែរ​ផ្នូរខ្មោច​ ​ឬ​ចេតិយ​ ​មិន​គួរ​ទិញ​នោះ​ទេ​ ​ដោយសារ​មនុស្ស​មិន​ចូលចិត្ត​ផ្នូរ​ ​ឬ​ម៉ុង​ខ្មោច​នោះ​ឡើយ​។​ ​​ការទិញ​ដី​មាន​ទីតាំង​បែបនេះ​ ​ពិតជា​ពិបាក​លក់​ចេញ​ ​និង​មិន​ងាយ​បានផល​ចំណេញ​។​

​៣.រាង​ឬសណ្ឋាន​ដី​

​រាង​ឬសណ្ឋាន​ដី​ក៏​មាន​សារៈសំខាន់​ ​ដើម្បី​ទាក់ទាញ​អ្នកទិញ​បន្ត​ ​ឬ​អ្នក​វិនិយោគ​ផង​ដែរ​ ​ព្រោះ​បើ​រាង​ដី​មិន​សមស្រប​ ​និង​មាន​សណ្ឋាន​វៀច​ ​ពិតជា​មិន​ធ្វើឲ្យ​ដី​នោះ​ងាយ​លក់​នោះ​ទេ​ ​ហើយ​វា​ក៏​មិន​ឡើងថ្លៃ​លឿន​ដែរ​។​ លោក​កាង​ ​សុធី​បាន​ឲ្យដឹង​ថា​ ​ដើម្បី​ដឹងពី​រាង​ឬសណ្ឋាន​ដី​ណាមួយ​ ​សូមកុំ​មើល​នឹង​ភ្នែកទទេ​ ​តែ​ត្រូវ​សុំ​ប្លង់​ម្ចាស់ដី​យក​មក​មើល​ ​ទើប​យើង​អាច​ដឹង​ថា​រាង​ឬសណ្ឋាន​ដី​នោះ​មាន​លក្ខណៈ​ដូចម្តេច​។​

​៤.ការខ្ចី​ប្រាក់​ពី​ធនាគារ​

ការខ្ចី​ប្រាក់​ឬ​ឥណទាន​ពី​ធនាគារ​ជា​រឿង​គួរឲ្យ​ប្រុងប្រយ័ត្ន​មួយ​ ​ព្រោះ​អ្នក​វិនិយោគ​ឬ​ទិញ​ដីធ្លី​ ​ត្រូវ​សិក្សា​លំហូរ​សាច់ប្រាក់​របស់​ខ្លួន​ឲ្យបាន​ច្បាស់លាស់​ ​ដើម្បីកុំឲ្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ​នៅពេល​ដី​ជាប់​គាំង​ ​ឬ​លក់​មិន​ចេញ​។​ ​លោកបាន​បញ្ជាក់​ថា​ ​ដីធ្លី​នៅ​តំបន់​ណាមួយ​អាច​ជាប់​គាំង​មួយ​រយៈ​ ​និង​កញ្រ្ជោល​តម្លៃ​ឡើង​ខ្ពស់​ភ្លាម​ៗ​ ​ហើយ​តម្លៃ​ដីធ្លី​មិន​កើនឡើង​គ្រប់តំបន់​នោះ​ទេ​ ​ហេតុនេះ​ការសិក្សា​ពី​ចរន្ត​សាច់ប្រាក់​របស់​យើង​ ​បើសិនជា​រក​ឃើញថា​ ​លំហូរ​សាច់ប្រាក់​របស់​យើង​មិន​រលូន​ ​និង​មិន​ធានា​បាន​នូវ​ការ​ជាប់​គាំង​ណាមួយ​ ​មិន​គួរ​ប្រើប្រាស់​ឥណទាន​ពី​ធនាគារ​ដើម្បី​វិនិយោគ​ទិញ​ដីធ្លី​នោះ​ទេ​៕​