តោះ​នាំគ្នា​មក​សិក្សាគំនិត​រកស៊ី​៥នៅអាស៊ីអាគ្នេយ៍​ដែល​លើស​តម្លៃ​១ពាន់លានដុល្លារ​មកដល់បច្ចុប្បន្ន​

បើនិយាយ​ពីបច្ចេកវិទ្យា​ គ្រប់គ្នា​ប្រាកដ​ជាលើកសរសើរមិនដាច់ពីប្រទេស​ធំដូចជាអាមេរិក ចិន ជប៉ុន និងអឺរ៉ុបជាដើម ប៉ុន្តែ​នៅក្នុង​រយៈកាលចុងក្រោយនេះ គេសង្កេត​ឃើញថា​ចក្ខុវិស័យនៃ​ការវិនិយោគលុយ​ខ្ទង់ពាន់ៗលានដុល្លារ​ បង្វែរមក​កាន់ប៉ែក​ខាង​អាស៊ីអាគ្នេយ៍ធ្វើឱ្យក្រុមហ៊ុន​នៅក្នុង​តំបន់នេះភាគច្រើនមានតម្លៃ​ឡើង​គ្រើត​ៗ​រហូតដល់ខ្ទង់​ពាន់លានដុល្លា។

ក្នុង​អត្ថបទនេះ Business Cambodia សូមណែនាំ​លោកអ្នក​នូវ​គំនិត​រកស៊ីរបស់​ក្រុមហ៊ុន៥ ដែលធ្វើឱ្យ​ ក្រុមហ៊ុនទាំង​នោះក្លាយ​ទៅជា​ក្រុមហ៊ុន​មាន​តម្លៃ​ខ្ទង់​ពាន់ៗលាន​ដុល្លា។

១.Go-Jek

បង្កើត​ឡើង​នៅឆ្នាំ២០១០ Go-Jek ជាក្រុមហ៊ុននាំមុខ​គេនៅឥណ្ឌូនេស៊ី​​ខាង​ផ្នែក​ហៅម៉ូតូឌុប​តាម​រយៈកម្មវិធីទូរស័ព្ទ​ ហើយថ្មីៗនេះ ទើបនឹង​ទទួល​បានទុនវិនិយោគក្តៅៗ ១.៥ ពាន់លានដុល្លា​ពីក្រុមហ៊ុន​យក្សចិន Tencent ធ្វើ​ឱ្យ​ក្រុមហ៊ុនមួយនេះមានតម្លៃ​លោត​ខ្ពស់រហូតដល់ទៅច្រើនជាង ​៩ពាន់លានដុល្លា។ ក្រោយពីជោគជ័យ​លើ​សេវាកម្ម​ហៅម៉ូតូឌុប Go-Jek បានពង្រីកខ្លួន​ទៅកាន់​សេវាកម្ម​ដ៏ទៃ​ទៀត​ដូចជា សេវាកម្មដឹកជញ្ចូន កក់​សំបុត្រ​ សេវាកម្មសម្អាត ប្រព័ន្ធទូរទាត់​ប្រាក់ឌីជីថល​ជាដើម។

២.Grab

មិនខុសពី PassApp ខ្មែរ​យើង​ប៉ុន្មា​ននោះទេGrab ជា​សេវាកម្មហៅតាក់ស៊ី​ មានស្ទើរ​គ្រប់បណ្ដាប្រទេស​អាស៊ាន​រហូតដល់ទៅ៨ ប្រទេស១៦៨ទីក្រុង​ សូម្បីតែ ​Uber ក៏ប្រកាស​ដកខ្លួន​ចេញពីទីផ្សារ​អាស៊ាន​ហើយលក់ភាគហ៊ុនឲ្យ​ Grab ដែរ។ តម្លៃ​ក្រុមហ៊ុន​អាស៊ីអាគ្នេយ៍មួយនេះបានលោត​ដល់ខ្ទង់​ ៦ ពាន់លានដុល្លា​ក្រោយពី ទទួលបាន​ការវិនិយោគ១ពាន់លានដុល្លា ពីក្រុមហ៊ុនToyota។

៣.Lazada

Lazada រកស៊ីខាងទីផ្សារ​នៅលើអីនធឺណេត (E-Commerce) ដែលមាន​អតិថិជន​ច្រើន​លាន​នាក់​មក​ពី មាឡេស៊ី ថៃ ភីលីពីន សិង្ហបុរី និង​វៀតណាម។ កកើត​ដំបូង​ក្នុង​ឆ្នាំ២០១១ ក្រុមហ៊ុន​នេះត្រូវ​បាន​យក្ស​បច្ចេកវិទ្យា​ចិន​មួយគឺ Alibaba ធ្វើការទិញ​យក​ ប៉ុន្តែ​មិនមានទិន្នន័យ​ច្បាស់​ការ​ណា​ថា​ក្រុមហ៊ុន​នេះ​មានតម្លៃ​ប៉ុន្មាន​នោះទេ គ្រាន់តែ​ដឹង​ថា​ខ្ទង់​ពាន់ៗលានដុល្លា ព្រោះថា​គ្រាន់តែ​ទំហំទឹក​ប្រាក់ ​ដែល​គេ​វិនិយោគលើក្រុមហ៊ុននេះកន្លងមកគឺ៤.២ពាន់លានដុល្លារ នេះបើតាមទិន្នន័យពីCrunchbase។

៤.​ Tokopedia

ទីផ្សារឥណ្ឌូនេស៊ីធំ ធ្វើឱ្យលោក William Tanuwijaya ដែលមានបទពិសោធន៍ខាង ​IT ស្រាប់មានគំនិត​បង្កើត​ផ្សារ​ទំនិញអនឡាញមួយសម្រាប់​ប្រជាជន​ឥណ្ឌូនេស៊ីដែលមានប្រមាណជា​ខ្ទង់ ២៦០លាននាក់ ដោយមានទស្សនៈវិស័យ​​មួយជារួមចង់​ជួយ​ប្រជាជនឥណ្ឌូនេស៊ីឱ្យមានលទ្ធភាពអាច​លក់ទំនិញឬសេវាកម្មរបស់ខ្លួនបាន។ ជាមួយនឹង​ការវិនិយោគពី Alibaba ក្នុង​ទឹកប្រាក់​ប្រមាណជា​១.១ពាន់លានដុល្លា មិនបាច់​គិត​ច្រើនក៏យើងអាច​ដឹង​ថា​ក្រុមហ៊ុន​មួយនេះមាន​តម្លៃលើស​១ពាន់លានដុល្លារដែរ​។

៥. Traveloka

នេះជាក្រុមហ៊ុនឥណ្ឌូនេស៊ីទៀត​ហើយ ក្រុមហ៊ុន Traveloka មានជំនាញរកស៊ីទៅលើសេវាកម្ម​កក់​សំបុត្រ​យន្តហោះនិង​បន្ទប់​សណ្ឋាគារ និយាយ​ឱ្យ​មែនទែនទៅ ឱ្យតែ​ទាក់​ទងនឹង​រឿង​ធ្វើដំណើរ​នៅ មាន​តែ​កម្មវិធីនេះទៅលែងភ័យ​រឿង​អត់​អីជិះ អត់​ផ្ទះស្នាក់​ហើយ ស្រដៀងទៅនឹង​Tripadvisor ដែរ។ សម្រាប់​ទស្សនៈវិស័យ​មួយដែលធ្វើឱ្យក្រុមហ៊ុន​នេះក្លាយទៅជាក្រុមហ៊ុនដែលមាន​តម្លៃ​ច្រើនពាន់លានដុល្លានោះគឺជាឃ្លាមួយដែលនិយាយថា “ប្រសិនបើសេវាកម្មល្អ នឹង​មានអ្នកប្រើ”៕