សុត វិរៈ ៖ ចង់ចំណេញពីដីធ្លីឬផ្ទះកុំទិញមើលតែពីទំហំដី តែត្រូវមើលពីតំប​ន់ជុំវិញ

បច្ចុប្បន្ននេះនៅកម្ពុជា កំពុងមានការកើនឡើងយ៉ាងខ្លាំងនូវតម្រូវការលំនៅដ្ឋានស្របជាមួយ និងការរីកច​ម្រើន​ខ្លាំងនៃវិស័យអចលនទ្រព្យ ដែលកំពុងតែបំពេញនូវតម្រូវការរបស់ប្រជាជននៅកម្ពុជាបានយ៉ាងច្រើន។

ជាការពិតណាស់កំណើននៃតម្រូវការលំនៅដ្ឋាននេះហើយ ដែលបានធ្វើឲ្យការទិញ-លក់អចលនទ្រព្យមាន​ការរីកចម្រើន​ខ្លាំង ហើយតម្លៃអចលនទ្រព្យក៏មានការកើនឡើងផងដែរ ក៏ប៉ុន្តែប្រជាជនភាគច្រើន​ណាស់ដែល​គាត់ទិញអចលនទ្រព្យ​ផ្តោតសំខាន់តែទៅលើទំហំនៃអចលនទ្រព្យ។

តើការទិញអចលនទ្រព្យផ្តោតតែទៅលើទំហំនៃអចលនទ្រព្យអាចមានហានិភ័យដែរទេ?

បើតាមរយៈ លោកសុត វិរៈដែលជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Huttons​ ​CPL​ ​Co​.​,​ ​Ltd បានឲ្យដឹងថា​ទិញអចលនទ្រព្យកុំគិតតែពីទំហំត្រូវគិតពីតំបន់ជុំវិញ ដែលជាពិសេសចំពោះអ្នកមានគ្រសួសារ ឬទើប​តែ​រៀបការហើយ តែងតែត្រូវការទិញដី ឬផ្ទះសម្រាប់បំពេញតម្រូវការលំនៅដ្ឋានរបស់ពួកគេ។ អ្វីដែលសំខាន់នោះគឺពេលដែលរស់នៅ​មានសុភមង្គល មានអ្នកជិតខាងល្អ មានប្រព័ន្ធលូ ទឹកភ្លើង ប្រើប្រាស់បានគ្រប់គ្រាន់ មានការរីកចម្រើន និងជា​សហគមន៍មួយដ៏ល្អ។

ដូច្នេះហើយពេលទិញអចលនទ្រព្យកុំគិតតែលើទំហំត្រូវគិតពីតំបន់ជុំវិញ ដោយត្រូវ​ស្វែង​យល់​ថាក្រុម​ហ៊ុនអចលនទ្រព្យណាដែលស្របច្បាប់ ពេលដែលទិញហើយមិនមានហានិភ័យចំពោះផ្លូវច្បាប់ ហើយ​អចលនទ្រព្យដែលយើងត្រូវទិញជាតំបន់ដែលមានការអភិវឌ្ឍបែបណា​ តំបន់ជុំវិញមានភាពអំណោយផងដែរឬទេ នាពេលអនាគតកាន់តែរីកចម្រើនឬ ក៏កាន់តែធ្លាក់ចុះ។

គួរជម្រាបផងដែរថា បើអតិថិជនទិញអចលនទ្រព្យផ្តោតសំខាន់លើតំបន់ជុំវិញ អាចធ្វើឲ្យ​អតិថិជន​ចៀស​ផុត​ពីហានិភ័យពេលអនាគត ហើយទទួលបានអចលនទ្រព្យ​ប្រកបដោយគុណភាព​ហើយ​មាន​ទីតាំង​ល្អដែល​ធ្វើឲ្យគាត់ទទួលបានប្រាក់ចំណេញពីការបើកអាជីវកម្ម លក់បន្ត។

នៅពេលដែលអ្នកទិញ ដោយមិនបានគិតពីចំណុចទាំងអស់នេះអ្នកជួបប្រទះហានិភ័យ បន្ទាប់ពីទិញអចលនទ្រព្យ ដោយសមាជិកតិចតែផ្ទះធំតែនៅតំបន់ដែលមិនសូវមានការអភិវឌ្ឍ មិនអាចប្រកបអាជីវកម្មបាន ដូច្នេះហើយត្រូវគិតលើចំណុចនេះដើម្បីចៀសវាងហានិភ័យពេលអនាគត៕