អ្នកមាន ត្រូវបានបែងចែកជា២ប្រភេទ គឺអ្នកមានដែល ចាយលុយខ្ជៈខ្ជាយ និងអ្នកមានដែលចាយលុយដើម្បីបង្កើនទ្រព្យរបស់ខ្លួន។ យ៉ាងណាមិញ បើតាមសម្ដីរបស់ លោកស្រី Suze Orman អ្នកជំនាញ ហិរញ្ញវត្ថុ ដ៏ល្បីរបស់អាមេរិកបានលើកឡើងថា អ្នកមានមួយចំនួនធំតែងធ្វើរឿងមួយដែលធ្វើឲ្យពួកគេមានតែមានទៅៗ។
នៅក្នុងចំណុចនេះ លោកស្រីបានឲ្យដឹងថា ពួកអ្នកមានមួយចំនួនមិនមែនទិញរបស់ដោយសារតែពួកគេមានលទ្ធភាពទិញនោះទេ ព្រោះនេះមិនមែនជាការចាយលុយមានប្រសិទ្ធភាពឡើយ។ ផ្ទុយទៅវិញពួកគេទិញនូវ អ្វីដែលជា តម្រូវការចាំបាច់ មិនថា ពួកគេមានលុយច្រើនយ៉ាងណាក៏ដោយ។
ស្រ្តីវ័យ៦០ឆ្នាំរូបនេះ បានលើកឡើងថា ប្រសិនបើអ្នកមានលុយច្រើន ហើយចាយតាមតែចិត្តចង់ ដូចជា៖ ចំណាយលើ លើដំណើរកម្សាន្តទិញសម្ភារនិយម និងចាយទៅលើអ្វីដែលមិនចាំបាច់ នោះលុយរបស់អ្នកនឹងរលាយគ្មានសល់នោះទេ។
លោកស្រីបានលើកឧទាហរណ៍ របស់លោកស្រីផ្ទាល់ថា កាលពីឆ្នាំ១៩៩៨ លោកស្រីត្រូវទៅទីក្រុង New York ជាញឹកញាប់។ ពេលនោះលោកស្រីក៏មានលទ្ធភាពទិញផ្ទះប្រភេទ penthouse តម្លៃខ្ទង់លានដុល្លារ តែលោកស្រីមិនត្រូវការ ផ្ទះ penthouse នោះទេ។ ដូច្នេះលោកស្រីទិញផ្ទះ អាផាតមិន តម្លៃ២៤ម៉ឺនដុល្លារ ព្រោះលោកស្រីត្រូវការវានៅក្នុងទីក្រុង New York។ លោកស្រី Suze Orman បានផ្ដែផ្ដាំថា អ្នកត្រូវទិញអ្វីដែលជាតម្រូវការ របស់អ្នក មិនថាអ្នកមានលុយច្រើនយ៉ាងណាក៏ដោយ ព្រោះការធ្វើបែបនេះ អ្នកនឹងអាចទិញ អ្វីៗដែលអ្នកចង់បាន។
លោកស្រីក៏បាន លើកឡើងថា បើអ្នកពិតជាចង់សន្សំសំចៃមែន អ្នកត្រូវបែងចែកឲ្យដាច់រវាងការចង់បាន និងតម្រូវការ។ លោកអ្នកអាចសន្សំសំចៃបានច្រើន បើអ្នកព្យាយាមចំណាយទៅលើអ្វីដែលអ្នកត្រូវការ ដូចជា៖ អ្នកត្រូវការអាហារហូបចុកប្រចាំថ្ងៃ ត្រូវការចាក់សាំងឡានម៉ូតូទៅធ្វើការ តែអ្នកមិនចាំបាច់ចាក់សាំងឡាន ម៉ូតូ ទៅដើរលេងកម្សាន្តនោះទេ៕