មុនក្លាយ​ជាក្រុម​ហ៊ុន​មាន​លុយ​វល់លានដុល្លារ​ Apple ធ្លាប់​បរាជ័យ​លើផលិតផល​ចំនួន​៥ដង​រួចមកហើយ​

កាលពីឆ្នាំ ២០១៨ Apple ត្រូវបានជាប់ឈ្មោះជាក្រុមហ៊ុនដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោកតម្លៃ ១ ទ្រីលានដុល្លារ ដោយសារលក់ iPhone, iPad និង iMac ប៉ុន្តែមុនមានផលិតផលជោគជ័យទាំងនេះ Apple ធ្លាប់បរាជ័យច្រើនដងលើផលិតផលធំៗ៥។

១.កុំព្យូទ័រ

Apple II ជាកុំព្យូទ័រដែលធ្វើឲ្យ Apple ចាប់ផ្តើមល្បីឈ្មោះនៅខ្ទង់ឆ្នាំ១៩៧០ ប៉ុន្តែដោយសារ Apple ឃើញ IBM ផលិតកុំព្យូទ័រសម្រាប់ប្រើផ្ទាល់ខ្លួន Apple ចាប់ផ្តើមផលិត Apple III ដើម្បីប្រកួតប្រជែង ។ វាមានចំណុចពិសេសមិនលើសពី Apple II ប៉ុន្មានទេ ដូចជាប្រើកង្ហារតិចដើម្បីកាត់បន្ថយសម្លេងរំខាន និងប្រើរ៉េម៥១២មេហ្កាបៃ ប៉ុន្តែអ្វីដែល​ធ្វើឲ្យអតិថិជនខកចិត្តនោះគឺតម្លៃវាហក់លោតពី៣៤០០ ដល់ជាង៥០០០ ដុល្លារឯណោះទៅតាមទំហំម៉ាស៊ីន ដែលធ្វើឲ្យអ្នកមានលុយល្មមៗលែងហ៊ានប្រាថ្នា។

២.Hockey Puck Mouse

Hockey Puck ត្រូវបានចេញដំណាលគ្នាជាមួយកុំព្យូទ័រ iMac នៅឆ្នាំ ១៩៩៨ ដែលជានិន្នាការបច្ចេកវិទ្យាថ្មីមួយ ខណៈដែល Steve Jobs អះអាងថា វាជា Mouse ដែលល្អបំផុតលើពិភពលោក ជាមួយការរចនាបែបទាក់ភ្នែក ប៉ុន្តែគួរឲ្យស្តាយ វាបានតែល្អមើល តែមិនល្អប្រើ ដោយសារវាមានរាងមូលខុសពី Mouse ដែលអ្នកប្រើសព្វថ្ងៃនេះ ដូចនេះអ្នកប្រើពិបាកកំណត់ទិសដៅក្នុងការបញ្ជារ។

៣.eWorld

ស្របពេលដែលអ៊ីនធឺណេតទើបចេញថ្មីៗ Apple បានបង្កើតសេវាកម្មអនឡាញមួយ ដែលប្រមូលផ្តុំសេវាកម្មមួយកំផ្លេ​ដូចជា អ៊ីមែល ព័ត៌មាន កម្មវិធីកុំព្យូទ័រ…. ជាមួយនឹងថ្លៃសេវាកម្មខ្ពស់ និងប្រើបានតែលើកុំព្យូទ័រ Apple ប៉ុណ្ណោះ។ ពេលនេះកុំព្យូទ័រភាគច្រើនប្រើ Window ដូចនេះ eWorld ក៏លក់មិនដាច់ បើកនៅឆ្នាំ១៩៩៤ បិទវិញនៅឆ្នាំ១៩៩៦។

៤.ប្រព័ន្ធប្រតិបត្តិការ Mac Clones

Mac Clones ជាប្រព័ន្ធប្រតិបត្តិការដែល Apple បង្កើតវាឡើងដោយសារឃើញ IBM លក់ម៉ាស៊ីនដុំព្យូទ័រ ដាច់បានរាប់លានគ្រឿង ស្របពេលគេប្រើប្រព័ន្ធប្រតិបត្តិការ Window ដូចនេះ Apple ចង់ប្រើយុទ្ធសាស្ត្រផលិតប្រព័ន្ធប្រតិបត្តិការលក់ឲ្យ IBM ដើម្បីប្រកួតជាមួយ Microsoft។ ប៉ុន្តែ Mac Clones មិនអាចប្រកួតជាមួយ Microsoft Windowបានទេ ដូចនេះ Apple សម្រេចថាបោះចោលមុខរបរនេះ ដោយសារចំណេញលុយពីថ្លៃលក់សិទ្ធប្រើប្រាស់តិចពេក។

៥.Newton

មុនពេលដែលមានស្មាតហ្វូន ឧបករណ៍ Newton របស់​ Apple ប្រៀបបាននឹងជំនួយការផ្ទាល់ខ្លួនមួយ។ ចំណុចពិសេសរបស់វា គឺអាចយកប៊ិចទៅសរសេរលើអេក្រង់បាន ដើម្បីកត់ចំណាំកំណត់ត្រាជំនួសកូនសៀវភៅ។ ប៉ុន្តែដោយសារបញ្ហា Hardware ដូចជាពិបាកសរសេរ ជាពិសេសតម្លៃថ្លៃផង បានជាផលិតផលមួយនេះលក់លែងដាច់វិញ៕