អគ្គនាយក​ អ៊ូ សៀង​ហៃ​ ពីក្មេងកំព្រា​ដើររើស​អេត​ចាយ​​​ តស៊ូ​រហូត​ក្លាយជា​អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ​

ដោយឡែករឿងដែលគួរតែស្ញប់ស្ញែងនោះ គឺលោកអ៊ូ សៀងហៃ ដែលលោកជាក្មេងកំព្រា តែមានការតស៊ូ ខិតខំប្រឹងប្រែង រហូត បានក្លាយជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Camface Realty(CEO Camface Realty) មួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។

លោកកើតនៅក្នុងខេត្តកណ្តាល ប៉ុន្តែស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ហើយលោកបានក្លាយជាក្មេងកំព្រាបន្ទាប់ពីរៀនចប់ថ្នាក់ទី១២ លោកមានចិត្តស្រឡាញ់ផ្នែកពេទ្យ ប៉ុន្តែលោកបានផ្លាស់ប្តូរមកចូលប្រឡូកក្នុងវិស័យអចលនទ្រព្យវិញ ព្រោះគោលដៅរបស់លោក គឺចង់ក្លាយជាបុគ្គលជោគជ័យ ឬក៏អាចថាជាអ្នកមានទ្រព្យ គួបផ្សំជាមួយចំណេះ ហើយជួយដល់អ្នកជំនាន់ក្រោយឲ្យការងារធ្វើនិងមានចំណេះដឹង។

ដោយសារតែជំនាញផ្នែកពេទ្យត្រូវការប្រើប្រាស់ពេលវេលាយូរ ដូច្នេះហើយទើបលោកសម្រេចចិត្តចូលធ្វើការនៅក្នុងវិ​ស័យអចលនទ្រព្យ ព្រោះថានៅកម្ពុជាបច្ចុប្បន្នកំពុងរីកចម្រើនខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ ដែលអាចទាញយកប្រាក់ចំណេញ​បានយ៉ាងច្រើន។ លោកបានបន្តទៀតថា លោកកាលពីមុនជាអ្នកធ្វើការខាងអចលនទ្រព្យក្នុងក្រុមហ៊ុន Century 21​ ដែលបានវិវត្តន៍ខ្លួនពីអ្នកលក់អចលនទ្រព្យទៅជាអ្នកគ្រប់គ្រងផ្នែកលក់អចលនទ្រព្យនៅក្នុងក្រុមហ៊ុន។ បន្ទាប់ពីការធ្វើការឲ្យគេហើយលោកក៏មានគំនិតក្នុងការបង្កើតក្រុមហ៊ុនអចលនទ្រព្យដោ​យខ្លួនឯងនិងមានការសហការគ្នាផ​ងដែរ លោកបានសម្រេចចិត្តឈប់ធ្វើការឲ្យហើយតស៊ូប្រឹងប្រែងដើម្បីបំពេញនូវគោលបំណង និងក្ដីស្រម៉ៃខ្លួនឯង។

គួរជម្រាបផងដែរថា ដើម្បីសម្រេចនូវគោលបំណងយើងត្រូវចេះតស៊ូហើយរៀនស្វែងយល់ដំណោះស្រាយនូវអ្វីដែលជាចម្ងល់ រៀនអភិវឌ្ឍន៍​ខ្លួនឯងជាមួយនិងការផ្តល់ក្ដីសង្ឃឹមដល់ខ្លួនឯង ហើយអ្វីដែលជាគោលបំណងរបស់លោកនោះ ​គឺចង់ឃើញអ្នកដែល​មកពីបណ្តា​ខេត្ត ដែលចូលចិត្ត​និងស្រឡាញ់វិស័យអចលនទ្រព្យមានការងារធ្វើ និងមានការផ្គត់ផ្គងកន្លែងស្នាក់នៅ ថ្លៃសម្រាប់បង់ការសិក្សានិងចេះតស៊ូដើម្បីសម្រេចគោលដៅ៕