អ៊ឹម វីរះ ៖ ​ខ្ញុំ​បោះ​បង់ប្រាក់ខែ​រាប់ពាន់ដុល្លារ​ ដើម្បី​ប្រកប​របរតាមចិញ្ចើមផ្លូវ​ រហូតក្លាយខ្លួ​ន​ជាម្ចាស់ក្រុម​ហ៊ុន​

ដោយសារក្តីស្រមៃចង់ចេញរកស៊ី លោក អ៊ឹម វីរះ បានបោះប្រាក់ខែជិតពាន់ដុល្លារអាមេរិក រត់ទៅបើករកស៊ី លក់សាំងវ៉ិច តាមចញ្ចើមថ្នល់ អាចរកប្រាក់ចំណូល បានប្រមាណ៤០ម៉ឺនរៀលក្នុង១ថ្ងៃ ហើយអាចវិវត្តិខ្លួនក្លាយជាម្ចាស់ម្ចាស់គម្រោងផ្ទះលំហែបែបធម្មជាតិ​តម្លៃ​រាប់​លានដុល្លារ រីឡេករីហ្ស នៅខេត្តកណ្តាល។

លោកបានរៀបរាប់ប្រាប់ Today Sharing ថា ការចេះរកស៊ីដំបូងរបស់លោក គឺការចេញលក់សាំងវ៉ិចនៅតាមចញ្ចើមថ្នល់ ដែរ របរនេះ បានបង្រៀនលោកឲ្យស្គាល់នូវមេរៀន នៃការរកស៊ីជាច្រើន ដែលលោកពុំដែលធ្លាប់បានជួប​។ ការរកស៊ីនោះ បានធ្វើឲ្យលោកបោះបង់ភាពអៀនខ្មាស់ទាំងឡាយចេញពីខ្លួន ចេះពីរបៀបធ្វើម៉ាឃីតធីង ការលក់ ការរក្សាភ្ញៀវជាដើម ខណៈដែលពីមុនមកលោក ដែលធ្លាប់តែងខ្លួនស្អាតៗ ទៅធ្វើការបានប្រាក់ខែជិត១ពាន់ដុល្លារឯណោះ។

លោកបានបន្តថា របរលក់សាំងវ៉ិច អាចរកចំណូលបានប្រមាណ៤០ម៉ឺនរៀក្នុង១ថ្ងៃ ប៉ុន្តែលោកមិនបានរកស៊ីយូរនោះទេ ពោលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ លោកអាចស​ន្សំលុយបានខ្លះ ក៏រត់ទៅលក់អីវ៉ាន់បោះដុំ ប៉ុន្តែវាក៏បានបរាជ័យ ដោយសារតែរបរនេះចំណេញតិចពេក ចំណាយកម្លាំង និងពេលវេលាច្រើន។

ដោយនៅតែស្រឡាញ់ការរកស៊ី លោកនឹងភរិយា បានខិតខំរកលុយសន្សំបានបន្ថែមទៀត ដើម្បីបានបើកហាងទូរស័ព្ទ មួយមានឈ្មោះថា  PETER Phone Shop។ ដោយគ្មានដើមទុនច្រើនអាចទិញទូរស័ព្ទមកតាំងលក់បាន លោកទិញតែទូរដាក់ទូរសព្ទ១ និងទូរសព្ទ២ ៣គ្រឿងប៉ុណ្ណោះ ហើយដើម្បីបានទូរស័ព្ទដាក់ឲ្យពេញទូរ ដើម្បីទាក់ម៉ូ​យ លោកក៏បានទិញសំបកទូរសព្ទជាច្រើន មកដាក់តាំងលក់។ ដែលនេះ ជាទិចនិច្ចម៉ាឃីតធីងរបស់លោក។ រហូតដល់ជោគជ័យមកដល់សព្វថ្ងៃនេះ។

បន្ទាប់មកលោកបានបើកភោជនីយដ្ឋានមួយទៀតផងដែរ ឈ្មោះថា កាហ្វេដី ដែលមានឈ្មោះបោះសម្លេងរហូតមកដល់សព្វថ្ងៃនេះផងដែរ។ ដោយមានបទពិសោធន៍ខាងដីធ្លីស្រាប់ផង និងមើលឃើញឱកាស ព្រមទាំងសេចក្តីស្រឡាញ់ផង លោកនិងមិត្តភក្តិ បានចូលហ៊ុនគ្នា បង្កើតគម្រោង ផ្ទះលំហែបែបធម្មជាតិ Relax resort នៅខេត្តកណ្តាល លើផ្ទៃដីប្រមាណ៨ហិតតា នៅភូមិត្រាញ់ ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលគម្រោងស្ថិតនៅតាមបណ្តោយស្ទឹងតែម្តង៕