អួង បូរិន ៖ ដើម្បីក្លាយជាមនុស្សម្នាក់​មានឥទ្ធិពលលើអ្នកដ៏ទៃ អ្នកត្រូវសិក្សា​រចំនួន​៦ចំណុចខាងក្រោម​

សំណួរដ៏អស្ចារ្យបានចោទមកសួរទស្សនិកជនថា ហេតុបានជាយើងរាល់ថ្ងៃមិនសូវជាមានឥទ្ធិពលទៅលើគេសោះ? ហេតុអ្វី? មានមនុស្សប្រមាណជាពីរទៅបីនាក់ប៉ុណ្ណោះ ដែលបានបញ្ចេញមតិយោបល់របស់ខ្លួនតែមិនទាន់ត្រឹមត្រូវនៅ​ឡើយ។

លោក អួង បូរិន ជាប្រធានផ្នែកធនធានមនុស្ស នៅក្រុមហ៊ុន Aplus Consulting បានមានប្រសាសន៍ថា ដើម្បីឲ្យយើងមានឥទ្ធិពល​និងការគោរពស្រលាញ់ពីនរណាម្នាក់ មិនចាំបាច់មានមុខតំណែងធំទេ គ្រាន់តែអនុវត្តន៍នូវ៦ ចំណុច​នេះ៖

១.ក្រមសីលធម៌៖ កត្តាចម្បងបំផុត ត្រូវតែប្រកាន់ខ្ចាប់នូវសីលធម៌ដ៏ថ្លៃថ្នូរ និងការយោគយល់ ហើយព្យាយាមឲ្យតម្លៃទៅមនុស្សជុំវិញយើងផង។

២.ចំណេះដឹង៖ ចង់ឲ្យនរណាម្នាក់ស្រលាញ់យើង គោរពយើង លុះត្រាតែយើងមានចំណេះដឹងស្មើ ឬលើសគេ ទើបយើងនិយាយទៅភាគច្រើនគឺគេស្តាប់។

៣.ទំនាក់ទំនង៖ ការប្រាស្រ័យទាក់ទងគ្នាជារឿងមួយដែល មនុស្សមិនអាចកាត់ផ្តាច់វាបាន។ ទំនាក់ទនងដ៏ល្អ គីធ្វើឲ្យគេចូលចិត្តយើងឲ្យច្រើន ជាពិសេសយើងអាចស្វែងយល់ចិត្តនរណាម្នាក់ច្បាស់លាស់ ហើយពេលនោះសក្តានុពលយើងទៅគ្រប់ដណ្តប់ម្នាក់នោះដោយមិនដឹងខ្លួន។

៤.លទ្ធផល៖ គ្រប់រឿងទាំងអស់ដែលនរណាម្នាក់បានធ្វើ គឺគេតែងតែមើលទៅលទ្ធផលរបស់ម្នាក់នោះជានិច្ច ប្រសិន​បើលទ្ធផលនៃការងារឬការសិក្សា មិនមានភាពប្រក្រតី មានន័យថាសមត្ថភាពយើងក៏ទៅតាមនោះដែរ ផ្ទុយទៅវិញបើការងារយើងទទួលបានលទ្ធផលល្អជារៀងរាល់ខែនោះ ឥទ្ធិពលរបស់យើង កិត្តិយសយើង នឹងសាយភាយ​ដល់មនុស្សដែលនៅជុំវិញខ្លួនជាមិនខាន។

៥.ហេតុផល៖ ពាក្យថាហេតុផល និងលេស គឹខុសគ្នាយ៉ាងដាច់ស្រឡះ។ មានមនុស្សជាច្រើនតែងតែច្រឡំគ្នា រវាង​អត្តន័យរបស់ពាក្យពីរនេះ “លេស” គឺជាពាក្យសម្រាប់ដោះសារអំពីរឿងអ្វីមួយដើម្បីបង្វិតបង្ខំឲ្យគេជឿ តែពាក្យថា “ហេតុផល” សម្តីមួយឬភស្តុតាងជាក់លាក់ណាមួយ ដើម្បីបង្ហាញឲ្យនរណាម្នាក់យល់ពីស្ថានភាពនោះ។ ហេតុផលពិត សមរម្យធ្វើមនុស្សជឿងជាក់លើយើងបាន មានន័យថាអ្នកកំពុងគ្រប់ដណ្តប់នរណាម្នាក់ហើយ តែជាផ្លូវមួយដែលត្រឹមត្រូវ។

៦.គិតបែបនិរន្តរភាព៖ ជាមនុស្សដែលមានភាពវិជ្ជមានក្នុងការគិត និងការគិតមួយជាប្រយោជន៍រួម ហើយចេះជួយជ្រោមជ្រែងអ្នកដទៃរហូត ជាពិសេសគិតដល់ពីអនាគតរបស់មនុស្សជុំវិញខ្លួន៕