Hawking ៖ មនុស្សមានចំណេះដឹងមិនច្បាស់លាស់ថែមទាំង​​មាន​​អំនួត​ មិនត្រឹម​តែបរាជ័យទេតែនាំគេ​មកបរាជ័យដែរ

ក្រោយពេលដែលបិតាអ្នកវិទ្យាសាស្ត្រកំពូលរបស់ពិភពលោក អាល់បឺត អាស្តាញ (Albert Einstein)  បានស្លាប់នៅអំឡុងឆ្នាំ១៩៥៥ អ្នកវិទ្យាកំពូលសម័យក្រោយ ដែលគេគោរព និងឱ្យតម្លៃខ្លាំងបំផុតគឺ លោក Stephen Hawking  ដែលទើបតែស្លាប់កាលពីឆ្នាំទៅ។

Stephen Hawking គឺជាអ្នកវិទ្យាសាស្ត្រដ៏កម្រម្នាក់ ដែលប្រឆាំងនឹងព្រេងវាសនាខ្លួន តស៊ូជម្នៈគ្រប់បញ្ហា បន្តការងាររបស់ខ្លួនទោះជាស្លាប់រាង្គកាយហើយក៏ដោយ។ ការតស៊ូធ្វើការងារដែលលោកស្រឡាញ់ពេញចិត្តមួយនេះ បានធ្វើឲ្យពិភពលោកស្គាល់រូបលោកកាន់តែច្បាស់ និងមានការកោតសរសើរលោកក្រៃណាស់។ កំពូលអ្នកវិទ្យាសាស្ត្ររូបវិទ្យាប្រចាំសតវត្សរូបនេះ កើតនៅក្នុងឆ្នាំ ១៩៤២ ក្នុងទីក្រុង Oxford ប្រទេសអង់គ្លេស ឆ្លងកាត់ភ្លើងសង្គ្រាមលោកលើកទី២ អាយុបាន៨ឆ្នាំ គ្រួសាររបស់លោកទាំងមូលបានផ្លាស់ទីលំនៅទៅរស់នៅភាគខាងជើងនៃទីក្រុង London។

អាយុបាន១១ឆ្នាំ Stephen Hawking បានទៅរៀននៅវិទ្យាល័យមួយក្នុងទីក្រុង St. Albans និងបានបន្តការសិក្សានៅសកលវិទ្យាល័យ ខណៈពេលដែលលោកកំពុងជាប់ចិត្តខ្លាំងជាមួយគណិតវិទ្យា លោកបានតាំងថានឹងចូលរៀនថ្នាក់គណិតវិទ្យានៅសកលវិទ្យាល័យ ទោះជាពេលនោះឪពុករបស់លោកចង់ឲ្យលោករៀនផ្នែកឱសថយ៉ាងក្តី។ ប៉ុន្តែនៅអំឡុងពេលនោះ ថ្នាក់គណិតវិទ្យាមិនទាន់បានរៀបចំរួចរាល់ មិនទាន់អាចចូលរៀនបាន ទើប Stephen Hawking សម្រេចចិត្តចូលរៀនថ្នាក់រូបវិទ្យាជំនួសវិញ។ ក្នុងការសិក្សារយៈពេល៣ឆ្នាំ Stephen Hawkingបានក្លាយជានិស្សិតឆ្នើមប្រចាំសាលា និងទទួលបានពាន់រង្វាន់លេខ១ ផ្នែកវិទ្យាសាស្ត្រធម្មជាតិ។

នៅឆ្នាំ១៩៦២ លោកបានទៅកាន់សកលវិទ្យាល័យ Cambridge ដើម្បីធ្វើការស្រាវជ្រាវផ្នែកលោកធាតុ។នៅពេលនោះហើយដែលលោកដឹងថា ខ្លួនឯងមានជំងឺមួយប្រភេទ ដែលអាចធ្វើឲ្យលោកពិការមួយជីវិត ព្រោះតែខ្លួនឯងមិនអាចបញ្ជាលើសាច់ដុះបាន (Motor Neurone Disease) ហើយតាមការប៉ាន់ស្មានពីគ្រូពេទ្យនៅពេលនោះ លោកអាចសល់ពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។ ទោះជាដឹងពីស្ថានភាពជំងឺខ្លួនឯងហើយក្តី លោកនៅតែជន្នៈប្រឆាំងនឹងព្រេងវាសនា ដោយមិនអនុញ្ញាតឲ្យជំងឺមួយនេះ មករារាំងការងាររបស់គាត់ឡើយ។

អំឡុងពេលនៅក្នុងសាលា Cambridge លោកបានចំណាយពេលយ៉ាងច្រើន ទៅលើការអានសៀវភៅ សិក្សារៀនសូត្របន្ថែមជាមួយសាស្ត្រាចារ្យផ្សេងទៀត សិក្សាស្រាវជ្រាវលើប្រធានបទផ្សេងៗគ្នា និងបានចង់ក្រងចេញសៀវភៅវិទ្យាសាស្ត្រជាច្រើនក្បាល ហើយសៀវភៅ ដែលធ្វើឲ្យគេទទួលបានស្គាល់ច្រើនគេបំផុត គឺសៀវភៅដែលចំណងជើងថា A Brief History of Time ដែលបានចេញផ្សាយនៅអំឡុងឆ្នាំ ១៩៨៨ និងលក់ដាច់អស់ប្រមាណ១០លានក្បាល និងសៀវភៅដ៏ពេញនិយមទីពីរ មានចំណងថា The Grand Design។

អ្នកវិទ្យាសាស្ត្រ ដែលរស់នៅអាស្រ័យដោយរទេៈរុញ និងធ្វើការទំនាក់ទំនងដោយប្រើម៉ាស៊ីនកុំព្យូទ័រវ័យឆ្លាតជាជំនួយរូបនេះ ក៏ជាមនុស្សម្នាក់ដែលប្រឆាំងយ៉ាងខ្លាំងទៅនឹងជំនឿដែលគេជឿថា ពិភពលោកនេះបង្កើតឡើងព្រះ។  លោកបានមានប្រសាសន៍ថា៖ “ពិភពលោកនេះ កើតឡើងដោយសារតែច្បាប់ធម្មជាតិ មិនមែនកើតឡើងដោយព្រះជាម្ចាស់ឡើយ ហើយក៏គ្មានព្រះហុចដៃទទួលយកមនុស្សណាម្នាក់ដែរ។​”

លោកក៏ធ្លាប់បង្ហាញពីជំនឿជាក់របស់ខ្លួនផងដែរថា៖ នៅលើចក្រវាលនៃលំហអាកាស មិនមែនមានតែផែនដីយើងទេ ដែលមានជីវិតរស់។ លោកជឿថា នៅលើភពផ្សេងទៀត ដែលឆ្ងាយពីយើងណាស់ ប្រាកដជាមានមនុស្សរស់នៅដូចយើងដែរ ដែលមនុស្សគ្រប់គ្នាហៅថា Alien។

តាមការប៉ាន់ប្រមាណរបស់លោក៖ ក្រុមមនុស្សនេះ ប្រហែលជាមានសមត្ថភាព​ និងបច្ចេកវិទ្យាលើសយើង (មនុស្សនៅផែនដី) យ៉ាងតិច១០០ដងឯណោះ ហើយលោកសង្ឃឹមថា នៅពេលដែលពួកគេរកឃើញភពផែនដី និងមកដល់ផែនដីយើងក្នុងន័យចង់មិត្តភាព នោះវាពិតជាសំណាងបំផុតរបស់មនុស្សនៅលើផែនដីនេះ ប៉ុន្តែបើពួកគេមកក្នុងនាមជាសត្រូវ យើងប្រហែលជាគ្មានឱកាស ឬ លទ្ធភាពតតាំងឡើយ ហើយតាមការប៉ាន់ស្មានរបស់លោក រឿងប្រឈរមុនជាមួយ Alien ចៀសមិនផុសក្នុងរយៈពេល១ពាន់ឆ្នាំទៀតឡើយ។

Stephen Hawking ក៏ធ្លាប់មានប្រសាសន៍ផងដែរថា៖ ភពផែនដីនេះ អាចនឹងមិនរលាយដោយសារតែ Alien ទេ វាអាចនឹងត្រូវខ្ទិចខ្ទីដោយសារតែស្នាដៃមនុស្សរស់នៅលើភពផែនដីខ្លួនឯងច្រើនជាង។ គួរជម្រាបផងដែរថា Stephen Hawking មានកូនចំនួន៣នាក់ និងបានស្លាប់កាលពីព្រឹកមិញនេះ ក្នុងវ័យ៧៦ឆ្នាំ៕