តោះស្វែង​យល់ខាងក្រោមនេះ​ តើអ្នក​រកស៊ី​ និងអ្នកធ្វើការ​ឲ្យ​គេ​ បច្ចុប្បន្ន​មានភាព​ខុសគ្នា​ដូច​ម្តេចខ្លះ?

0 158

នៅ​ក្នុង​ប្រទេស​អាមេរិក មាន​​ពលរដ្ឋ​របស់​ខ្លួន១៣% គឺ​ជា​​ជំនួញ ឬ ស់​អាជីវកម្ម (Employer/Entrepreneur​) ខណៈ​​ដែល​ពលរដ្ឋ​​​ដែល​នៅសល់​ច្រើន​លើសលប់​ផ្សេង​ទៀត ​គឺ​ជា​អ្នក​ធ្វើ​ការ​ឲ្យ​គេ(Employee)។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ​ហ្ស៊ួរិច (University of Zurich) បាន​រក​ឃើញ​ពី​ចំណុច​ខុស​ប្លែក​គ្នា​មួយ​រវាង​មនុស្ស​ពីរ​ប្រភេទ​នេះ។

ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ខាងលើ​បាន​បង្ហាញ​ថា ខណៈ​ដែល​អ្នក​ធ្វើ​ការ​ឲ្យ​គេ ឬ​បុគ្គលិក (Employee) ជា​មនុស្ស​មាន​ជំនាញ​​ច្បាស់លាស់ សហគ្រិន ឬ​អ្នក​រកស៊ី (Entrepreneur) គឺ​ជា​មនុស្ស​ដែល​មាន​ពហុ​ជំនាញ ( Jack-of-all-trade)។ សាកលវិទ្យាល័យ​ខាងលើ ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សហគ្រិន​ជា​មនុស្ស​ដែល​មាន​ចំណេះដឹង​ទូលំទូលាយ​ដែល​ទាក់ទង​ទៅ​នឹង​សហគ្រិន​ភាព​។ ចំណែក​ឯ​​បុគ្គលិក​វិញ (អ្នក​ធ្វើ​ការ​ឲ្យ​គេ) គឺ​​សំដៅ​លើ​បុគ្គលិក​មួយ​ដែល​មាន​ជំនាញ​ឯកទេស​ច្បាស់លាស់​ (Specialist)​​​ ដែល​ធ្វើ​ការ​ជា​មួយ​អ្នក​ជំនាញ​​​ផ្សេង​ទៀត​​ជា​បុគ្គលិក​ដូចគ្នា (Employee) តាម​រយៈ​ការងារ​ដែល​ផ្តល់​ឲ្យ​ពី​សហគ្រិន (Entrepreneur)។

ផ្អែក​លើ​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​នេះ​​ដែល ធ្វើ​ឡើង​ទៅ​លើ​និស្សិត​២,០០០នាក់ ​មក​ពី​សាលា​ផ្សេងៗ​គ្នា​បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​ដែល​មាន​បទពិសោធន៍​ និង​ចំណេះ​ដឹង​តាម​រយៈ​​​​​ការងារ​ផ្សេងៗ​គ្នា ទំនង​ជា​មាន​ទំនោរ​ក្លាយ​ជា​សហគ្រិន​ច្រើន​ជាង​អ្នក​ ដែល​មាន​ជំនាញ​ឯកទេស​តែ​មួយ​មុខ។ ការ​ស្រាវជ្រាវ​នេះ​បន្ត​ទៀត​ថា លក្ខណៈ​សម្បត្តិ​ដែល​​រុញច្រាន​ឲ្យ​មនុស្ស​ម្នាក់​មាន​អនាគត​​ជា​អ្នក​ធ្វើ​ការ​ឲ្យ​គេ គឺ​ជា​អ្នក​ដែល​​ស្វែង​រក​ការងារ​ធ្វើ​ អ្នក​ដែល​ស្វែង​រក​សុវត្ថិភាព​ប្រាក់​ចំណូល​មក​ដោះ​ទាល់​ជីវភាព​គ្រួសារ អ្នក​ដែល​ដាក់ពាក្យ​​ធ្វើ​ការងារ​សាកល្បង​ជា​ដើម ដែល​ចំណុច​ទាំង​នេះ​បាន​បង្ហាញ​ពី​ទំនោរ​​ជា​អ្នក​មាន​ជំនាញ​ឯកទេស។

តាមពិត​ទ្រឹស្ដី “jack of all trades” នេះ​គឺ​​បង្កើត​ឡើង​ដោយ​​លោក​ Edward P. Lazear សេដ្ឋកិច្ចវិទូ​ជនជាតិ​អាមេរិក​​មក​ពី​​សាកលវិទ្យាល័យ Standford។ ក្នុង​រយៈពេល​ស្រាវជ្រាវ​រាប់​សិប​ឆ្នាំ​ទៅ​លើ​និស្សិត​ដែល​បាន​បញ្ចប់​ថ្នាក់​សិក្សា​នៅ​ថ្នាក់​អនុបណ្ឌិត​ខាង​អាជីវកម្ម (MBA) លោក​បាន​រក​ឃើញ​ថា និស្សិត​​ម្នាក់​ដែល​​រៀន​​មុខវិជ្ជា​ជា​ច្រើន និង​​ធ្វើ​ការងារ​ផ្សេង​ៗ​គ្នា​ ទំនង​មាន​ឱកាស​ក្លាយ​ជា​អ្នក​ជំនួញ​ជាង​អ្នក​ដែល​រៀន​តែ​ជំនាញ​ឯកទេស។ ​​​​

ឆ្លើយតប​ទៅ​នឹង​ការ​​ស្រាវជ្រាវ​របស់​​សេដ្ឋកិច្ចវិទូ​ខាងលើ​នេះ ការ​ស្រាវជ្រាវ​​សាកលវិទ្យាល័យ​ហ្ស៊ួរិច (University of Zurich) ក៏​បាន​បន្ថែម ទៀត​ដែរ​ថា សហគ្រិន​មិន​ត្រឹម​ជា​អ្នក​ដែល​មាន​ចំណេះដឹង​លើ​ជំនាញ​ជា​ច្រើន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អ្នក​ដែល​មាន​បណ្ដាញ​ទំនាក់ទំនង​​ល្អ​យ៉ាង​ច្រើន​ផង​ដែរ​ដូច​ជា ​ជាមួយ​មិត្រភក្ដិ គ្រួសារ និង​ដៃគូ​ជំនួញ​ដែល​ពួកគេ​អាច​ពឹងពាក់​បាន​នៅ​ពេល​បើក​អាជីវកម្ម។ ​

ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​នេះ​បាន​បកស្រាយ​ទៀត​ថា ការ​មាន​បណ្ដាញ​ទំនាក់ទំនង​ល្អ​នៅ​ក្នុង​សង្គម​គឺ​មាន​គុណសម្បត្តិ​ធំធេង​ណាស់​ពី​ព្រោះ​ថា បើ​អ្នក​មាន​បណ្ដាញ​​ទំនាក់ទំនង​ល្អៗ​​កាន់តែ​ច្រើន​ អ្នក​កាន់តែ​ទទួល​បាន​គំនិត​ថ្មីៗ​កាន់តែ​ច្រើន​ផង​ដែរ​​ដែល​​ធ្វើ​ឲ្យ​អ្នក​សម្រេច​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម៕

Loading...